ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 9 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 9

សម្ដីរបស់ប្រាជ្ញា និងសម្ដីរបស់សេចក្ដីល្ងង់

1 ប្រាជ្ញា​បាន​សាងសង់​ផ្ទះ​របស់ខ្លួន នាង​បាន​ដាប់​សសរ​ទាំង​ប្រាំពីរ​របស់ខ្លួន

2 នាង​បាន​សម្លាប់​សត្វ លាយ​ស្រាទំពាំងបាយជូរ ក៏​រៀប​តុអាហារ​របស់ខ្លួន​ជាស្រេច​។

3 នាង​បាន​ចាត់​ពួក​អ្នកបម្រើស្រី​របស់ខ្លួន​ឲ្យទៅ ក៏​ស្រែកហៅ​ពី​កន្លែងខ្ពស់បំផុត​នៃ​ទីក្រុង ថា​៖

4 “អ្នកណា​ជា​មនុស្សខ្វះចំណេះដឹង ចូរឲ្យ​អ្នកនោះ​បែរចូលមក​ទីនេះ​!”។ នាង​និយាយ​ទៅ​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​ថា​៖

5 “មក៍! ហូប​នំប៉័ង​របស់ខ្ញុំ ហើយ​ផឹក​ស្រាទំពាំងបាយជូរ​ដែល​ខ្ញុំ​បាន​លាយ​ចុះ​!

6 ចូរ​បោះបង់ចោល​ភាពខ្វះចំណេះដឹង ហើយ​មានជីវិតរស់​ចុះ ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ការយល់ដឹង​ចុះ​!”។

7 អ្នកដែល​ប្រៀនប្រដៅ​មនុស្សចំអកឡកឡឺយ គឺ​នាំមកនូវ​សេចក្ដីអាម៉ាស់​ដល់​ខ្លួនឯង​; អ្នកដែល​ស្ដីបន្ទោស​មនុស្ស​អាក្រក់ គឺ​នាំមកនូវ​ការខូចខាត​ដល់​ខ្លួនឯង​។

8 កុំ​ស្ដីបន្ទោស​មនុស្សចំអកឡកឡឺយ​ឡើយ ក្រែងលោ​គេ​ស្អប់​អ្នក​; ចូរ​ស្ដីបន្ទោស​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​ស្រឡាញ់​អ្នក​។

9 ចូរ​អប់រំ​មនុស្ស​មានប្រាជ្ញា នោះ​គេ​នឹង​មានប្រាជ្ញា​ថែមទៀត​; ចូរ​បង្រៀន​មនុស្ស​សុចរិត នោះ​គេ​នឹង​កើន​សេចក្ដីអប់រំ​។

10 ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា ហើយ​ការស្គាល់​អង្គ​ដ៏វិសុទ្ធ​ជា​ការយល់ដឹង

11 ដ្បិត​ដោយសារតែ​ប្រាជ្ញា ថ្ងៃ​របស់អ្នក​នឹង​កើនឡើង ហើយ​ឆ្នាំនៃអាយុ​នឹង​ត្រូវបាន​បន្ថែម​ដល់​អ្នក​។

12 ប្រសិនបើ​អ្នក​មានប្រាជ្ញា នោះគឺ​មានប្រាជ្ញា​សម្រាប់​ខ្លួនឯង​; ប្រសិនបើ​អ្នក​បាន​ចំអកឡកឡឺយ នោះ​អ្នក​នឹង​ត្រូវ​រង​តែម្នាក់ឯងប៉ុណ្ណោះ​។

13 ស្ត្រី​ឆោតល្ងង់​តែងតែ​ឡូឡា ខ្វះចំណេះដឹង ហើយ​មិន​ដឹង​អ្វី​សោះ​។

14 នាង​អង្គុយ​នៅ​មាត់ទ្វារ​ផ្ទះ​របស់ខ្លួន នៅលើ​កៅអី ត្រង់​កន្លែងខ្ពស់​នៃ​ទីក្រុង

15 ដើម្បី​ស្រែកហៅ​អ្នកដែល​ដើរកាត់ គឺ​អ្នកដែល​ដើរត្រង់​តាម​ផ្លូវ​របស់ពួកគេ ថា​៖

16 “អ្នកណា​ជា​មនុស្សខ្វះចំណេះដឹង ចូរឲ្យ​អ្នកនោះ​បែរចូលមក​ទីនេះ​!”។ នាង​និយាយ​ទៅ​អ្នកដែល​ខ្វះ​វិចារណញ្ញាណ​ថា​៖

17 “ទឹក​ដែល​លួចមក​ផ្អែម​ណាស់ ហើយ​នំប៉័ង​ដែលហូប​ដោយ​លួចលាក់​ក៏​ឆ្ងាញ់​ដែរ​!”។

18 ប៉ុន្តែ​អ្នកនោះ​មិន​ដឹង​ថា​ព្រលឹងមនុស្សស្លាប់​នៅ​ទីនោះ​ទេ ក៏​មិន​ដឹង​ថា​អ្នកដែល​ត្រូវ​នាង​ហៅ នៅក្នុង​ទីជម្រៅ​នៃ​ស្ថានមនុស្សស្លាប់​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative