ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេភេសូរ 5 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេភេសូរ 5

1 ដូច្នេះ ចូរ​ធ្វើជា​អ្នកយកតម្រាប់​តាម​ព្រះ ឲ្យសមជា​កូន​ដ៏ជាទីស្រឡាញ់

2 ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។

3 ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។

4 ពាក្យចំអេសចំអាស សម្ដីលេលា ឬ​ពាក្យលេងសើចថោកទាប​ក៏​មិន​គប្បី​ដែរ​។ ផ្ទុយទៅវិញ ចូរពោល​ពាក្យអរព្រះគុណ​ចុះ​។

5 អ្នករាល់គ្នា​ត្រូវ​ដឹង​ឲ្យ​ច្បាស់​នូវ​សេចក្ដីនេះ​ថា អស់ទាំង​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​មនុស្ស​ស្មោកគ្រោក ឬ​មនុស្សលោភលន់ (​គឺ​មនុស្សថ្វាយបង្គំរូបបដិមាករ​) នឹង​ទទួល​មរតក​នៅក្នុង​អាណាចក្រ​របស់​ព្រះ​គ្រីស្ទ និង​ព្រះ​មិន​បាន​ឡើយ​។

ពន្លឺ និងសេចក្ដីងងឹត

6 កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។

7 ដូច្នេះ កុំឲ្យ​មានចំណែក​ជាមួយ​ពួកគេ​ឡើយ​។

8 ពីមុន អ្នករាល់គ្នា​ជា​សេចក្ដីងងឹត ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ជា​ពន្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ឲ្យ​ដូចជា​កូន​នៃ​ពន្លឺ

9 (​ដ្បិត​ផលផ្លែ​របស់​ពន្លឺ​មាន​នៅក្នុង​គ្រប់ទាំង​សេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីពិត​)

10 ទាំង​ពិចារណា​ថា​អ្វី​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​ចុះ​។

11 កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ

12 ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។

13 ប៉ុន្តែ​នៅពេល​ត្រូវបាន​លាតត្រដាង​ដោយ​ពន្លឺ អ្វីៗ​ទាំងអស់​នឹង​ត្រូវបាន​ធ្វើឲ្យមើលឃើញ

14 ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។

របៀបរស់នៅរបស់គ្រីស្ទាន

15 ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន​ដោយយកចិត្តទុកដាក់​ចំពោះ​របៀប​ដែល​អ្នករាល់គ្នា​ដើរ កុំឲ្យ​ដូច​មនុស្ស​គ្មានប្រាជ្ញា​ឡើយ គឺ​ឲ្យ​ដូច​មនុស្ស​មានប្រាជ្ញា​វិញ

16 ទាំង​ឆក់​ឱកាស ពីព្រោះ​សម័យ​នេះ​អាក្រក់​ណាស់​។

17 ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។

18 កុំ​ស្រវឹង​ស្រា​ឡើយ ដ្បិត​ស្រា​ជា​អបាយមុខ ផ្ទុយទៅវិញ ចូរឲ្យ​ពេញ​ដោយ​ព្រះវិញ្ញាណ​។

19 ចូរ​និយាយ​គ្នាទៅវិញទៅមក​ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ ទាំង​ច្រៀង និង​សរសើរតម្កើង​ព្រះអម្ចាស់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​។

20 ចូរ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះដែលជាព្រះបិតា អំពី​គ្រប់ការទាំងអស់ ក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។

21 ចូរ​ចុះចូល​នឹង​គ្នាទៅវិញទៅមក​ដោយ​ការកោតខ្លាច​ដល់​ព្រះ​គ្រីស្ទ​។

ប្រពន្ធ និងប្ដី

22 ប្រពន្ធ​រាល់គ្នា​អើយ ចូរ​ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដូចជា​ចុះចូល​នឹង​ព្រះអម្ចាស់​ចុះ

23 ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​ជា​ក្បាល​របស់​ក្រុមជំនុំ ដែល​អង្គទ្រង់​ជា​ព្រះសង្គ្រោះ​នៃ​រូបកាយ​នោះ​ដែរ​។

24 ដូច្នេះ ដូចដែល​ក្រុមជំនុំ​ចុះចូល​នឹង​ព្រះ​គ្រីស្ទ​យ៉ាងណា ប្រពន្ធ​ក៏​ត្រូវ​ចុះចូល​នឹង​ប្ដី​ក្នុង​គ្រប់ការទាំងអស់​យ៉ាងនោះដែរ​។

25 ប្ដី​រាល់គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​ក្រុមជំនុំ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​ក្រុមជំនុំ​ដែរ

26 ដើម្បី​ញែក​ក្រុមជំនុំ​ជាវិសុទ្ធ ដោយ​បាន​ជម្រះ​តាមរយៈ​ការលាង​នឹង​ទឹក ក្នុង​ព្រះបន្ទូល

27 ដើម្បីឲ្យ​ព្រះអង្គ​បាន​រៀបចំ​ក្រុមជំនុំ​មួយ​ដ៏ល្អរុងរឿង​សម្រាប់​អង្គទ្រង់ ដែល​គ្មាន​ស្នាមគគ្រក់ ជ្រីវជ្រួញ ឬ​អ្វីមួយ​ដូច​យ៉ាងនោះ​ឡើយ គឺ​ឲ្យ​បាន​វិសុទ្ធ និង​ឥតសៅហ្មង​វិញ​។

28 ដូច្នេះ ប្ដី​ត្រូវតែ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​រូបកាយ​ខ្លួនឯង​ដែរ​។ អ្នក​ដែល​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន គឺ​ស្រឡាញ់​ខ្លួនឯង

29 ដ្បិត​មិនដែលមានអ្នកណា​ស្អប់​រូបកាយ​ខ្លួនឯង​ទេ ផ្ទុយទៅវិញ គេ​ចិញ្ចឹម ហើយ​ថ្នាក់ថ្នម​វា ដូចដែល​ព្រះ​គ្រីស្ទ​ទ្រង់​ធ្វើ​ដល់​ក្រុមជំនុំ​ដែរ

30 ពីព្រោះ​យើង​ជា​អវយវៈ​នៃ​ព្រះកាយ​របស់​ព្រះគ្រីស្ទ​។

31 “ហេតុនេះហើយបានជា​បុរស​នឹង​ចាកចេញ​ពី​ឪពុក​ម្ដាយ ហើយ​ត្រូវបាន​ភ្ជាប់​នឹង​ប្រពន្ធ​របស់​ខ្លួន រួច​អ្នក​ទាំង​ពីរ​នឹង​បានជា​រូបកាយ​មួយ”។

32 អាថ៌កំបាំង​នេះ​ជ្រាលជ្រៅ​ណាស់ ប៉ុន្តែ​ខ្ញុំ​និយាយ​ដូច្នេះ សំដៅលើ​ព្រះ​គ្រីស្ទ និង​ក្រុមជំនុំ​ប៉ុណ្ណោះ​។

33 ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative