ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ យ៉ូហាន 3 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ យ៉ូហាន 3

1 មើល៍! ព្រះ​បិតា​បាន​ប្រទាន​សេចក្ដីស្រឡាញ់​យ៉ាងណា​ដល់​យើង ដែល​យើង​ត្រូវបាន​ហៅថា “កូន​របស់​ព្រះ” ហើយ​យើង​ពិតជា​កូន​របស់​ព្រះ​មែន‍។ នេះជាហេតុ​ដែល​ពិភពលោក​មិន​ស្គាល់​យើង គឺ​ពីព្រោះ​ពិភពលោក​មិន​ស្គាល់​ព្រះបិតា​។

2 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។

3 អស់អ្នក​ដែល​មាន​សេចក្ដីសង្ឃឹម​នេះ​លើ​ព្រះអង្គ ក៏​ជម្រះ​ខ្លួនឯង​ឲ្យបរិសុទ្ធ ដូចដែល​ព្រះអង្គ​ទ្រង់​បរិសុទ្ធ​ដែរ។

4 អស់អ្នក​ដែល​ប្រព្រឹត្តបាប កំពុង​ប្រព្រឹត្ត​អំពើឥតច្បាប់ ដ្បិត​បាប​ជា​ការឥតច្បាប់​។

5 អ្នករាល់គ្នា​ដឹង​ហើយ​ថា ព្រះគ្រីស្ទ​បាន​លេចមក ដើម្បី​យក​បាប​ចេញ ហើយ​នៅក្នុង​ព្រះអង្គ​គ្មាន​បាប​ឡើយ​។

6 អស់អ្នក​ដែល​ស្ថិតនៅ​ក្នុង​ព្រះអង្គ មិន​បន្ត​ប្រព្រឹត្តបាប​ទេ រីឯ​អស់អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប មិន​បាន​ឃើញ​ព្រះអង្គ​ឡើយ ហើយក៏មិន​បាន​ស្គាល់​ព្រះអង្គ​ដែរ​។

7 កូន‍រាល់គ្នា​អើយ កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ឡើយ​! អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ជា​មនុស្ស​សុចរិត ដូចដែល​ព្រះអង្គ​ទ្រង់​សុចរិត​ដែរ​។

8 អ្នក​ដែល​បន្ត​ប្រព្រឹត្តបាប ជារបស់​មារ ពីព្រោះ​មារ​បាន​ប្រព្រឹត្តបាប​តាំងពី​ដើមដំបូង​មក​។ ហេតុនេះហើយបានជា​ព្រះបុត្រារបស់ព្រះ​លេចមក ដើម្បី​បំផ្លាញ​កិច្ចការ​របស់​មារ​។

9 អស់អ្នក​ដែល​កើតមក​ពី​ព្រះ មិន​បន្ត​ប្រព្រឹត្តបាប​ទេ ពីព្រោះ​គ្រាប់ពូជ​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​អ្នកនោះ​; អ្នកនោះ​មិនអាច​បន្ត​ប្រព្រឹត្តបាប​បានឡើយ ពីព្រោះ​គាត់​បាន​កើតមក​ពី​ព្រះ​។

10 ដោយសារតែការនេះ ធ្វើឲ្យ​ជាក់ច្បាស់​ថា អ្នកណាជា​កូន​របស់​ព្រះ ហើយ​អ្នកណាជា​កូន​របស់​មារ​។ អស់អ្នក​ដែល​មិន​ប្រព្រឹត្តតាម​សេចក្ដីសុចរិត មិនមែន​ជារបស់​ព្រះ​ទេ ហើយ​អ្នក​ដែល​មិន​ស្រឡាញ់​បងប្អូន​របស់​ខ្លួន ក៏​មិនមែន​ជារបស់​ព្រះ​ដែរ​។

សេចក្ដីបង្គាប់ឲ្យស្រឡាញ់

11 ដ្បិត​នេះ​ជា​សារ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាំងពី​ដំបូង​មក គឺឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក​។

12 កុំ​ធ្វើ​ដូច​កាអ៊ីន​ដែល​ជារបស់​មេអាក្រក់ ហើយ​បាន​សម្លាប់​ប្អូនប្រុស​របស់​ខ្លួន​ឡើយ​។ ហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ​? ពីព្រោះ​អំពើ​របស់​គាត់​អាក្រក់ រីឯ​អំពើ​របស់​ប្អូនប្រុស​គាត់​សុចរិត​។

13 បងប្អូន​អើយ ប្រសិនបើ​ពិភពលោក​ស្អប់​អ្នករាល់គ្នា នោះ​កុំ​ងឿងឆ្ងល់​ឡើយ​។

14 យើង​ដឹង​ហើយ​ថា យើង​បាន​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ ពីព្រោះ​យើង​ស្រឡាញ់​បងប្អូន​។ អ្នក​ដែល​មិន​ស្រឡាញ់ អ្នកនោះ​ស្ថិតនៅ​ក្នុង​សេចក្ដីស្លាប់‍។

15 អស់អ្នក​ដែល​ស្អប់​បងប្អូន​របស់​ខ្លួន គឺជា​ឃាតករ ហើយ​អ្នករាល់គ្នា​ដឹង​ហើយ​ថា ឃាតករ​ទាំងអស់​គ្មាន​ជីវិតអស់កល្បជានិច្ច​ស្ថិតនៅ​ក្នុង​ខ្លួន​ឡើយ។

ស្រឡាញ់ដោយការប្រព្រឹត្ត

16 យើង​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដោយសារតែការនេះ គឺ​ព្រះគ្រីស្ទ​បាន​លះបង់​ជីវិត​របស់​ព្រះអង្គ​សម្រាប់​យើង ដូច្នេះ​យើង​ក៏​ត្រូវតែ​លះបង់​ជីវិត​សម្រាប់​បងប្អូន​ដែរ​។

17 ប្រសិនបើ​អ្នកណា​មាន​ទ្រព្យសម្បត្តិ​ខាង​លោកីយ៍ ហើយ​ឃើញ​បងប្អូន​របស់​ខ្លួន​ខ្វះខាត ប៉ុន្តែ​បិទ​ដួងចិត្ត​របស់​ខ្លួន​ចំពោះ​គេ តើ​សេចក្ដីស្រឡាញ់របស់ព្រះ​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដូចម្ដេចកើត‍?

18 កូន​រាល់គ្នា​អើយ យើង​ត្រូវ​ស្រឡាញ់ មិនមែន​ដោយ​ពាក្យសម្ដី ឬ​បបូរមាត់​ទេ គឺ​ដោយ​ការប្រព្រឹត្ត និង​សេចក្ដីពិត​វិញ​។

19 ដោយសារតែការនេះ យើង​នឹង​ដឹង​ថា យើង​ជារបស់​សេចក្ដីពិត ហើយ​យើង​នឹង​ស្ងប់​ចិត្ត​នៅចំពោះ​ព្រះ

20 ទោះបីជា​ចិត្ត​របស់យើង​ចោទប្រកាន់​យើង​ក៏ដោយ ដ្បិត​ព្រះ​ធំជាង​ចិត្ត​របស់យើង​ទៅទៀត ហើយ​ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់​។

21 អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ចិត្ត​របស់យើង​មិន​ចោទប្រកាន់​យើង​ទេ យើង​មាន​ភាពក្លាហាន​នៅចំពោះ​ព្រះ

22 ហើយ​អាច​ទទួល​ពី​ព្រះអង្គ​នូវ​អ្វីក៏ដោយដែល​យើង​ទូល​សុំ ពីព្រោះ​យើង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ និង​ប្រព្រឹត្ត​អ្វី​ដែល​គាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។

23 នេះ​ជា​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺឲ្យ​យើង​ជឿ​លើ​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​ស្រឡាញ់​គ្នាទៅវិញទៅមក តាម​សេចក្ដីបង្គាប់​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង។

24 អ្នក​ដែល​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ គឺ​ស្ថិតនៅ​ក្នុង​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ស្ថិតនៅ​ក្នុង​អ្នកនោះ​ដែរ​។ យើង​ដឹង​ថា​ព្រះអង្គ​ស្ថិតនៅ​ក្នុង​យើង​ដោយសារតែការនេះ គឺ​ដោយសារតែ​ព្រះវិញ្ញាណ​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative