សុភាសិត 31 - ព្រះគម្ពីរខ្មែរសាកលរាជឱង្ការរបស់ព្រះបាទលេមូអែល 1 រាជឱង្ការរបស់ព្រះបាទលេមូអែល ជាពាក្យព្យាករដែលមាតារបស់ទ្រង់បានអប់រំទ្រង់: 2 ឱកូនម្ដាយអើយ! ឱកូននៃផ្ទៃម្ដាយអើយ! ឱកូននៃបំណន់របស់ម្ដាយអើយ! 3 កុំប្រគល់កម្លាំងរបស់កូនទៅស្រី ឬប្រគល់ផ្លូវរបស់កូនទៅអ្នកដែលបំផ្លាញបណ្ដាស្ដេចឡើយ។ 4 មិនមែនសម្រាប់ស្ដេចទេ ឱលេមូអែលអើយ! គឺស្រាមិនមែនសម្រាប់ស្ដេចសោយទេ ហើយគ្រឿងស្រវឹងក៏មិនមែនសម្រាប់ឲ្យមេគ្រប់គ្រងចង់បានដែរ 5 ក្រែងលោគេបានផឹក រួចភ្លេចសេចក្ដីដែលត្រូវបានបញ្ញត្តឡើង ហើយបង្ខូចរឿងក្ដីរបស់អស់ទាំងប្រជារាស្ត្រដែលរងទុក្ខវេទនា។ 6 ចូរឲ្យគ្រឿងស្រវឹងដល់អ្នកដែលកំពុងវិនាស ក៏ឲ្យស្រាទំពាំងបាយជូរដល់ពួកអ្នកដែលមានសេចក្ដីល្វីងជូរចត់នៃព្រលឹងផង។ 7 កាលណាគេផឹក ហើយភ្លេចភាពក្រីក្ររបស់ខ្លួន គេក៏មិននឹកចាំទុក្ខវេទនារបស់ខ្លួនទៀតឡើយ។ 8 ចូរបើកមាត់កូនជំនួសមនុស្សគ ក៏បើកមាត់កូនជំនួសរឿងក្ដីរបស់អស់ទាំងមនុស្សកម្សត់ចុះ។ 9 ចូរបើកមាត់កូន ចូរវិនិច្ឆ័យដោយសេចក្ដីយុត្តិធម៌ ហើយការពារក្ដីឲ្យមនុស្សទ័លក្រ និងមនុស្សខ្វះខាតចុះ។ សរសើរប្រពន្ធដ៏មានគុណធម៌ 10 តើនរណាអាចរកប្រពន្ធដ៏មានគុណធម៌បាន? ដ្បិតនាងមានតម្លៃថ្លៃជាងអស់ទាំងត្បូងទទឹមឆ្ងាយណាស់។ 11 ចិត្តរបស់ប្ដីនាងទុកចិត្តលើនាង ដូច្នេះគាត់នឹងមិនខ្វះផលកម្រៃឡើយ។ 12 នាងបានផ្ដល់ការល្អដល់ប្ដី ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់នាង គឺមិនមែនការអាក្រក់ឡើយ។ 13 នាងរករោមចៀម និងផាឌិប ហើយធ្វើការផ្ទាល់ដៃដោយស្ម័គ្រចិត្ត។ 14 នាងប្រៀបដូចជាសំពៅជួញដូរ គឺនាងនាំយកអាហារមកពីឆ្ងាយ។ 15 នាងក្រោកឡើងនៅពេលយប់នៅឡើយ ហើយទុកដាក់អាហារសម្រាប់អ្នកផ្ទះរបស់នាង ព្រមទាំងកំណត់តួនាទីឲ្យពួកអ្នកបម្រើស្រីរបស់នាងផង។ 16 នាងពិចារណាមើលដីមួយកន្លែង ក៏ទិញដីនោះ; ដោយកម្រៃផ្ទាល់ដៃ នាងធ្វើចម្ការទំពាំងបាយជូរមួយ។ 17 នាងក្រវាត់ចង្កេះរបស់ខ្លួនដោយសេចក្ដីស្វាហាប់ ហើយក៏ធ្វើឲ្យដើមដៃរបស់នាងមាំមួនដែរ។ 18 នាងឃើញថាការជួញដូររបស់ខ្លួនល្អហើយ។ ចង្កៀងរបស់នាងមិនចេះរលត់នៅពេលយប់ទេ។ 19 ដៃរបស់នាងលូកយកខ្នារ ហើយប្រអប់ដៃនាងកាន់រហាត់រវៃ។ 20 ដៃរបស់នាងលាតទៅកាន់មនុស្សទ័លក្រ ហើយដៃទាំងពីររបស់នាងហុចទៅកាន់មនុស្សខ្វះខាត។ 21 នាងមិនខ្លាចធ្លាក់ព្រិលមកលើអ្នកផ្ទះរបស់នាងឡើយ ដ្បិតពួកគេសុទ្ធតែស្លៀកពាក់ពណ៌ក្រហមឆ្អៅ។ 22 នាងធ្វើកម្រាលគ្រែសម្រាប់ខ្លួនឯង; សម្លៀកបំពាក់របស់នាងធ្វើពីក្រណាត់ផាឌិបដ៏ប្រណិត និងក្រណាត់ពណ៌ស្វាយ។ 23 ប្ដីរបស់នាងត្រូវគេស្គាល់នៅតាមខ្លោងទ្វារក្រុង ពេលគាត់អង្គុយក្នុងចំណោមពួកចាស់ទុំក្នុងស្រុក។ 24 នាងធ្វើសម្លៀកបំពាក់ផាឌិបលក់ ហើយផ្គត់ផ្គង់ខ្សែក្រវាត់ដល់ឈ្មួញ។ 25 សេចក្ដីស្វាហាប់ និងកិត្តិយសជាសម្លៀកបំពាក់របស់នាង ហើយនាងអាចសើចបានចំពោះថ្ងៃដែលនឹងមកដល់។ 26 នាងបើកមាត់ដោយប្រាជ្ញា ហើយសេចក្ដីបង្រៀននៃសេចក្ដីសប្បុរសនៅលើអណ្ដាតរបស់នាង។ 27 នាងគន់មើលដំណើរនៃអ្នកផ្ទះរបស់នាង ហើយនាងមិនហូបអាហារនៃភាពខ្ជិលច្រអូសឡើយ។ 28 កូនៗរបស់នាងក្រោកឡើង ហើយហៅនាងថាមានពរ ប្ដីនាងក៏សរសើរនាងថា៖ 29 “មានស្ត្រីជាច្រើនដែលមានគុណធម៌ ប៉ុន្តែនាងលើសជាងគេទាំងអស់”។ 30 មន្តស្នេហ៍ជាសេចក្ដីបញ្ឆោត ហើយសម្រស់ក៏មិនទៀងដែរ ប៉ុន្តែស្ត្រីដែលកោតខ្លាចព្រះយេហូវ៉ានឹងត្រូវបានសរសើរ។ 31 ចូរឲ្យនាងពីផលនៃដៃរបស់នាង ហើយឲ្យកិច្ចការរបស់នាងសរសើរនាងនៅតាមខ្លោងទ្វារក្រុងចុះ៕៚ |