ជឿទុកចិត្តលើព្រះអម្ចាស់1 កូនរបស់ខ្ញុំអើយ កុំភ្លេចសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ ផ្ទុយទៅវិញ ចូររក្សាសេចក្ដីបង្គាប់របស់ខ្ញុំទុកក្នុងចិត្តអ្នក 2 ដ្បិតវានឹងបន្ថែមអាយុវែង ឆ្នាំនៃអាយុ និងសេចក្ដីសុខសាន្តដល់អ្នក។ 3 កុំឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ចាកចេញពីអ្នកឡើយ ចូរចងសេចក្ដីទាំងនេះក្រវាត់នឹងកអ្នក ចូរចារឹកវាលើបន្ទះដួងចិត្តអ្នក 4 នោះអ្នកនឹងរកបានសេចក្ដីសន្ដោស និងសុភនិច្ឆ័យដ៏ល្អ នៅចំពោះព្រះនេត្ររបស់ព្រះ និងនៅចំពោះភ្នែកមនុស្ស។ 5 ចូរជឿទុកចិត្តលើព្រះយេហូវ៉ាអស់ពីចិត្ត កុំពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឡើយ។ 6 ក្នុងគ្រប់ទាំងផ្លូវរបស់អ្នក ចូរទទួលស្គាល់ព្រះអង្គ នោះព្រះអង្គនឹងតម្រង់គន្លងរបស់អ្នក។ 7 កុំធ្វើជាមនុស្សមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងឡើយ ចូរកោតខ្លាចព្រះយេហូវ៉ា ហើយបែរចេញពីសេចក្ដីអាក្រក់; 8 ការនេះនឹងបានជាការជាសះស្បើយដល់រូបកាយអ្នក និងជាការស្រស់ស្រាយឡើងវិញដល់ឆ្អឹងអ្នក។ 9 ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ 10 នោះជង្រុករបស់អ្នកនឹងត្រូវបានបំពេញយ៉ាងបរិបូរ ហើយទីបញ្ជាន់ផ្លែរបស់អ្នកនឹងហូរហៀរដោយស្រាទំពាំងបាយជូរថ្មី។ 11 កូនរបស់ខ្ញុំអើយ កុំមើលងាយការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាឡើយ ហើយក៏កុំជិនឆ្អន់នឹងការស្ដីប្រដៅរបស់ព្រះអង្គដែរ! 12 ដ្បិតព្រះយេហូវ៉ាស្ដីបន្ទោសអ្នកដែលព្រះអង្គស្រឡាញ់ គឺដូចជាឪពុកធ្វើចំពោះកូនដែលខ្លួនពេញចិត្ត។ ប្រាជ្ញានាំមកនូវសុភមង្គល13 មានពរហើយ អ្នកដែលរកឃើញប្រាជ្ញា និងអ្នកដែលរកបានការយល់ដឹង! 14 ដ្បិតកម្រៃពីប្រាជ្ញាប្រសើរជាងកម្រៃពីប្រាក់ ហើយផលរបស់នាងប្រសើរជាងមាស; 15 នាងមានតម្លៃជាងត្បូងទទឹម ហើយអស់ទាំងសេចក្ដីប្រាថ្នារបស់អ្នក ក៏មិនអាចប្រៀបផ្ទឹមនឹងនាងបានឡើយ។ 16 អាយុវែងនៅដៃស្ដាំរបស់នាង ហើយភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅដៃឆ្វេងរបស់នាង; 17 ផ្លូវរបស់នាងជាផ្លូវនៃសេចក្ដីសោមនស្ស ហើយអស់ទាំងគន្លងរបស់នាងគឺសេចក្ដីសុខសាន្ត។ 18 នាងជាដើមឈើនៃជីវិតដល់អ្នកដែលកាន់ខ្ជាប់នឹងនាង ហើយអ្នកដែលចាប់នាងជាប់ នឹងត្រូវបានហៅថាមានព្រះពរ។ 19 ព្រះយេហូវ៉ាបានចាក់គ្រឹះផែនដីដោយប្រាជ្ញា ព្រះអង្គបានតាំងបណ្ដាមេឃឡើងដោយការយល់ដឹង; 20 ទីជម្រៅបានធ្លាយចេញដោយចំណេះដឹងរបស់ព្រះអង្គ ហើយពពកក៏ស្រក់ទឹកសន្សើម។ 21 កូនរបស់ខ្ញុំអើយ ចូររក្សាប្រាជ្ញាត្រឹមត្រូវ និងសមត្ថភាពពិចារណា កុំឲ្យសេចក្ដីទាំងនេះបាត់ពីភ្នែកអ្នកឡើយ! 22 សេចក្ដីទាំងនេះជាជីវិតសម្រាប់ព្រលឹងរបស់អ្នក ហើយជាគ្រឿងតុបតែងសម្រាប់ករបស់អ្នក។ 23 ធ្វើដូច្នេះ កូននឹងដើរដោយសុវត្ថិភាពក្នុងផ្លូវរបស់អ្នក ហើយជើងរបស់អ្នកនឹងមិនជំពប់ឡើយ; 24 ប្រសិនបើអ្នកដេក អ្នកនឹងមិនភ័យខ្លាចឡើយ; នៅពេលអ្នកដេក ដំណេករបស់អ្នកនឹងបានលក់ស្រួល។ 25 កុំខ្លាចសេចក្ដីភិតភ័យដែលមកក្នុងមួយរំពេចឡើយ ហើយក៏កុំខ្លាចការហិនវិនាសរបស់មនុស្សអាក្រក់ កាលណាវាធ្លាក់មកនោះដែរ 26 ដ្បិតព្រះយេហូវ៉ាជាទីទុកចិត្តរបស់អ្នក ហើយព្រះអង្គនឹងការពារជើងអ្នកពីអន្ទាក់។ ប្រព្រឹត្តត្រឹមត្រូវដល់អ្នកដទៃ27 កុំបង្ខាំងទុកការល្អពីអ្នកដែលសមនឹងទទួល នៅពេលដៃរបស់អ្នកមានសមត្ថភាពធ្វើបាននោះឡើយ; 28 កុំនិយាយនឹងអ្នកជិតខាងរបស់អ្នកថា៖ “ទៅសិនចុះ រួចសឹមមកវិញ ថ្ងៃស្អែកខ្ញុំនឹងឲ្យ” ខណៈដែលមាននៅនឹងអ្នកហើយ។ 29 កុំប៉ងធ្វើការអាក្រក់ទាស់នឹងអ្នកជិតខាងរបស់អ្នកឡើយ ពេលគេរស់នៅដោយសុខសាន្តនៅក្បែរអ្នក; 30 កុំឈ្លោះជាមួយគេដោយគ្មានមូលហេតុឡើយ នៅពេលគេមិនបានប្រព្រឹត្តការអាក្រក់ដល់អ្នក។ 31 កុំច្រណែនមនុស្សហិង្សាឡើយ ក៏កុំជ្រើសរើសផ្លូវណាមួយរបស់គេដែរ 32 ដ្បិតមនុស្សវៀចវេរជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គស្និទ្ធស្នាលនឹងមនុស្សទៀងត្រង់វិញ។ 33 បណ្ដាសារបស់ព្រះយេហូវ៉ាស្ថិតនៅលើផ្ទះរបស់មនុស្សអាក្រក់ ប៉ុន្តែព្រះអង្គប្រទានពរលំនៅរបស់មនុស្សសុចរិតវិញ; 34 ចំពោះមនុស្សចំអកឡកឡឺយ ព្រះអង្គចំអកឡកឡឺយដាក់ពួកគេ រីឯចំពោះមនុស្សរាបទាបវិញ ព្រះអង្គប្រទានព្រះគុណ។ 35 មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕ |