សត្វឡេវីអាថានត្រូវបានសម្លាប់1 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងដាក់ទោសសត្វឡេវីអាថានជាពស់ដែលរត់គេច គឺសត្វឡេវីអាថានជាពស់ក្ងិចក្ងក់ ដោយដាវរបស់ព្រះអង្គ ជាដាវដ៏សាហាវ ដ៏មហិមា និងដ៏ខ្លាំងពូកែ ហើយព្រះអង្គនឹងសម្លាប់សត្វធំសម្បើមនោះដែលនៅក្នុងសមុទ្រ។ ចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ា2 នៅថ្ងៃនោះ នឹងមានចម្ការទំពាំងបាយជូរដ៏ល្អមួយ ចូរច្រៀងអំពីនាងថា: 3 យើងជាយេហូវ៉ា ដែលថែរក្សានាង យើងនឹងស្រោចនាងគ្រប់ពេលវេលា ហើយថែរក្សានាងទាំងយប់ទាំងថ្ងៃ ក្រែងលោគេបង្ខូចនាង។ 4 គ្មានសេចក្ដីក្ដៅក្រហាយក្នុងយើងឡើយ ប៉ុន្តែបើមានអ្នកណាផ្ដល់អញ្ចាញ និងបន្លាដល់យើង យើងនឹងឈានទៅច្បាំងនឹងគេ យើងនឹងដុតគេជាមួយគ្នា។ 5 បើមិនដូច្នោះទេ ឲ្យគេកាន់ខ្ជាប់នូវការការពាររបស់យើង ដើម្បីឲ្យគេបានបង្កើតសន្តិភាពជាមួយយើង។ ចូរឲ្យគេបង្កើតសន្តិភាពជាមួយយើងចុះ! 6 នៅគ្រាដែលនឹងមកដល់ យ៉ាកុបនឹងចាក់ឫស អ៊ីស្រាអែលនឹងចេញពន្លក ហើយចេញផ្កា ព្រមទាំងបំពេញផ្ទៃផែនដីដោយផលផ្លែផង។ 7 តើព្រះអង្គបានវាយអ៊ីស្រាអែល ដូចដែលព្រះអង្គវាយអ្នកដែលវាយពួកគេឬ? តើព្រះអង្គបានពិឃាតអ៊ីស្រាអែល ដូចដែលព្រះអង្គពិឃាតអ្នកដែលពិឃាតពួកគេឬ? 8 ព្រះអង្គបានតតាំងនឹងពួកគេដោយការបណ្ដេញចេញ និងដោយការជម្លៀសពួកគេ នៅថ្ងៃនៃខ្យល់ទិសខាងកើត ព្រះអង្គបានដកពួកគេចេញដោយខ្យល់ដ៏សាហាវរបស់ព្រះអង្គ។ 9 ដូច្នេះ សេចក្ដីទុច្ចរិតរបស់យ៉ាកុបនឹងត្រូវបានលុបលាងដោយការនេះ ហើយការនេះជាផលពេញលេញពីការដកបាបរបស់ពួកគេចេញ គឺព្រះអង្គនឹងធ្វើឲ្យអស់ទាំងថ្មនៃអាសនាបានដូចជាដីសដែលខ្ទេចខ្ទី ក៏ធ្វើឲ្យរូបព្រះម៉ែអាសេរ៉ា និងអាសនាគ្រឿងក្រអូបនៅឈរមិនបាន។ 10 ដ្បិតទីក្រុងដ៏រឹងមាំនឹងទៅជាកណ្ដោចកណ្ដែង លំនៅនឹងត្រូវទុកចោល ហើយត្រូវបោះបង់ចោល ដូចទីរហោស្ថាន នៅទីនោះកូនគោនឹងស៊ីស្មៅ ហើយដេក ព្រមទាំងបំផ្លាញមែកឈើនៅទីនោះ។ 11 កាលណាមែករបស់វាក្រៀមស្វិត គេបំបាក់វា នោះពួកស្រីៗនឹងមកយកវាបង្កាត់ភ្លើង។ ដោយព្រោះប្រជាជននេះគ្មានការយល់ដឹង ដូច្នេះព្រះសូនបង្កើតរបស់គេនឹងមិនអាណិតអាសូរដល់គេឡើយ ព្រះអង្គដែលសូនគេឡើងនឹងមិនមេត្តាដល់គេឡើយ។ 12 នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងបោកបែន ចាប់ពីដៃទន្លេធំ រហូតដល់អូរនៃអេហ្ស៊ីប។ កូនចៅអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងត្រូវបានរើសសន្សំម្តងមួយៗ! 13 នៅថ្ងៃនោះ ស្នែងធំនឹងត្រូវបានផ្លុំឡើង នោះពួកអ្នកដែលបាត់នៅក្នុងដែនដីអាស្ស៊ីរី និងពួកអ្នកដែលត្រូវគេបណ្ដេញទៅដែនដីអេហ្ស៊ីបនឹងមក ហើយថ្វាយបង្គំព្រះយេហូវ៉ានៅលើភ្នំដ៏វិសុទ្ធនៅយេរូសាឡិម៕ |