ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សុភា‌សិត 29 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
សុភា‌សិត 29

1 មនុស្ស​ដែលត្រូវបាន​ស្ដីប្រដៅ​ជាច្រើនលើកច្រើនសា ក៏​នៅតែ​ធ្វើករឹង នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។

2 នៅពេល​មនុស្ស​សុចរិត​កើនឡើង ប្រជាជន​នឹង​អរសប្បាយ ប៉ុន្តែ​នៅពេល​មនុស្ស​អាក្រក់​គ្រប់គ្រង ប្រជាជន​នឹង​ស្រែកថ្ងូរ​។

3 មនុស្ស​ដែល​ស្រឡាញ់​ប្រាជ្ញា ធ្វើឲ្យ​ឪពុក​របស់ខ្លួន​មានអំណរ រីឯ​អ្នកដែល​សេពគប់​ជាមួយ​ស្ត្រីពេស្យា ស៊ីបង្ហិន​ទ្រព្យសម្បត្តិ​។

4 ស្ដេច​ធ្វើឲ្យ​ស្រុក​បាន​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌ រីឯ​មនុស្ស​ដែល​ស៊ីសំណូក​រំលំ​ស្រុក​វិញ​។

5 មនុស្ស​ដែល​បញ្ជោរ​អ្នកជិតខាង​របស់ខ្លួន គឺ​រាយ​សំណាញ់​ដាក់​ជើង​ខ្លួនឯង​។

6 មាន​អន្ទាក់​នៅក្នុង​ការបំពាន​របស់​មនុស្ស​អាក្រក់ រីឯ​មនុស្ស​សុចរិត​ច្រៀងដោយអំណរ ហើយ​អរសប្បាយ​ផង​។

7 មនុស្ស​សុចរិត​ស្គាល់​រឿងក្ដី​របស់​អ្នកក្រខ្សត់ រីឯ​មនុស្ស​អាក្រក់​មិន​យល់ច្បាស់​នូវ​ចំណេះដឹង​នេះ​ឡើយ​។

8 មនុស្ស​ចំអកឡកឡឺយ​អុចអាលឲ្យ​ទីក្រុង​ឆេះឡើង រីឯ​មនុស្ស​មានប្រាជ្ញា​រម្ងាប់​កំហឹង​វិញ​។

9 កាលណា​មនុស្ស​មានប្រាជ្ញា​មានរឿង​ជាមួយ​មនុស្សល្ងីល្ងើ មនុស្សល្ងីល្ងើ​ចេះតែ​ខឹង​ផង សើច​ផង គឺ​មិន​ចេះ​ស្ងប់ស្ងៀម​ឡើយ​។

10 មនុស្ស​បង្ហូរឈាម​ស្អប់​មនុស្ស​ឥតខ្ចោះ រីឯ​មនុស្ស​ទៀងត្រង់​វិញ ខ្វល់ខ្វាយ​អំពី​ព្រលឹង​របស់អ្នកនោះ​។

11 មនុស្សល្ងង់​បញ្ចេញ​កំហឹង​របស់ខ្លួន​ទាំងអស់ រីឯ​មនុស្ស​មានប្រាជ្ញា​ទប់​កំហឹង​យ៉ាងស្ងៀមស្ងាត់​។

12 ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។

13 អ្នកក្រីក្រ និង​អ្នក​សង្កត់សង្កិន​មានចំណុចមួយដូចគ្នា គឺ​: ព្រះយេហូវ៉ា​ជា​អ្នកដែល​ផ្ដល់ពន្លឺ​ដល់​ភ្នែក​ពួកគេ​ទាំង​ពីរ​។

14 ប្រសិនបើ​ស្ដេច​កាត់ក្ដី​អ្នកក្រខ្សត់​ដោយ​សេចក្ដីពិត បល្ល័ង្ក​របស់ទ្រង់​នឹង​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ជារៀងរហូត​។

15 រំពាត់ និង​ការស្ដីប្រដៅ​ផ្ដល់​ប្រាជ្ញា ប៉ុន្តែ​កូនក្មេង​ដែល​បណ្ដោយតាមចិត្ត នាំមកនូវសេចក្ដីអាម៉ាស់​ដល់​ម្ដាយ​របស់ខ្លួន​។

16 នៅពេល​មនុស្ស​អាក្រក់​កើនឡើង ការបំពាន​ក៏​កើនឡើង​ដែរ ប៉ុន្តែ​មនុស្ស​សុចរិត​នឹង​ឃើញ​ការដួលរលំ​របស់ពួកគេ​។

17 ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​បាន​ស្ងប់ចិត្ត ហើយ​ផ្ដល់​សេចក្ដីរីករាយ​ដល់​ព្រលឹង​របស់អ្នក​។

18 ដោយ​គ្មាន​ការបើកបង្ហាញ ប្រជាជន​ក៏​បណ្ដោយខ្លួន ប៉ុន្តែ​អ្នកដែល​កាន់តាម​ក្រឹត្យវិន័យ អ្នកនោះ​មានពរ​ហើយ​!

19 មិន​អាច​ប្រៀនប្រដៅ​បាវបម្រើ​ដោយ​ប្រើតែ​ពាក្យសម្ដី​បាន​ឡើយ ទោះបីជា​គេ​យល់ច្បាស់​ក៏ដោយ ក៏​គេ​មិន​យកចិត្តទុកដាក់​ដែរ​។

20 តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ប្រញាប់​ក្នុង​ពាក្យសម្ដី​របស់ខ្លួន​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។

21 អ្នកដែល​ទម្រើស​បាវបម្រើ​របស់ខ្លួន​តាំងពី​ក្មេង នៅ​ចុងបញ្ចប់​របស់អ្នកនោះ​នឹង​មាន​ទុក្ខលំបាក​វិញ​។

22 មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។

23 អំនួត​របស់​មនុស្ស​នឹង​បន្ទាប​ខ្លួនឯង​ចុះ រីឯ​មនុស្ស​រាបទាប​ក្នុង​វិញ្ញាណ​នឹង​ទទួលបាន​សិរីរុងរឿង​។

24 អ្នកដែល​រួមចំណែក​ជាមួយ​ចោរ គឺ​ស្អប់​ព្រលឹង​របស់ខ្លួន​; ទោះបីជា​អ្នកនោះ​ឮ​ពាក្យបណ្ដាសា​ក៏ដោយ ក៏​មិន​សារភាព​ដែរ​។

25 ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។

26 មនុស្ស​ជាច្រើន​ស្វែងរក​ក្ដីសន្ដោស​ពី​មេគ្រប់គ្រង ប៉ុន្តែ​សេចក្ដីយុត្តិធម៌​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា​។

27 មនុស្ស​ទុច្ចរិត​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន ក៏​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative