ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ហេព្រើរ 7

តំណែងរបស់ម៉ិលគីស្សាដែក

1 ម៉ិលគីស្សាដែក​នេះ ជា​ស្ដេច​នៃ​សាឡិម ជា​បូជាចារ្យ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ទ្រង់​បាន​ទទួល​អ័ប្រាហាំ​ដែល​កំពុង​ធ្វើដំណើរ​ត្រឡប់មក​ពី​វាយកម្ទេច​ពួក​ស្ដេច​នានា ហើយ​ឲ្យពរ​លោក

2 នោះ​អ័ប្រាហាំ​ក៏​យក​មួយភាគដប់ ពី​របស់​ទាំងអស់​ដែលលោកវាយយកបាន ថ្វាយ​ម៉ិលគីស្សាដែក​ដែរ​។ ឈ្មោះ “ម៉ិលគីស្សាដែក” ទីមួយ​មានអត្ថន័យប្រែថា “ស្ដេច​នៃ​សេចក្ដីសុចរិតយុត្តិធម៌” ទីពីរ​គឺ “ស្ដេច​នៃ​សាឡិម” ដែរ ដែល​មានន័យថា “ស្ដេច​នៃ​សន្តិភាព”។

3 ទ្រង់​គ្មានឪពុក គ្មានម្ដាយ គ្មានវង្សត្រកូល ក៏គ្មាន​ថ្ងៃ​ចាប់កំណើត ឬ​ថ្ងៃ​ចុងបញ្ចប់​នៃ​ជីវិត​ដែរ ទ្រង់​ដូចជា​ព្រះបុត្រារបស់ព្រះ គឺ​នៅបន្ត​ជា​បូជាចារ្យ​ជារៀងរហូត​។

4 ចូរ​ពិចារណា​មើល៍​! តើ​ទ្រង់​ធំយ៉ាងណា បានជា​អ័ប្រាហាំ​ជា​បុព្វបុរស​យក​មួយភាគដប់ ពី​ជ័យភណ្ឌ​ថ្វាយ​ដល់ទ្រង់​។

5 រីឯ​កូនចៅ​របស់​លេវី​ដែល​ទទួល​មុខងារជាបូជាចារ្យ បាន​ទទួលបញ្ជា​ឲ្យ​យកតង្វាយមួយភាគដប់ ពី​ប្រជាជន ស្របតាម​ក្រឹត្យវិន័យ គឺ​ពី​បងប្អូនរួមជាតិ​របស់​ខ្លួន ទោះបីជា​ខ្លួនឯង​ក៏​មក​ពី​ពូជពង្ស​របស់​អ័ប្រាហាំ​ក៏ដោយ​។

6 យ៉ាងណាមិញ ទ្រង់​នេះ​ដែល​មិន​ជាប់សាច់ឈាម​ជាមួយ​កូនចៅរបស់លេវី បាន​ទទួលតង្វាយមួយភាគដប់ ពី​អ័ប្រាហាំ ព្រមទាំង​បាន​ឲ្យពរ​លោក​ដែល​មាន​សេចក្ដីសន្យា​។

7 តាមពិត វា​ជាការប្រកែកមិនបាន​ដែលថា អ្នក​ដែល​តូចជាង តែងតែ​ទទួលពរ​ពី​អ្នក​ដែល​ធំជាង​។

8 ក្នុងករណីនេះ មនុស្ស​ដែល​រមែងតែងតែ​ស្លាប់​ជា​អ្នក​យក​តង្វាយមួយភាគដប់ រីឯ​ក្នុងករណីនោះ​វិញ ទ្រង់​ត្រូវបាន​ធ្វើបន្ទាល់​ថា​មានព្រះជន្មរស់​។

9 អាចនិយាយបានថា សូម្បីតែ​លេវី​ដែលជា​អ្នក​យក​តង្វាយមួយភាគដប់ ក៏​ថ្វាយតង្វាយមួយភាគដប់​តាមរយៈ​អ័ប្រាហាំ​ដែរ

10 ដ្បិត​កាល​ម៉ិលគីស្សាដែក​បាន​ទទួល​អ័ប្រាហាំ ‍លេវី​នៅតែ​នៅ​ក្នុង​រូបកាយ​របស់​ដូនតា​គាត់​នៅឡើយ​។

បូជាចារ្យដ៏គ្រប់លក្ខណ៍

11 ដោយហេតុនេះ ប្រសិនបើ​អាច​ដល់​ភាពគ្រប់លក្ខណ៍​បាន តាមរយៈ​មុខងារជាបូជាចារ្យ​ខាងពួកលេវី​មែន​——​ដ្បិត​នៅក្រោម​មុខងារនេះឯង ដែល​ប្រជាជន​បាន​ទទួលក្រឹត្យវិន័យ​——​ចុះ​នៅតែ​មាន​តម្រូវការ​អ្វី​ឲ្យ​បូជាចារ្យ​មួយទៀត​លេចឡើង​ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក គឺ​មិនមែន​ហៅថា​បូជាចារ្យ​ក្នុង​លំដាប់ថ្នាក់​របស់​អើរ៉ុន​វិញ​?

12 ដ្បិត​កាលណា​មុខងារជាបូជាចារ្យ​ត្រូវបាន​ផ្លាស់ប្ដូរ នោះក៏​ត្រូវតែ​មាន​ការផ្លាស់ប្ដូរ​ក្រឹត្យវិន័យ​ដែរ​។

13 តាមពិត ព្រះអង្គ​ដែល​សេចក្ដីទាំងនេះ​ត្រូវបាន​ថ្លែងមក​នោះ មកពី​កុលសម្ព័ន្ធ​ផ្សេងទៀត ដែល​គ្មានអ្នកណា​ពី​កុលសម្ព័ន្ធនោះ​ធ្លាប់​ធ្វើការបម្រើ​នៅ​អាសនា​ឡើយ​។

14 ពោលគឺ ជា​ការ​ជាក់ច្បាស់​ដែល​ព្រះអម្ចាស់​របស់យើង​បាន​លេចឡើង​ពី​កុលសម្ព័ន្ធ​យូដា ជាកុលសម្ព័ន្ធ​ដែល​ម៉ូសេ​មិន​បាន​និយាយ​អ្វី​ទាក់ទងនឹង​បូជាចារ្យ​ឡើយ​។

15 ការនេះ​រឹតតែ​ច្បាស់​ទៅទៀត ប្រសិនបើ​មាន​បូជាចារ្យ​ម្នាក់​ផ្សេងទៀត​លេចឡើង​ក្នុង​ដំណូច​ដូច​ម៉ិលគីស្សាដែក

16 ដោយ​ធ្វើជា​បូជាចារ្យ​មិនមែន​ស្របតាម​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ខាងសាច់ឈាម​នោះ​ទេ គឺ​ស្របតាម​អំណាច​នៃ​ជីវិត​ដែលមិនអាចបំផ្លាញបាន

17 ដ្បិត​ព្រះអង្គ​ត្រូវបាន​ធ្វើបន្ទាល់​ថា​: “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។

18 មួយវិញទៀត បទបញ្ជា​ពីមុន​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ពីព្រោះ​វា​ខ្សោយ ហើយ​ឥតប្រយោជន៍

19 ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។

20 ការនេះគឺ​មិនមែន​ដោយគ្មាន​ការស្បថធានា​ពីព្រះ​ឡើយ​។ តាមពិត អ្នក​ដែល​ធ្វើជា​បូជាចារ្យ គ្មាន​ការស្បថធានា​មែន

21 រីឯ​ព្រះយេស៊ូវ​វិញ បានធ្វើជាបូជាចារ្យ​ដោយមាន​ការស្បថធានា​ពី​ព្រះអង្គ​ដែល​មានបន្ទូល​នឹង​ព្រះអង្គ​ថា​: “ព្រះអម្ចាស់​បាន​ស្បថ ហើយ​មិន​ស្ដាយក្រោយ​ទេ គឺ ‘អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ’”។

22 ហេតុនេះហើយបានជា​ព្រះយេស៊ូវ​ក្លាយជា​អ្នកធានា​សម្ពន្ធមេត្រី​ដ៏ប្រសើរជាង​ដែរ​។

23 មាន​មនុស្ស​ជាច្រើន​ធ្វើជា​បូជាចារ្យ​តៗគ្នា ពីព្រោះ​សេចក្ដីស្លាប់​បាន​រារាំង​មិនឲ្យ​បន្ត​ធ្វើជាបូជាចារ្យឡើយ

24 ប៉ុន្តែ​ដោយព្រោះ​ព្រះយេស៊ូវ​គង់នៅ​ជារៀងរហូត ដូច្នេះ​ព្រះអង្គ​មាន​មុខងារជាបូជាចារ្យ​នៅជាប់រហូត​។

25 ដោយហេតុនេះ ព្រះអង្គ​អាច​សង្គ្រោះ​ពួក​អ្នក​ដែល​ចូលមកជិត​ព្រះ​តាមរយៈ​ព្រះអង្គ​បាន​យ៉ាងពេញលេញ ពីព្រោះ​ព្រះអង្គ​មានព្រះជន្មរស់​ជារៀងរហូត ដើម្បី​ទូលអង្វរ​ជំនួស​ពួកគេ​។

26 មហាបូជាចារ្យ​បែបនេះ​ហើយ ដែល​ស័ក្ដិសម​សម្រាប់​យើង គឺ​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែល​ញែកចេញ​ពី​មនុស្សបាប ហើយ​ត្រឡប់ជា​ខ្ពស់​ជាង​មេឃ​ទៅទៀត​។

27 ព្រះអង្គ​មិន​ចាំបាច់​ថ្វាយ​យញ្ញបូជា​រៀងរាល់ថ្ងៃ​ដូច​មហាបូជាចារ្យ​ឯទៀត​ដែល​ត្រូវថ្វាយយញ្ញបូជា​សម្រាប់​បាប​របស់ខ្លួន​ជាមុន រួចមក​ទើបថ្វាយយញ្ញបូជាសម្រាប់បាប​របស់​ប្រជាជន​វិញ​នោះ​ទេ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការនេះ​ម្ដងជាសម្រេច កាល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​។

28 ក្រឹត្យវិន័យ​តែងតាំង​មនុស្ស​ដែល​មាន​ភាពខ្សោយ​ជា​មហាបូជាចារ្យ ប៉ុន្តែ​ព្រះបន្ទូល​នៃ​សម្បថធានា​ដែល​មកក្រោយ​ក្រឹត្យវិន័យ តែងតាំង​ព្រះបុត្រា​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍​ជារៀងរហូត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative