ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ធីម៉ូថេ 5 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ ធីម៉ូថេ 5

1 កុំ​ស្ដីបន្ទោស​បុរសចំណាស់​ឡើយ ផ្ទុយទៅវិញ ចូរ​អង្វរ​គាត់​ទុកដូចជា​ឪពុក​។ ចំពោះ​បុរស​ក្មេង ចូរចាត់ទុកពួកគេ​ដូចជា​ប្អូនប្រុស

2 ស្ត្រីចំណាស់​ទុកដូចជា​ម្ដាយ ហើយ​ស្ត្រី​ក្មេង​ទុកដូចជា​ប្អូនស្រី​ដោយ​សេចក្ដីបរិសុទ្ធ​ទាំងស្រុង​។

ការជួយស្ត្រីមេម៉ាយ

3 ចូរ​គោរព​ស្ត្រីមេម៉ាយ ដែល​ពិតជា​មេម៉ាយ​មែន​។

4 ប៉ុន្តែ​ប្រសិនបើ​ស្ត្រីមេម៉ាយ​ណាម្នាក់​មាន​កូន ‍ឬ​ចៅ នោះ​ចូរឲ្យ​ពួកគេ​រៀនឲ្យចេះ​បង្ហាញភាពកតញ្ញូ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ជាមុនសិន ព្រមទាំង​សងគុណ​ដល់​ឪពុកម្ដាយ​ផង ដ្បិត​ការនេះ​ជា​ទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះ​។

5 ចំពោះ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​ដែល​រស់នៅតែឯង គេ​សង្ឃឹម​លើ​ព្រះ ហើយ​នៅជាប់ក្នុង​សេចក្ដីទូលអង្វរ និង​សេចក្ដីអធិស្ឋាន​ទាំងយប់ទាំងថ្ងៃ

6 រីឯ​ស្ត្រីមេម៉ាយ​ដែល​រស់នៅតាមអំពើចិត្ត ទោះបីជា​នៅរស់​ក៏ដោយ ក៏​ដូចជា​ស្លាប់​ហើយ​។

7 ចូរ​បង្គាប់​សេចក្ដីទាំងនេះ​ដែរ ដើម្បីឲ្យ​ពួកគេ​ទៅជា​ឥតកន្លែងបន្ទោសបាន​។

8 ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។

9 ស្ត្រីមេម៉ាយ​ដែល​រាប់ចូលក្នុងបញ្ជី ត្រូវ​មាន​អាយុ​មិន​តិចជាង​ហុកសិប​ឆ្នាំ ជា​ប្រពន្ធ​របស់​ប្ដី​តែម្នាក់

10 ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។

11 ចំពោះ​ស្ត្រីមេម៉ាយ​វ័យក្មេង​វិញ ត្រូវ​បដិសេធ​កុំឲ្យរាប់ចូលក្នុងបញ្ជីឡើយ​។ ដ្បិត​កាលណា​ពួកនាង​បែរចេញពី​ព្រះ​គ្រីស្ទ​ដោយមានចិត្តស្រើបស្រាល ពួកនាង​ក៏​ចង់​រៀបការ​។

12 ដូច្នេះ ពួកនាង​ត្រូវបានផ្ដន្ទាទោស ពីព្រោះ​ពួកនាង​បាន​បោះបង់ចោល​ពាក្យសម្បថ​ដើម​របស់ខ្លួន​។

13 លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។

14 ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​ស្ត្រីមេម៉ាយ​វ័យក្មេង​រៀបការ បង្កើតកូន ហើយ​មើលខុសត្រូវក្នុងផ្ទះ ដើម្បី​កុំឲ្យ​ផ្ដល់​ឱកាស​ដល់​អ្នក​ដែល​រករឿង​បាន​ត្មះតិះដៀល​ឡើយ​។

15 ដ្បិត​មាន​អ្នកខ្លះ​បាន​បែរ​ទៅតាម​សាតាំង​ហើយ​។

16 ប្រសិនបើ​ស្ត្រី​ជា​អ្នកជឿ​ណាម្នាក់​មាន​សាច់ញាតិជា​ស្ត្រីមេម៉ាយ ស្ត្រីនោះ​ត្រូវ​ជួយ​ស្ត្រីមេម៉ាយទាំងនោះ កុំ​ដាក់បន្ទុក​លើ​ក្រុមជំនុំ​ឡើយ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ជួយ​ស្ត្រីមេម៉ាយ​ពិតប្រាកដ​។

ការគោរពចាស់ទុំ

17 ចំពោះ​ចាស់ទុំ​ដែល​គ្រប់គ្រង​បាន​ល្អ ត្រូវ​រាប់​អ្នកនោះ​ថាស័ក្ដិសម​នឹង​កិត្តិយស​ទ្វេដង ជាពិសេស​ចាស់ទុំ​ដែល​ធ្វើការនឿយហត់​ក្នុង​ការប្រកាសព្រះបន្ទូល និង​ការបង្រៀន​។

18 ជាការពិត ព្រះគម្ពីរ​ចែងថា​: “កុំ​ឃ្លុំមាត់​គោ ពេល​វា​កំពុង​បញ្ជាន់ស្រូវ​ឡើយ” ហើយ​ថា​:“អ្នកធ្វើការ​សម​នឹង​ទទួល​ឈ្នួល​របស់​ខ្លួន”។

19 កុំ​ទទួលយក​ពាក្យចោទប្រកាន់​ទាស់នឹង​ចាស់ទុំ​ឡើយ លើកលែងតែ​មាន​សាក្សី​ពីរ ឬ​បី​នាក់​។

20 ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។

21 ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​បណ្ដា​ទូតសួគ៌​ដែល​ត្រូវបានជ្រើសតាំង​ថា អ្នក​ត្រូវ​កាន់តាម​សេចក្ដីទាំងនេះ​ដោយគ្មាន​ការរើសមុខ ទាំង​មិន​ធ្វើ​អ្វី​ដោយ​ភាពលំអៀង​ឡើយ​។

22 កុំ​ដាក់​ដៃ​លើ​អ្នកណា​ជាប្រញាប់​ឡើយ ហើយក៏កុំឲ្យ​មានចំណែក​ក្នុង​បាប​របស់​អ្នកដទៃ​ដែរ​។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​។

23 កុំ​ផឹក​តែ​ទឹក​ទៀតឡើយ តែ​ចូរ​ផឹក​ស្រាទំពាំងបាយជូរ​បន្តិច​សម្រាប់​ក្រពះ និង​សម្រាប់​ជំងឺ​របស់អ្នក​ដែលមាន​ជាញឹកញាប់​។

24 បាប​របស់​អ្នកខ្លះ​ជាក់ច្បាស់ ដែល​នាំមុខ​គេ​ទៅ​ការជំនុំជម្រះ រីឯ​បាប​របស់​អ្នកខ្លះទៀត​លេចមកនៅពេលក្រោយ​។

25 អំពើល្អ​ក៏​ជាក់ច្បាស់​ដូចគ្នាដែរ ហើយ​អំពើ​ណា​ដែល​មិនជាក់ច្បាស់ ក៏​មិនអាច​លាក់បាំង​បានឡើយ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative