អ្វីៗទាំងអស់សុទ្ធតែឥតន័យ1 នេះជាពាក្យរបស់សាស្ដាបុត្ររបស់ដាវីឌ ជាស្ដេចនៅយេរូសាឡិម: 2 “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ! អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។ 3 តើមនុស្សបានប្រយោជន៍អ្វីពីអស់ទាំងការនឿយហត់របស់ខ្លួន ដែលគេប្រឹងប្រែងធ្វើនៅក្រោមថ្ងៃ? 4 ជំនាន់មួយកន្លងផុតទៅ ហើយជំនាន់មួយទៀតក៏មកដល់ ប៉ុន្តែផែនដីនៅស្ថិតស្ថេរជារៀងរហូត។ 5 ព្រះអាទិត្យរះឡើង ហើយព្រះអាទិត្យលិចទៅវិញ រួចប្រញាប់ទៅកន្លែងដែលវារះឡើងនោះ។ 6 ខ្យល់បក់ទៅទិសខាងត្បូង រួចវិលទៅទិសខាងជើងវិញ គឺបក់វិលទៅវិលមក ហើយខ្យល់ក៏ត្រឡប់មកវិញ តាមវដ្ដរបស់វា។ 7 ទន្លេទាំងអស់ហូរទៅក្នុងសមុទ្រ ប៉ុន្តែសមុទ្រមិនចេះពេញឡើយ; កន្លែងដែលទន្លេតែងតែហូរទៅ វាក៏ហូរទៅទីនោះទៀត។ 8 អ្វីៗទាំងអស់គួរឲ្យធុញទ្រាន់ រហូតដល់មនុស្សរកថ្លែងពុំបាន; ភ្នែកមិនចេះឆ្អែតនឹងការមើល ហើយត្រចៀកក៏មិនចេះស្កប់ស្កល់នឹងការស្ដាប់ដែរ។ 9 អ្វីដែលបានកើតមានហើយ ក៏នឹងកើតមានទៀត; អ្វីដែលបានធ្វើហើយ ក៏នឹងត្រូវបានធ្វើទៀត; គ្មានអ្វីថ្មីនៅក្រោមថ្ងៃឡើយ។ 10 តើមានអ្វីមួយដែលគេអាចនិយាយថា៖ “មើល៍! នេះជាអ្វីថ្មី” ទេ? តាមពិត វាមានរួចហើយតាំងពីបុរាណមក គឺមានមុនយើងទៅទៀត។ 11 គ្មានការនឹកចាំអំពីអ្វីៗពីមុនឡើយ ហើយសូម្បីតែអ្វីៗនៅខាងមុខដែលនឹងកើតមាន ក៏នឹងមិនត្រូវពួកអ្នកដែលមកដល់បន្ទាប់ទៀត នឹកចាំដែរ។ ដែនកំណត់នៃប្រាជ្ញា12 ខ្ញុំ សាស្ដា ជាស្ដេចលើអ៊ីស្រាអែល នៅយេរូសាឡិម។ 13 ខ្ញុំបានដាក់ចិត្តដើម្បីស្វែងរក និងសង្កេតដោយប្រាជ្ញា ពីគ្រប់ការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមមេឃ នោះវាជាបន្ទុកដ៏ធ្ងន់ដែលព្រះបានដាក់លើមនុស្សលោក ឲ្យបានរវល់នឹងវា។ 14 ខ្ញុំបានឃើញកិច្ចការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ នោះមើល៍! ការទាំងអស់សុទ្ធតែជាការឥតន័យ និងជាការដេញចាប់ខ្យល់។ 15 អ្វីដែលវៀចមិនអាចធ្វើឲ្យត្រង់បានឡើយ អ្វីដែលគ្មានក៏មិនអាចរាប់បានដែរ។ 16 ខ្ញុំបាននិយាយក្នុងចិត្តថា៖ “មើល៍! ខ្ញុំបានបង្កើន និងចម្រើនប្រាជ្ញា លើសអស់អ្នកដែលគ្រប់គ្រងយេរូសាឡិមមុនខ្ញុំទៅទៀត ហើយចិត្តខ្ញុំក៏បានយល់ដឹងយ៉ាងច្បាស់នូវប្រាជ្ញា និងចំណេះដឹងដែរ”។ 17 រួចខ្ញុំដាក់ចិត្តដើម្បីស្គាល់ប្រាជ្ញា និងដើម្បីស្គាល់ភាពចម្កួត និងភាពល្ងង់ នោះខ្ញុំបានយល់ឃើញថា នេះក៏ជាការដេញចាប់ខ្យល់ដែរ។ 18 ជាការពិត មានប្រាជ្ញាច្រើន ទុក្ខព្រួយក៏ច្រើន ហើយចំណេះដឹងកើនឡើង ទុក្ខសោកក៏កើនឡើងដែរ៕ |