ទីក្រុងនៃសេចក្ដីសុខសាន្ត1 សេចក្ដីដែលអេសាយកូនរបស់អ័ម៉ូសបានឃើញ ទាក់ទងនឹងយូដា និងយេរូសាឡិម: 2 នៅគ្រាចុងបញ្ចប់នឹងមានកើតឡើងដូច្នេះ: ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើង លើកំពូលភ្នំនានា ហើយត្រូវបានតម្កើងឡើង លើទីទួលទាំងឡាយ; ប្រជាជាតិទាំងអស់នឹងចូលហូរហែទៅទីនោះ។ 3 ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។ 4 ព្រះអង្គនឹងជំនុំជម្រះរវាងប្រជាជាតិទាំងនោះ ហើយសម្រេចសេចក្ដីឲ្យជាតិសាសន៍ជាច្រើន នោះពួកគេនឹងដំដាវរបស់ខ្លួនជាផាលនង្គ័ល ក៏នឹងដំលំពែងរបស់ខ្លួនជាកណ្ដៀវវិញ។ ប្រជាជាតិមួយនឹងមិនលើកដាវទាស់នឹងប្រជាជាតិមួយទៀតឡើយ ក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។ ថ្ងៃរបស់ព្រះអម្ចាស់5 វង្សត្រកូលយ៉ាកុបអើយ មក៍! យើងនាំគ្នាដើរក្នុងពន្លឺនៃព្រះយេហូវ៉ា! 6 ព្រះអង្គបានបោះបង់ចោលវង្សត្រកូលយ៉ាកុបប្រជារាស្ត្ររបស់ព្រះអង្គ ពីព្រោះពួកគេពេញដោយទំនៀមទម្លាប់ពីទិសខាងកើត គឺពួកគេមើលជោគរាសីដូចជាជនជាតិភីលីស្ទីន ព្រមទាំងចងសម្ពន្ធមិត្តជាមួយជនបរទេស។ 7 ទឹកដីរបស់ពួកគេពេញដោយមាស និងប្រាក់ ហើយទ្រព្យសម្បត្តិរបស់ពួកគេគ្មានដែនកំណត់ឡើយ; ទឹកដីរបស់ពួកគេពេញដោយសេះ ហើយរទេះចម្បាំងរបស់ពួកគេក៏គ្មានដែនកំណត់ដែរ។ 8 ទឹកដីរបស់ពួកគេពេញដោយរូបបដិមាករឥតប្រយោជន៍ ពួកគេថ្វាយបង្គំស្នាដៃរបស់ខ្លួន ដែលម្រាមដៃរបស់ខ្លួនបានធ្វើ។ 9 ដូច្នេះ មនុស្សលោកត្រូវបានបង្អោនចុះ មនុស្សជាតិត្រូវបានបន្ទាបចុះ។ សូមកុំលើកលែងទោសឲ្យពួកគេឡើយ! 10 ចូរចូលទៅក្នុងថ្មដា ចូរលាក់ខ្លួនក្នុងធូលីដី ពីការភិតភ័យចំពោះព្រះយេហូវ៉ា និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ។ 11 ភ្នែកក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបង្អោនចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ។ 12 ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ានៃពលបរិវារសម្រាប់ទាស់នឹងអស់អ្នកដែលក្រអឺតក្រទម និងឆ្មើងឆ្មៃ ព្រមទាំងទាស់នឹងអស់អ្នកដែលលើកតម្កើងខ្លួន នោះពួកគេនឹងត្រូវបានបន្ទាបចុះ 13 គឺទាស់នឹងអស់ទាំងដើមស៊ីដានៃលីបង់ ដែលខ្ពស់ ហើយត្រូវបានតម្កើងឡើង ទាស់នឹងអស់ទាំងដើមអូកនៃបាសាន 14 ទាស់នឹងអស់ទាំងភ្នំខ្ពស់ ទាស់នឹងអស់ទាំងទីទួលដែលត្រូវបានតម្កើងឡើង 15 ទាស់នឹងអស់ទាំងប៉មដ៏ខ្ពស់ ទាស់នឹងអស់ទាំងកំពែងដ៏រឹងមាំ 16 ទាស់នឹងអស់ទាំងនាវានៃតើស៊ីស ក៏ទាស់នឹងអស់ទាំងសំពៅដ៏ល្អប្រណិតដែរ។ 17 ភាពក្រអឺតក្រទមរបស់មនុស្សនឹងត្រូវបានបង្អោនចុះ ភាពឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបានបន្ទាបចុះ នោះមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលត្រូវបានលើកតម្កើងនៅថ្ងៃនោះ 18 រីឯបណ្ដារូបបដិមាករឥតប្រយោជន៍នឹងបាត់អស់រលីង។ 19 គេនឹងចូលទៅក្នុងរអាងថ្ម និងក្នុងរូងដី ដើម្បីរួចពីការភិតភ័យចំពោះព្រះយេហូវ៉ា និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គក្រោកឡើងដើម្បីធ្វើឲ្យផែនដីញ័ររន្ធត់។ 20 នៅថ្ងៃនោះ មនុស្សនឹងបោះចោលរូបបដិមាករឥតប្រយោជន៍ធ្វើពីមាស និងរូបបដិមាករឥតប្រយោជន៍ធ្វើពីប្រាក់របស់ខ្លួន ដែលពួកគេបានធ្វើសម្រាប់ខ្លួនឯងដើម្បីថ្វាយបង្គំនោះ ទៅឲ្យសត្វកំពីងដូង និងប្រចៀវ 21 ដើម្បីចូលទៅក្នុងក្រហែងថ្មដា និងក្នុងប្រឡោះផ្ទាំងថ្ម គឺដើម្បីរួចពីការភិតភ័យចំពោះព្រះយេហូវ៉ា និងពីអានុភាពនៃភាពឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គទ្រង់ក្រោកឡើងដើម្បីធ្វើឲ្យផែនដីញ័ររន្ធត់។ 22 ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃអ្វី?៕ |