សុភាសិតដែលហេសេគាបានថែមបញ្ចូល1 សេចក្ដីទាំងនេះជាសុភាសិតរបស់សាឡូម៉ូនដែរ ជាសេចក្ដីដែលមនុស្សរបស់ហេសេគាស្ដេចនៃយូដាបានចម្លង: 2 ការដែលលាក់សេចក្ដី ជាសិរីរុងរឿងរបស់ព្រះ រីឯការដែលស្រាវជ្រាវរកឃើញសេចក្ដី ជាសិរីរុងរឿងរបស់បណ្ដាស្ដេច។ 3 ដូចដែលផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យរបស់ស្ដេចក៏វាស់ស្ទង់មិនបានយ៉ាងនោះដែរ។ 4 យកអាចម៍លោហៈចេញពីប្រាក់ នោះវានឹងចេញមកជាភាជនៈសម្រាប់ជាងទង។ 5 យកមនុស្សអាក្រក់ចេញពីព្រះភក្ត្រស្ដេច នោះបល្ល័ង្ករបស់ទ្រង់នឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរដោយសេចក្ដីយុត្តិធម៌។ 6 កុំលើកតម្កើងខ្លួននៅចំពោះព្រះភក្ត្រស្ដេចឡើយ ក៏កុំឈរនៅកន្លែងអ្នកធំដែរ 7 ព្រោះការដែលគេប្រាប់អ្នកថា៖ “ចូរឡើងមកទីនេះ” ប្រសើរជាងការដែលគេបន្ទាបអ្នកនៅចំពោះមុខអ្នកធំ។ 8 អ្វីដែលភ្នែករបស់អ្នកបានឃើញ កុំប្រញាប់លើកឡើងក្នុងវិវាទឡើយ បើធ្វើដូច្នោះ នៅពេលអ្នកជិតខាងរបស់អ្នកធ្វើឲ្យអ្នកអៀនខ្មាស តើអ្នកនឹងធ្វើដូចម្ដេចនៅទីបំផុត? 9 ចូរជជែកវែកញែកអំពីវិវាទរបស់អ្នកជាមួយអ្នកជិតខាងអ្នកចុះ ប៉ុន្តែកុំលាតត្រដាងរឿងសម្ងាត់របស់អ្នកដទៃឡើយ 10 ក្រែងលោអ្នកដែលឮនឹងធ្វើឲ្យអ្នកអាម៉ាស់មុខ នោះកេរ្តិ៍ឈ្មោះអាក្រក់របស់អ្នកនឹងមិនចាកចេញពីអ្នកឡើយ។ 11 ពាក្យដែលនិយាយត្រូវពេល ប្រៀបដូចជាផ្លែប៉ោមមាសដែលភ្ជាប់នឹងក្បាច់ប្រាក់។ 12 ពាក្យស្ដីបន្ទោសនៃប្រាជ្ញាដាក់ត្រចៀករបស់អ្នកដែលស្ដាប់តាម ប្រៀបដូចជាក្រវិលមាស ឬគ្រឿងអលង្ការមាសសុទ្ធ។ 13 ទូតស្មោះត្រង់ប្រៀបដូចជាភាពត្រជាក់នៃព្រិលនៅថ្ងៃច្រូតកាត់ ដល់អ្នកដែលចាត់គាត់ឲ្យទៅ; គាត់ធ្វើឲ្យព្រលឹងរបស់ចៅហ្វាយខ្លួនបានស្រស់ស្រាយឡើងវិញ។ 14 មនុស្សដែលអួតអំពីអំណោយដែលមិនបានឲ្យ ប្រៀបដូចជាពពក និងខ្យល់ដែលគ្មានភ្លៀង។ 15 ដោយការអត់ធ្មត់យ៉ាងយូរ គេអាចលួងលោមអ្នកដឹកនាំ ហើយអណ្ដាតទន់ភ្លន់ក៏អាចបំបាក់ឆ្អឹងបានដែរ។ 16 បើអ្នករកបានទឹកឃ្មុំ ចូរហូបតែល្មមចុះ ក្រែងលោអ្នកទ្រាន់ ហើយក្អួតចេញមកវិញ។ 17 កុំសូវឲ្យជើងអ្នកនៅផ្ទះអ្នកជិតខាងអ្នកពេក ក្រែងលោគេទ្រាន់ ហើយស្អប់អ្នកវិញ។ 18 មនុស្សដែលធ្វើជាសាក្សីភូតភរទាស់នឹងអ្នកជិតខាងរបស់ខ្លួន ប្រៀបដូចជាពូថៅ ដាវ ឬព្រួញដ៏មុត។ 19 ការទុកចិត្តលើមនុស្សក្បត់ក្នុងថ្ងៃនៃទុក្ខវេទនា ប្រៀបដូចជាធ្មេញដែលបាក់ ឬជើងដែលញញីញញ័រ។ 20 អ្នកដែលច្រៀងចម្រៀងដាក់ចិត្តដែលមានទុក្ខព្រួយ គឺដូចជាអ្នកដែលដោះសម្លៀកបំពាក់នៅថ្ងៃរងា ឬដូចជាទឹកខ្មេះលើសូដា។ 21 ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូបអាហារ; ប្រសិនបើគេស្រេក ចូរឲ្យគេផឹកទឹកផង; 22 ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ ហើយព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់អ្នក។ 23 ខ្យល់ទិសខាងជើង នាំមកនូវទឹកភ្លៀង អណ្ដាតនិយាយដើមគេ នាំមកនូវមុខមួម៉ៅ។ 24 រស់នៅតាមជ្រុងនៃដំបូលផ្ទះ ប្រសើរជាងរស់នៅក្នុងផ្ទះជាមួយប្រពន្ធឌុកដាន់។ 25 ដំណឹងល្អដែលមកពីស្រុកឆ្ងាយ ប្រៀបដូចជាទឹកត្រជាក់ដល់ព្រលឹងដែលអស់កម្លាំង។ 26 មនុស្សសុចរិតដែលរង្គើនៅមុខមនុស្សអាក្រក់ ប្រៀបដូចជាប្រភពទឹកដែលត្រូវបានធ្វើឲ្យល្អក់ ឬដូចជាអណ្ដូងដែលត្រូវបានធ្វើឲ្យពុល។ 27 ការដែលហូបទឹកឃ្មុំច្រើនពេក មិនល្អទេ ការស្វែងរកសិរីរុងរឿងរបស់ខ្លួន ក៏មិនមែនជាសិរីរុងរឿងដែរ។ 28 មនុស្សដែលគ្មានការគ្រប់គ្រងចិត្តរបស់ខ្លួន ប្រៀបដូចជាទីក្រុងដែលត្រូវបានបំផ្លាញ ហើយគ្មានកំពែង៕ |