ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ កូរិន‌ថូស 12 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
១ កូរិន‌ថូស 12

អំណោយទានខាងវិញ្ញាណ

1 បងប្អូន​អើយ ចំពោះ​សេចក្ដី​ខាងវិញ្ញាណ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​នោះ​ឡើយ​។

2 អ្នករាល់គ្នា​ដឹង​ហើយ​ថា កាល​អ្នករាល់គ្នា​ជា​សាសន៍ដទៃ​នៅឡើយ អ្នករាល់គ្នា​តែងតែ​ត្រូវគេ​នាំទៅ​រក​រូបបដិមាករ​ដែល​មិនចេះនិយាយ មិនថា​ត្រូវបាន​នាំទៅ​ដោយ​របៀបយ៉ាងណាក៏ដោយ​។

3 ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា គ្មានអ្នកណា​ដែល​និយាយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ អាច​និយាយថា​៖ “សូមឲ្យ​ព្រះយេស៊ូវ​ត្រូវ​បណ្ដាសា” បាន​ឡើយ ហើយក៏​គ្មានអ្នកណា​អាច​និយាយថា​៖ “ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់” បាន​ដែរ ប្រសិនបើ​មិនមែន​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។

4 អំណោយទាន​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះវិញ្ញាណ​គឺ​តែមួយ​;

5 ការងារបម្រើ​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះអម្ចាស់​គឺ​តែមួយ​;

6 សកម្មភាព​មាន​ប្រភេទផ្សេងៗ ប៉ុន្តែ​ព្រះ​ដែល​ធ្វើសកម្មភាព​គ្រប់យ៉ាង​ក្នុង​មនុស្ស​ទាំងអស់ គឺ​តែមួយ​។

7 យ៉ាងណាមិញ ព្រះវិញ្ញាណ​ត្រូវបាន​សម្ដែង​ក្នុង​ម្នាក់ៗ ដើម្បី​ជាប្រយោជន៍ គឺ​:

8 ពាក្យសម្ដី​ប្រកបដោយ​ប្រាជ្ញា​បាន​ប្រទាន​ដល់​ម្នាក់ តាមរយៈ​ព្រះវិញ្ញាណ ហើយ​ពាក្យសម្ដី​ប្រកបដោយ​ចំណេះដឹង​បាន​ប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល​;

9 ជំនឿ​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល ហើយ​អំណោយទាន​នៃ​ការប្រោសឲ្យជា​បានប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​តែមួយ​;

10 សកម្មភាព​នៃ​ព្រះចេស្ដា​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការថ្លែងព្រះបន្ទូល​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការពិសោធ​វិញ្ញាណ​បានប្រទាន​ដល់​ម្នាក់ទៀត ភាសាដទៃ​ផ្សេងៗ​បានប្រទាន​ដល់​ម្នាក់ទៀត ហើយ​អំណោយទាននៃ​ការបកប្រែ​ភាសាដទៃ​បានប្រទាន​ដល់​ម្នាក់ទៀត​។

11 ទោះបីជាយ៉ាងណាក៏ដោយ គឺ​ព្រះវិញ្ញាណ​តែមួយ​ដដែល​នោះ​ឯង ដែល​ធ្វើសកម្មភាព​ទាំងអស់​នេះ ទាំង​ចែក​ដល់​ម្នាក់ៗ​រៀងៗខ្លួន តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

រូបកាយគឺតែមួយ

12 ជាការពិត ដូចដែល​រូបកាយ​មាន​តែមួយ ប៉ុន្តែ​អវយវៈ​មាន​ច្រើន គឺ​ទោះបីជា​អវយវៈ​ទាំងអស់​របស់​រូបកាយ​មាន​ច្រើន​ក៏ដោយ ក៏​គង់តែ​ជា​រូបកាយ​មួយ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​យ៉ាងនោះ​ដែរ

13 ដ្បិត​យើង​ទាំងអស់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ទៅក្នុង​រូបកាយ​តែមួយ​ដោយ​ព្រះវិញ្ញាណ​តែមួយ​——​មិនថា​ជនជាតិយូដា​ក្ដី សាសន៍ដទៃ​ក្ដី ទាសករ​ក្ដី មនុស្សមានសេរីភាព​ក្ដី គឺ​យើង​គ្រប់គ្នា​បាន​ប្រទានឲ្យផឹក​ពី​ព្រះវិញ្ញាណ​តែមួយ​។

14 ដូច្នេះ រូបកាយ​មួយ​មិនមែន​មាន​អវយវៈ​តែ​មួយ​ប៉ុណ្ណោះ​ទេ គឺ​មាន​អវយវៈ​ច្រើន​។

15 ប្រសិនបើ​ជើង​និយាយថា​៖ “ខ្ញុំ​មិនមែន​ជារបស់​រូបកាយ​ទេ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​ដៃ” តើ​វា​មិនមែន​ជារបស់​រូបកាយ ដោយ​ហេតុផល​នេះ​ឬ​?

16 ប្រសិនបើ​ត្រចៀក​និយាយថា​៖ “ខ្ញុំ​មិនមែន​ជារបស់​រូបកាយ​ទេ ពីព្រោះ​ខ្ញុំ​មិនមែន​ជា​ភ្នែក” តើ​វា​មិនមែន​ជារបស់​រូបកាយ ដោយ​ហេតុផល​នេះ​ឬ​?

17 ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់ណា​? ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ត្រចៀក តើ​នឹង​ដឹងក្លិន​នៅ​ត្រង់ណា​?

18 ប៉ុន្តែ​តាមពិត ព្រះ​បាន​ដាក់​អវយវៈ​នីមួយៗ​នៅក្នុង​រូបកាយ តាមដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

19 ប្រសិនបើ​ទាំងអស់​សុទ្ធតែ​ជា​អវយវៈ​តែមួយ តើ​រូបកាយ​នៅ​ឯណា​?

20 ប៉ុន្តែ​ឥឡូវនេះ ទោះបីជា​អវយវៈ​មាន​ច្រើន​ក៏ដោយ ក៏​រូបកាយ​មាន​តែមួយ​ទេ​។

21 ដូច្នេះ ភ្នែក​មិនអាច​និយាយ​នឹង​ដៃ​ថា​៖ “ខ្ញុំ​មិន​ត្រូវការ​ឯង​!” បានទេ ហើយ​ក្បាល​ក៏មិន​អាច​និយាយ​នឹង​ជើង​ថា​៖ “ខ្ញុំ​មិន​ត្រូវការ​ឯង​!” បាន​ដែរ​។

22 ផ្ទុយទៅវិញ អវយវៈ​ក្នុង​រូបកាយ​ដែល​មើលទៅដូចជា​ខ្សោយ គឺ​ចាំបាច់​ជាងគេ

23 ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត

24 រីឯ​អវយវៈ​របស់យើង​ដែល​សមរម្យ យើង​មិន​ចាំបាច់​បន្ថែមអ្វី​ទេ​។ យ៉ាងណាមិញ ព្រះ​បាន​ផ្គុំ​រូបកាយ ដោយ​ប្រទាន​ភាពថ្លៃថ្នូរ​ឲ្យ​រឹតតែច្រើន​ដល់​អវយវៈ​ដែល​ខ្វះខាត

25 ដើម្បីកុំឲ្យ​មាន​ការបាក់បែកគ្នា​នៅក្នុង​រូបកាយ គឺ​ឲ្យ​អវយវៈ​ទាំងប៉ុន្មាន​មានការយកចិត្តទុកដាក់​ដូចគ្នា ចំពោះ​គ្នាទៅវិញទៅមក​។

26 ប្រសិនបើ​អវយវៈ​ណាមួយ​រងទុក្ខ អវយវៈ​ទាំងអស់​ក៏​រងទុក្ខជាមួយ​ដែរ​; ប្រសិនបើ​អវយវៈ​ណាមួយ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង អវយវៈ​ទាំងអស់​ក៏​អបអរជាមួយ​ដែរ​។

27 អ្នករាល់គ្នា​ជា​រូបកាយ​របស់​ព្រះ​គ្រីស្ទ ហើយ​ម្នាក់ៗ​ជា​អវយវៈ​របស់រូបកាយនោះ​។

28 ក្នុង​ក្រុមជំនុំ ព្រះ​បាន​តែងតាំង​អ្នកខ្លះ ជាដំបូង​គឺ​សាវ័ក ទីពីរ​គឺ​អ្នកថ្លែងព្រះបន្ទូល ទីបី​គឺ​គ្រូបង្រៀន បន្ទាប់មក​គឺ​ការអស្ចារ្យ បន្ទាប់មកទៀត​គឺ​អំណោយទាន​នៃ​ការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និង​ភាសាដទៃ​ផ្សេងៗ​។

29 តើ​ទាំងអស់គ្នា​ជា​សាវ័ក​ឬ​? តើ​ទាំងអស់គ្នា​ជា​អ្នកថ្លែងព្រះបន្ទូល​ឬ​? តើ​ទាំងអស់គ្នា​ជា​គ្រូបង្រៀន​ឬ​? តើ​ទាំងអស់គ្នា​ធ្វើ​ការអស្ចារ្យ​ឬ​?

30 តើ​ទាំងអស់គ្នា​មាន​អំណោយទាន​នៃ​ការប្រោសឲ្យជា​ឬ​? តើ​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ឬ​? តើ​ទាំងអស់គ្នា​បកប្រែ​ភាសាដទៃ​ឬ​?

31 ចូរ​ប្រាថ្នាចង់បាន​អំណោយទាន​ដែល​ប្រសើរជាង​ចុះ​; ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​មាគ៌ា​ដ៏វិសេសជាង​ទៅទៀត​។

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative