អេសាយ 3 - ព្រះគម្ពីរខ្មែរសាកលពួកអ្នកដឹកនាំយូដាត្រូវបានជំនុំជម្រះ 1 មើល៍! ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ នឹងដកការផ្គត់ផ្គង់ និងទីពឹងផ្អែកចេញពីយេរូសាឡិម និងយូដា គឺដកចេញនូវអស់ទាំងការផ្គត់ផ្គង់ស្បៀងអាហារ និងការផ្គត់ផ្គង់ទឹកទាំងស្រុង 2 ក៏នឹងដកចេញនូវមនុស្សខ្លាំងពូកែ និងអ្នកចម្បាំង ចៅក្រម និងព្យាការី គ្រូទាយ និងចាស់ទុំ 3 មេទាហានលើហាសិបនាក់ និងអ្នកធំ ទីប្រឹក្សា និងសិប្បករជំនាញ ព្រមទាំងអ្នកប៉ិនប្រសប់ខាងមន្តអាគមផង។ 4 យើងនឹងឲ្យក្មេងៗធ្វើជាមេដឹកនាំរបស់ពួកគេ ហើយទារកនឹងគ្រប់គ្រងលើពួកគេ។ 5 ប្រជាជននឹងត្រូវបានសង្កត់សង្កិន គឺមនុស្សម្នាក់នឹងត្រូវបានសង្កត់សង្កិនដោយមនុស្សម្នាក់ទៀត ម្នាក់ៗនឹងត្រូវបានសង្កត់សង្កិនដោយអ្នកជិតខាងរបស់ខ្លួន; ពួកក្មេងៗនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងចាស់ៗ មនុស្សតូចទាបនឹងប្រព្រឹត្តយ៉ាងក្រអឺតក្រទមទាស់នឹងមនុស្សមានយសស័ក្ដិ។ 6 កាលណាមនុស្សម្នាក់ចាប់បងប្អូនរបស់ខ្លួនពីផ្ទះរបស់ឪពុកខ្លួន ដោយនិយាយថា៖ “អ្នកមានអាវវែង ដូច្នេះសូមធ្វើជាអ្នកដឹកនាំរបស់ពួកយើងផង! សូមឲ្យទីហិនហោចនេះនៅក្រោមអំណាចរបស់អ្នកចុះ” 7 នៅថ្ងៃនោះ គេនឹងស្រែកឡើងថា៖ “ខ្ញុំមិនមែនជាអ្នកព្យាបាលទេ! ក្នុងផ្ទះរបស់ខ្ញុំគ្មានអាហារ ក៏គ្មានអាវវែងដែរ។ កុំតាំងខ្ញុំជាអ្នកដឹកនាំរបស់ប្រជាជនអី!”។ 8 ដ្បិតយេរូសាឡិមបានជំពប់ ហើយយូដាបានដួល ពីព្រោះអណ្ដាតរបស់ពួកគេ និងទង្វើរបស់ពួកគេ បានប្រឆាំងនឹងព្រះយេហូវ៉ា ដោយបះបោរនឹងព្រះនេត្រដ៏មានសិរីរុងរឿងរបស់ព្រះអង្គ។ 9 ទឹកមុខរបស់ពួកគេធ្វើបន្ទាល់ទាស់នឹងពួកគេ; ពួកគេសម្ដែងបាបរបស់ខ្លួនដូចសូដុម; ពួកគេមិនលាក់បាំងឡើយ។ វេទនាដល់ព្រលឹងរបស់ពួកគេហើយ ដ្បិតពួកគេបាននាំមហន្តរាយមកលើខ្លួនឯង។ 10 ចូរប្រាប់មនុស្សសុចរិតថា ល្អហើយ ដ្បិតពួកគេនឹងហូបផលផ្លែនៃទង្វើរបស់ខ្លួន។ 11 វេទនាដល់មនុស្សអាក្រក់ហើយ ពួកគេនឹងរងទុក្ខ ដ្បិតទង្វើនៃដៃរបស់ពួកគេ នឹងត្រូវបានធ្វើដល់ពួកគេវិញ។ 12 ប្រជារាស្ត្ររបស់យើងអើយ កូនក្មេងជាអ្នកសង្កត់សង្កិនពួកគេ ហើយមនុស្សស្រីគ្រប់គ្រងលើពួកគេ។ ប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកនាំផ្លូវរបស់អ្នកបាននាំអ្នកឲ្យវង្វេង ពួកគេបានបំភាន់គន្លងផ្លូវរបស់អ្នកហើយ! 13 ព្រះយេហូវ៉ានឹងក្រោកឡើងដើម្បីតវ៉ាក្ដី ក៏នឹងឈរឡើងដើម្បីជំនុំជម្រះប្រជារាស្ត្រ។ 14 ព្រះយេហូវ៉ានឹងចូលក្នុងការជំនុំជម្រះទាស់នឹងពួកចាស់ទុំ និងពួកមេដឹកនាំនៃប្រជារាស្ត្ររបស់ព្រះអង្គថា៖ “គឺអ្នករាល់គ្នាហើយ ដែលស៊ីបង្ហិនចម្ការទំពាំងបាយជូរ; អ្វីដែលលួចប្លន់ពីអ្នកទ័លក្រ នៅក្នុងផ្ទះរបស់អ្នករាល់គ្នា។ 15 តើអ្នករាល់គ្នាជាន់កម្ទេចប្រជារាស្ត្ររបស់យើង ហើយកិនសង្កត់មុខរបស់អ្នកទ័លក្រធ្វើអី?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ។ ពួកកូនស្រីស៊ីយ៉ូនត្រូវបានជំនុំជម្រះ 16 ព្រះយេហូវ៉ាមានបន្ទូលទៀតថា៖ “ដោយព្រោះកូនស្រីស៊ីយ៉ូនបានលើកខ្លួនឡើង ហើយដើរងើបងើយ ទាក់ទាញដោយភ្នែក ដើរកាច់រាង ព្រមទាំងអង្រួនឲ្យឮសូររ៉ឺងៗដោយជើងរបស់ពួកនាង 17 ដូច្នេះ ព្រះអម្ចាស់នឹងវាយឲ្យមានក្រមរលើក្រយៅក្បាលរបស់កូនស្រីស៊ីយ៉ូន ព្រះយេហូវ៉ានឹងបង្ហាញកេរ្តិ៍ខ្មាសរបស់ពួកនាង”។ 18 នៅថ្ងៃនោះ ព្រះអម្ចាស់នឹងដកគ្រឿងអលង្ការរបស់ពួកនាងចេញ គឺកងជើង សំណាញ់សក់ បន្តោងរូបព្រះចន្ទ 19 ក្រវិល កងដៃ កន្សែងបង់ក 20 គ្រឿងតែងសក់ ខ្សែជើង ខ្សែក្រវាត់ ប្រអប់គ្រឿងក្រអូប គ្រឿងគាថា 21 ចិញ្ចៀន ក្រវិលច្រមុះ 22 សម្លៀកបំពាក់សម្រាប់ពិធី អាវដណ្ដប់ ផាហ៊ុម កាបូប 23 កញ្ចក់ សម្លៀកបំពាក់ផាឌិប ឈ្នួត និងស្បៃ។ 24 ពេលនោះ មានក្លិនស្អុយជំនួសក្លិនក្រអូប ខ្សែពួរជំនួសខ្សែក្រវាត់ ភាពតម្ពែកជំនួសសក់តែងស្អាត សំពត់ធ្មៃជំនួសសម្លៀកបំពាក់ដ៏ល្អប្រណិត ស្នាមដៅជំនួសសម្រស់។ 25 ប្រុសៗរបស់អ្នកនឹងដួលដោយមុខដាវ មនុស្សខ្លាំងពូកែរបស់អ្នកនឹងដួលនៅក្នុងសមរភូមិ។ 26 ទ្វារក្រុងទាំងឡាយរបស់ស៊ីយ៉ូននឹងទួញសោក ព្រមទាំងកាន់ទុក្ខ ហើយនាងនឹងអង្គុយកណ្ដោចកណ្ដែងនៅលើដី៕ |