ជ័យជំនះលើជនជាតិកាណាន1 ស្តេចក្រុងអើរ៉ាត គឺស្តេចរបស់ជនជាតិកាណាន ដែលនៅតំបន់ណេកិបបានឮដំណឹងថា ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្តេចក៏លើកទ័ពមកវាយអ៊ីស្រអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ 2 ពេលនោះ ជនជាតិអ៊ីស្រអែលទូរអាអុលឡោះតាអាឡាថា៖ «ប្រសិនបើអុលឡោះប្រគល់ជនជាតិនោះមកក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេជូនផ្តាច់ដល់អុលឡោះ»។ 3 អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យរបស់អ៊ីស្រអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។ ពស់ភ្លើង4 ជនជាតិអ៊ីស្រអែលចេញដំណើរពីភ្នំហោរតាមផ្លូវសមុទ្រក្រហម ដើម្បីវាងស្រុកអេដុម។ តាមផ្លូវប្រជាជនបាក់ទឹកចិត្ត 5 ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។ 6 ពេលនោះ អុលឡោះតាអាឡាក៏ធ្វើឲ្យមានពស់ភ្លើងមកចឹកពួកគេ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើនក្នុងចំណោមជនជាតិអ៊ីស្រអែល។ 7 ប្រជាជននាំគ្នាទៅជួបម៉ូសា ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាអង្វរអុលឡោះតាអាឡា សូមទ្រង់បណ្តេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ ម៉ូសាក៏ទូរអាអង្វរអុលឡោះឲ្យប្រជាជន។ 8 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរធ្វើរូបពស់ភ្លើង ព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់អ្នកនោះនឹងរួចជីវិត»។ 9 ម៉ូសាយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។ អ៊ីស្រអែលវាយយកទឹកដីខាងកើតទន្លេយ័រដាន់10 ជនជាតិអ៊ីស្រអែលនាំគ្នាចេញដំណើរទៅ ហើយបោះជំរំនៅអូបុត។ 11 ពួកគេចាកចេញពីអូបុត ទៅបោះជំរំនៅអ៊ីយេ–អាបារីម ក្នុងវាលរហោស្ថាននៅខាងកើតស្រុកម៉ូអាប់។ 12 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅជ្រលងភ្នំសេរេដ។ 13 ពួកគេចាកចេញពីទីនោះ ទៅបោះជំរំនៅខាងនាយស្ទឹងអើណូន ដែលហូរចេញពីស្រុកអាម៉ូរី កាត់តាមវាលរហោស្ថាន។ ស្ទឹងអើណូនជាព្រំដែនរបស់ស្រុកម៉ូអាប់ និងស្រុកអាម៉ូរី។ 14 ហេតុនេះហើយបានជាមានចារទុកនៅក្នុងសៀវភៅ «សង្គ្រាមរបស់អុលឡោះតាអាឡា» ស្តីអំពីស្ទឹងវ៉ាហេប ក្នុងស្រុកស៊ូផា និងអូរទាំងឡាយដែលហូរចាក់ទៅក្នុងស្ទឹងនោះស្ទឹងអើណូន 15 ព្រមទាំងស្ទឹងដងអូរឯទៀតៗ ដែលហូរកាត់តាមក្រុងអើរ ហើយធ្វើជាព្រំប្រទល់របស់ស្រុកម៉ូអាប់។ 16 បន្ទាប់មក ពួកគេធ្វើដំណើរទៅដល់បៀរ គឺត្រង់អណ្តូងទឹកដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាឲ្យប្រមូលប្រជាជន ដើម្បីប្រទានទឹកឲ្យពួកគេ។ 17 នៅទីនោះជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងចំរៀងមួយបទដូចតទៅ: «អណ្តូងទឹកអើយ ចូរឲ្យមានទឹកផុសឡើង! ចូរបន្លឺសំឡេងអបអរ! 18 អណ្តូងដែលពួកមេដឹកនាំបានខួង អណ្តូងដែលពួកវិរជនបានជីក ដោយប្រើដំបងរាជ្យ និងឈើច្រត់!»។ 19 បន្ទាប់មក ពួកគេចេញដំណើរពីវាលរហោស្ថានឆ្ពោះទៅម៉ាថាណា ពីម៉ាថាណា ទៅណាហាលាល ពីណាហាលាល ទៅបាម៉ុត 20 ពីបាម៉ុតទៅជ្រលងភ្នំដែលស្ថិតនៅវាលស្រុកម៉ូអាប់ ហើយទៅដល់កំពូលភ្នំពីស្កា ដែលស្ថិតនៅពីលើវាលរហោស្ថាន។ 21 ជនជាតិអ៊ីស្រអែលចាត់អ្នកនាំសារឲ្យទៅជួបស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី ប្រាប់ថា៖ 22 «យើងខ្ញុំសូមអនុញ្ញាតឆ្លងកាត់ស្រុករបស់ស្តេច យើងខ្ញុំនឹងមិនចូលទៅក្នុងស្រែ ឬចម្ការទំពាំងបាយជូរទេ ហើយយើងខ្ញុំក៏មិនផឹកទឹក ពីអណ្តូងរបស់ស្តេចដែរ។ យើងខ្ញុំគ្រាន់តែដើរតាមផ្លូវធំ រហូតដល់ឆ្លងផុតទឹកដីរបស់ស្តេច»។ 23 ស្តេចស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្តេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រអែលនៅវាលរហោស្ថាន គឺស្តេចវាយប្រហារជនជាតិអ៊ីស្រអែលនៅយ៉ាហាស់។ 24 ជនជាតិអ៊ីស្រអែលបានប្រហារស្តេចស៊ីហុន ដោយមុខដាវ ហើយចាប់យកទឹកដីរបស់ស្តេចចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក និងរហូតដល់ព្រំប្រទល់ស្រុកអាំម៉ូន ដែលមានកំពែងដ៏រឹងមាំ។ 25 ជនជាតិអ៊ីស្រអែលដណ្តើមយកបានក្រុងទាំងប៉ុន្មាន នៅស្រុកអាម៉ូរី ហើយរស់នៅក្នុងក្រុងទាំងនោះ គឺក្រុងហែសបូន និងស្រុកភូមិដែលនៅជុំវិញ។ 26 ក្រុងហែសបូនជារាជធានីរបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី។ ស្តេចស៊ីហុនបានច្បាំងជាមួយស្តេចរបស់ជនជាតិម៉ូអាប់ ដែលសោយរាជ្យមុន ហើយដណ្តើមយកទឹកដីទាំងមូលរបស់ស្តេចស្រុកម៉ូអាប់។ ទឹកដីនោះលាតសន្ធឹង រហូតដល់ស្ទឹងអើណូន។ 27 ហេតុនេះ ហើយបានជាពួកកវីតែងពោលថា៖ ចូរនាំគ្នាមកហែសបូន! ចូរសង់ក្រុងរបស់ស្តេចស៊ីហុន ហើយរៀបចំឲ្យបានដូចដើមឡើងវិញ! 28 ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្តាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។ 29 ម៉ូអាប់អើយ អ្នកត្រូវវេទនាហើយ! ប្រជាជនដែលថ្វាយបង្គំព្រះកេម៉ូសអើយ អ្នកអន្តរាយហើយ! ព្រះនេះបានធ្វើឲ្យកូនប្រុសរបស់ខ្លួន រត់ខ្ចាត់ខ្ចាយ ហើយប្រគល់កូនស្រី របស់ខ្លួនទៅជាឈ្លើយរបស់ស្តេចស៊ីហុន ជាស្តេចស្រុកអាម៉ូរី! 30 ពួកយើងបានបាញ់ព្រួញទៅលើពួកគេ យើងបានកំទេចស្រុករបស់ពួកគេ ចាប់ពីក្រុងហែសបូន រហូតដល់ក្រុងឌីបូន យើងបានបំផ្លាញស្រុករបស់ពួកគេ រហូតដល់ក្រុងណូផា ដែលនៅជាប់នឹងក្រុងមេឌីបា។ 31 ជនជាតិអ៊ីស្រអែលនាំគ្នាតាំងទីលំនៅ នៅក្នុងស្រុកអាម៉ូរី។ 32 ម៉ូសាបានចាត់គេឲ្យទៅសង្កេតការណ៍នៅក្រុងយ៉ាស៊ើរ ហើយជនជាតិអ៊ីស្រអែលវាយដណ្តើមយកក្រុង និងស្រុកភូមិដែលនៅជុំវិញ ព្រមទាំងដេញជនជាតិអាម៉ូរីចេញពីទឹកដីនោះ។ 33 បន្ទាប់មក ជនជាតិអ៊ីស្រអែលនាំគ្នាដូរទិស ហើយបន្តដំណើរតាមផ្លូវឆ្ពោះទៅស្រុកបាសាន។ ស្តេចអុក ស្តេចស្រុកបាសាន បានលើកទ័ពទាំងមូលរបស់ខ្លួនចេញមកវាយអ៊ីស្រអែលនៅអេទ្រី។ 34 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតយើងប្រគល់ស្តេចនេះ និងកងទ័ពទាំងមូល ព្រមទាំងស្រុករបស់គេមកក្នុងកណ្តាប់ដៃអ្នកហើយ។ ចូរប្រព្រឹត្តចំពោះស្តេចនេះដូចអ្នកបានប្រព្រឹត្តចំពោះស៊ីហុន ជាស្តេចស្រុកអាម៉ូរី ដែលរស់នៅស្រុកហែសបូនដែរ»។ 35 ជនជាតិអ៊ីស្រអែលក៏វាយស្តេចអុក ព្រមទាំងបុត្ររបស់ស្តេច និងកងទ័ពទាំងមូល ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ បន្ទាប់មក ពួកគេកាន់កាប់ស្រុករបស់ស្តេចនោះ។ |
© 2014 United Bible Societies, UK.
United Bible Societies