ការរលំរបស់បាប៊ីឡូនដ៏ធំ1 បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។ 2 ទូតនោះស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “រលំហើយ! បាប៊ីឡូនដ៏ធំបានរលំហើយ! នាងបានក្លាយជាលំនៅរបស់ពួកអារក្ស ជាសម្បុករបស់អស់ទាំងវិញ្ញាណអសោច ជាសម្បុករបស់អស់ទាំងបក្សាបក្សីអសោច និងជាសម្បុករបស់អស់ទាំងសត្វព្រៃអសោចគួរឲ្យស្អប់ខ្ពើម។ 3 ដ្បិតប្រជាជាតិទាំងអស់បានផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង ដែលនាំមកនូវសេចក្ដីក្រេវក្រោធ បណ្ដាស្ដេចនៃផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង បណ្ដាឈ្មួញនៃផែនដីបានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែការរស់នៅក្នុងអបាយមុខដ៏ហួសហេតុរបស់នាង”។ 4 បន្ទាប់មក ខ្ញុំឮសំឡេងមួយទៀតពីលើមេឃ ពោលថា៖ “ប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីនាងមក ដើម្បីកុំឲ្យអ្នករាល់គ្នាបានចូលរួមក្នុងបាបទាំងឡាយរបស់នាង ហើយកុំឲ្យអ្នករាល់គ្នាបានជួបគ្រោះកាចរបស់នាងឡើយ 5 ដ្បិតបាបរបស់នាងបានគរឡើងដល់មេឃហើយ ហើយព្រះបាននឹកចាំអំពីបទល្មើសរបស់នាង។ 6 ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។ 7 នាងបានលើកតម្កើងខ្លួនឯង ហើយរស់នៅក្នុងអបាយមុខយ៉ាងណា ចូរផ្ដល់ការឈឺចាប់ និងទុក្ខព្រួយដល់នាងយ៉ាងនោះដែរ ដ្បិតនាងនិយាយក្នុងចិត្តថា: ‘អញអង្គុយជាមហាក្សត្រិយានី អញមិនមែនជាស្ត្រីមេម៉ាយទេ ហើយអញនឹងមិនជួបទុក្ខព្រួយឡើយ’។ 8 ដោយហេតុនេះ គ្រោះកាចដែលនាងត្រូវទទួល គឺសេចក្ដីស្លាប់ ទុក្ខព្រួយ និងទុរ្ភិក្ស នឹងមកដល់ក្នុងមួយថ្ងៃ នាងនឹងត្រូវបានដុតចោលដោយភ្លើង ដ្បិតព្រះអម្ចាស់ជាព្រះដែលជំនុំជម្រះនាង ទ្រង់ខ្លាំងពូកែ”។ កាន់ទុក្ខចំពោះបាប៊ីឡូន9 បណ្ដាស្ដេចនៃផែនដីដែលបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ហើយរស់នៅក្នុងអបាយមុខជាមួយនាង នឹងយំសោកគក់ទ្រូងចំពោះនាង កាលណាពួកគេឃើញផ្សែងពីចំហេះនាង។ 10 ដោយភ័យខ្លាចចំពោះការឈឺចាប់របស់នាង ពួកគេក៏ឈរពីចម្ងាយ ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! បាប៊ីឡូនក្រុងដ៏ធំ ជាក្រុងដ៏ខ្លាំងពូកែអើយ! ដ្បិតការជំនុំជម្រះរបស់អ្នកបានមកដល់ក្នុងមួយរំពេច!”។ 11 បណ្ដាឈ្មួញនៃផែនដីក៏យំសោកកាន់ទុក្ខចំពោះនាង ពីព្រោះគ្មានអ្នកណាទិញទំនិញរបស់ពួកគេទៀតឡើយ។ 12 ទំនិញនោះ គឺមាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមឆ្អៅ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ពីលង្ហិន ដែក និងថ្មកែវ 13 ក៏មានឈើអែម គ្រឿងទេស គ្រឿងក្រអូប ប្រេងក្រអូប កំញាន ស្រាទំពាំងបាយជូរ ប្រេងអូលីវ ម្សៅមី ស្រូវសាលី គោ ចៀម សេះ រទេះ ហើយរូបកាយ និងព្រលឹងរបស់មនុស្ស។ 14 “ផលផ្លែនៃការប្រាថ្នាចង់បានរបស់ចិត្តអ្នក បានចាកចេញពីអ្នក ហើយអស់ទាំងភាពប្រណិត និងភាពរុងរឿងក៏បាត់បង់ពីអ្នកដែរ គេនឹងរកមិនឃើញរបស់ទាំងនោះទៀតសោះឡើយ”។ 15 បណ្ដាឈ្មួញខាងរបស់ទាំងនោះ ដែលត្រឡប់ជាមានស្ដុកស្ដម្ភដោយព្រោះនាង នឹងឈរពីចម្ងាយដោយសារតែការភ័យខ្លាចចំពោះការឈឺចាប់របស់នាង ទាំងយំសោកកាន់ទុក្ខ 16 ហើយពោលថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំដែលដណ្ដប់ដោយក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់ពណ៌ក្រហមឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងគជ់អើយ! 17 ទ្រព្យសម្បត្តិដ៏ច្រើនម្ល៉េះបានវិនាសក្នុងមួយរំពេច!”។ អស់ទាំងនាយនាវា អ្នកធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និងអស់អ្នកដែលរកស៊ីតាមសមុទ្រ ក៏ឈរពីចម្ងាយដែរ 18 នៅពេលឃើញផ្សែងពីចំហេះនាង ពួកគេស្រែកឡើងថា៖ “តើមានទីក្រុងណា អាចប្រៀបផ្ទឹមនឹងក្រុងដ៏ធំនេះបាន?”។ 19 ពួកគេបាចធូលីលើក្បាលរបស់ខ្លួន ទាំងយំសោកកាន់ទុក្ខ ហើយស្រែកឡើងថា៖ “វេទនាហើយ! វេទនាហើយ! ក្រុងដ៏ធំ ជាកន្លែងដែលអស់អ្នកដែលមានសំពៅនៅតាមសមុទ្រ បានត្រឡប់ជាមានស្ដុកស្ដម្ភដោយសារតែទ្រព្យសម្បត្តិរបស់នាងអើយ! ដ្បិតនាងបានវិនាសក្នុងមួយរំពេចហើយ! 20 មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។ ចុងបញ្ចប់របស់បាប៊ីឡូន21 ពេលនោះ ទូតសួគ៌ខ្លាំងពូកែមួយរូបបានលើកថ្មមួយដូចត្បាល់កិនដ៏ធំ ហើយទម្លាក់ទៅក្នុងសមុទ្រ ទាំងពោលថា៖ “បាប៊ីឡូនជាក្រុងដ៏ធំនឹងត្រូវទម្លាក់យ៉ាងសាហាវដូច្នេះ ហើយក៏រកមិនឃើញទៀតសោះឡើយ! 22 សំឡេងអ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និងអ្នកផ្លុំត្រែ លែងឮក្នុងអ្នកទៀតឡើយ! អស់ទាំងជាងតាមជំនាញគ្រប់មុខ ក៏រកមិនឃើញក្នុងអ្នកទៀតឡើយ! សំឡេងត្បាល់កិន ក៏លែងឮក្នុងអ្នកទៀតឡើយ! 23 ពន្លឺចង្កៀង មិនភ្លឺក្នុងអ្នកទៀតឡើយ! សំឡេងកូនកំលោះ និងកូនក្រមុំ ក៏លែងឮក្នុងអ្នកទៀតដែរ! ពីព្រោះបណ្ដាឈ្មួញរបស់អ្នក ជាអ្នកធំនៃផែនដី និងពីព្រោះប្រជាជាតិទាំងអស់ត្រូវបានបោកបញ្ឆោតដោយមន្តអាគមរបស់អ្នក 24 ហើយឈាមរបស់បណ្ដាព្យាការី វិសុទ្ធជន និងអស់អ្នកដែលត្រូវគេសម្លាប់នៅលើផែនដី ត្រូវបានរកឃើញក្នុងនាង”៕ |