ភាពផ្សេងគ្នា និងភាពរួមគ្នាតែមួយក្នុងរូបកាយរបស់ព្រះគ្រីស្ទ1 ដូច្នេះ ខ្ញុំដែលជាអ្នកទោសម្នាក់ក្នុងព្រះអម្ចាស់ សូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យដើរតាមបែបសមគួរនឹងការត្រាស់ហៅដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅ 2 គឺដោយការបន្ទាបខ្លួន និងសេចក្ដីសុភាពរាបសាទាំងស្រុង ដោយការអត់ធ្មត់ ទាំងទ្រាំនឹងគ្នាទៅវិញទៅមកក្នុងសេចក្ដីស្រឡាញ់ 3 ហើយឲ្យខំប្រឹងរក្សាភាពរួមគ្នាតែមួយនៃព្រះវិញ្ញាណ ដោយចំណងនៃសន្តិភាព។ 4 រូបកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងសេចក្ដីសង្ឃឹមតែមួយ កាលអ្នករាល់គ្នាត្រូវបានត្រាស់ហៅនោះដែរ; 5 ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ 6 ព្រះមានតែមួយ——ជាព្រះបិតានៃអ្វីៗទាំងអស់ ដែលគង់នៅលើអ្វីៗទាំងអស់ តាមរយៈអ្វីៗទាំងអស់ និងក្នុងអ្វីៗទាំងអស់។ 7 យ៉ាងណាមិញ ព្រះគុណបានប្រទានមកយើងម្នាក់ៗ ស្របតាមខ្នាតនៃអំណោយទានរបស់ព្រះគ្រីស្ទ។ 8 ដូច្នេះ មានចែងទុកមកថា: “កាលយាងឡើងទៅស្ថានដ៏ខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយសឹកនាំទៅ ហើយប្រទានអំណោយដល់មនុស្ស”។ 9 ចុះពាក្យ “ព្រះអង្គយាងឡើងទៅ” តើមានន័យដូចម្ដេច? មិនមែនមានន័យថាព្រះអង្គបានយាងចុះទៅស្ថានទាបជាងនៃផែនដីទេឬ? 10 ព្រះអង្គដែលយាងចុះមក ជាព្រះអង្គតែមួយដែលយាងឡើងទៅខ្ពស់លើអស់ទាំងមេឃ ដើម្បីឲ្យព្រះអង្គបានបំពេញអ្វីៗទាំងអស់។ 11 ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន 12 ដើម្បីត្រៀមវិសុទ្ធជនឲ្យពេញលេញក្នុងការងារនៃការបម្រើ សម្រាប់ស្អាងព្រះកាយរបស់ព្រះគ្រីស្ទ 13 រហូតដល់យើងទាំងអស់គ្នាបានដល់ភាពរួមគ្នាតែមួយនៃជំនឿ និងការយល់ដឹងត្រឹមត្រូវអំពីព្រះបុត្រារបស់ព្រះ បានដល់ភាពពេញវ័យ និងបានដល់ខ្នាតកម្ពស់នៃភាពពេញលេញរបស់ព្រះគ្រីស្ទ។ 14 ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។ 15 ផ្ទុយទៅវិញ ចូរនិយាយសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ទាំងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ឆ្ពោះទៅកាន់ព្រះអង្គដែលជាក្បាល គឺព្រះគ្រីស្ទ។ 16 ដោយសារតែព្រះអង្គ រូបកាយទាំងមូលដែលផ្គុំឡើង និងភ្ជាប់គ្នាដោយសន្លាក់នីមួយៗដែលទ្រទ្រង់ ត្រូវបានធ្វើឲ្យចម្រើនឡើងរហូតដល់ស្អាងខ្លួនក្នុងសេចក្ដីស្រឡាញ់ ដោយផ្នែកនីមួយៗបំពេញតួនាទីយ៉ាងសមគួរ។ រស់ក្នុងជីវិតថ្មី17 ដូច្នេះ ខ្ញុំសូមនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំឲ្យអ្នករាល់គ្នាដើរដូចពួកសាសន៍ដទៃដែលដើរក្នុងភាពឥតខ្លឹមសារនៃគំនិតរបស់ខ្លួនគេទៀតឡើយ។ 18 ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។ 19 ពួកគេលែងដឹងខុសត្រូវ ហើយបណ្ដោយខ្លួនតាមការល្មោភកាម ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងដោយលោភលន់។ 20 ប៉ុន្តែអ្នករាល់គ្នាមិនបានរៀនអំពីព្រះគ្រីស្ទយ៉ាងដូច្នោះទេ 21 ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ 22 គឺរៀនដោះបុគ្គលចាស់របស់អ្នករាល់គ្នាចេញ។ បុគ្គលចាស់នេះ ជារបស់កិរិយាពីមុនដែលខូចដោយតណ្ហាដ៏ពេញដោយការបោកបញ្ឆោត 23 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាត្រូវបានកែប្រែជាថ្មីក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា 24 ព្រមទាំងបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលត្រូវបាននិម្មិតបង្កើតឲ្យមានលក្ខណៈដូចព្រះ ក្នុងសេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីវិសុទ្ធនៃសេចក្ដីពិត។ 25 ដូច្នេះ ដោយព្រោះអ្នករាល់គ្នាបានដោះសេចក្ដីកុហកចេញហើយចូរឲ្យម្នាក់ៗនិយាយសេចក្ដីពិតនឹងអ្នកជិតខាងរបស់ខ្លួន ដ្បិតយើងជាអវយវៈរបស់គ្នាទៅវិញទៅមក។ 26 ពេលខឹង ក៏កុំប្រព្រឹត្តបាប កុំឲ្យកំហឹងរបស់អ្នករាល់គ្នានៅរហូតដល់ថ្ងៃលិច 27 ហើយកុំផ្ដល់ឱកាសដល់មារឡើយ។ 28 អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ 29 កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។ 30 កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះព្រួយព្រះទ័យឡើយ ដ្បិតអ្នករាល់គ្នាត្រូវបានបោះត្រាដោយព្រះវិញ្ញាណទុកសម្រាប់ថ្ងៃនៃការប្រោសលោះ។ 31 ចូរដកយកអស់ទាំងជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និងការមួលបង្កាច់ ព្រមទាំងគំនិតព្យាបាទគ្រប់បែបយ៉ាងចេញពីអ្នករាល់គ្នា។ 32 ចូរមានចិត្តសប្បុរសចំពោះគ្នាទៅវិញទៅមក ទាំងមេត្តាករុណា ហើយលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះបានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ៕ |