ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លោកុ‌ប្បត្តិ 34 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
លោកុ‌ប្បត្តិ 34

ឌីណាត្រូវបានបង្ខូច

1 ឯ​ឌីណា​កូនស្រី​ដែល​លេអា​បង្កើត​ឲ្យ​យ៉ាកុប បាន​ចេញទៅ​មើល​ពួក​កូនស្រី​នៅ​ស្រុក​នោះ​។

2 ពេល​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​ជនជាតិហេវី​ជា​មេគ្រប់គ្រង​នៅ​ស្រុក​នោះ បាន​ឃើញ​នាង គាត់​ក៏​ចាប់​នាង​ទៅ​រួមដំណេក​ជាមួយ ហើយ​បង្ខូច​នាង​។

3 ចិត្ត​របស់គាត់​ឈ្លក់វង្វេង​នឹង​ឌីណា​កូនស្រី​របស់​យ៉ាកុប​។ គាត់​ស្រឡាញ់​នាងក្រមុំ​នោះ ក៏​និយាយលួងលោមចិត្ត​នាង​។

4 រួច​ស៊ីគែម​និយាយ​នឹង​ហេម័រ​ឪពុក​របស់គាត់​ថា​៖ “សូម​យក​នាងក្រមុំ​នេះ​ឲ្យ​ខ្ញុំ ធ្វើជា​ប្រពន្ធ​ផង”។

5 យ៉ាកុប​ឮ​ថា​ស៊ីគែម​បាន​បង្ខូច​ឌីណា​កូនស្រី​របស់គាត់ ប៉ុន្តែ​ពេលនោះ ពួក​កូនប្រុស​របស់គាត់​នៅ​ជាមួយ​ហ្វូងសត្វស្រុក​របស់គាត់​នៅ​ទីវាល ដូច្នេះ​យ៉ាកុប​ក៏​នៅស្ងៀម រហូតដល់​ពួកគេ​មកវិញ​។

6 រីឯ​ហេម័រ​ឪពុក​របស់​ស៊ីគែម​ក៏​មករក​យ៉ាកុប ដើម្បី​និយាយ​ជាមួយ​គាត់​។

7 នៅពេល​ឮ​អំពី​ហេតុការណ៍នេះ ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​មក​ពី​ទីវាល​វិញ​។ ពួកគេ​ម្នាក់ៗ​ឈឺចិត្ត ហើយ​ក្ដៅក្រហាយ​យ៉ាងខ្លាំង ពីព្រោះ​ស៊ីគែម​បាន​ប្រព្រឹត្ត​អំពើថោកទាប​ទាស់នឹង​អ៊ីស្រាអែល ដោយ​រួមដំណេក​ជាមួយ​កូនស្រី​របស់​យ៉ាកុប ដ្បិត​ការនេះ​មិន​គួរ​ធ្វើ​ឡើយ​។

8 ប៉ុន្តែ​ហេម័រ​និយាយ​នឹង​ពួកគេ​ថា​៖ “ចិត្ត​របស់​ស៊ីគែម​កូនប្រុស​ខ្ញុំ ប្រាថ្នាចង់បាន​កូនស្រី​របស់លោក​ខ្លាំងណាស់ សូម​ឲ្យ​នាង​ទៅ​វា ធ្វើជា​ប្រពន្ធ​ផង​។

9 សូម​ចងស្ពានមេត្រី​ជាមួយ​ពួកយើង​ទៅ គឺ​សូម​ឲ្យ​កូនស្រី​របស់ពួកលោក​មក​ពួកយើង ហើយ​យក​កូនស្រី​របស់ពួកយើង​សម្រាប់​ពួកលោក​ចុះ​។

10 នោះ​ពួកលោក​នឹង​បាន​រស់នៅ​ជាមួយ​ពួកយើង ហើយ​ទឹកដី​នេះ​បើកចំហ​ដល់​ពួកលោក​។ ចូរ​រស់នៅ ហើយ​ធ្វើជំនួញ ព្រមទាំង​ទទួលបានកម្មសិទ្ធិ​នៅ​ស្រុកនេះ​ចុះ​!”។

11 ស៊ីគែម​ក៏​និយាយ​នឹង​ឪពុក និង​ពួក​បងប្រុស​របស់នាង​ដែរ​ថា​៖ “សូមឲ្យ​ខ្ញុំ​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់ពួកលោក​ផង ហើយ​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ជូន​។

12 ចូរ​ដំឡើង​ថ្លៃបណ្ណាការ និង​ជំនូន​ពី​ខ្ញុំ​ឲ្យ​ច្រើន​ចុះ ខ្ញុំ​នឹង​ជូន​អ្វីក៏ដោយដែល​ពួកលោក​ប្រាប់​ខ្ញុំ សូម​គ្រាន់តែ​ឲ្យ​នាងក្រមុំ​នោះ​មក​ខ្ញុំ​ធ្វើជា​ប្រពន្ធ​ផង”។

សម្លាប់រង្គាលក្រុងស៊ីគែម

13 នោះ​ពួក​កូនប្រុស​របស់​យ៉ាកុប​ក៏​តប​នឹង​ស៊ីគែម និង​ហេម័រ​ឪពុក​របស់គាត់​ដោយ​បោកបញ្ឆោត ពីព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ប្អូនស្រី​របស់ពួកគេ

14 គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។

15 មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ដែល​យើង​នឹង​ព្រម​តាម​ពួកលោក គឺ​ប្រសិនបើ​ពួកលោក​ត្រឡប់​ដូចជា​ពួកយើង ដោយ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកលោក​ត្រូវ​ទទួលពិធីកាត់ស្បែក​។

16 នោះ​ពួកយើង​នឹង​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកលោក ហើយ​យក​កូនស្រី​របស់ពួកលោក​សម្រាប់​ពួកយើង ព្រមទាំង​រស់នៅ​ជាមួយ​ពួកលោក ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ​។

17 ប៉ុន្តែ​ប្រសិនបើ​ពួកលោក​មិន​ស្ដាប់តាម​ពួកយើង គឺ​មិន​ទទួលពិធីកាត់ស្បែក​ទេ នោះ​ពួកយើង​នឹង​យក​កូនស្រី​របស់ពួកយើង ហើយ​ចាកចេញទៅ”។

18 ពាក្យ​របស់ពួកគេ​ក៏​ល្អ​ក្នុង​ភ្នែក​របស់​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​។

19 អ្នកកំលោះ​នោះ​ក៏​មិន​បង្អង់​នឹង​ធ្វើ​ការ​នេះ​ឡើយ ពីព្រោះ​គាត់​ពេញចិត្ត​នឹង​កូនស្រី​របស់​យ៉ាកុប ណាមួយ​ក្នុង​ផ្ទះ​របស់​ឪពុក​គាត់​ទាំងមូល គាត់​ត្រូវគេ​គោរព​ជាងគេ​។

20 ដូច្នេះ ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ក៏​ទៅ​ឯ​ខ្លោងទ្វារ​នៃ​ទីក្រុង​របស់ពួកគេ ហើយ​និយាយ​នឹង​មនុស្ស​នៃ​ទីក្រុង​ថា​៖

21 “អ្នក​ទាំងនោះ​អាចនៅសុខសាន្ត​ជាមួយ​ពួកយើង ដូច្នេះ​ចូរឲ្យ​ពួកគេ​រស់នៅ​ក្នុង​ទឹកដី​នេះ ហើយ​ឲ្យ​ពួកគេ​ធ្វើជំនួញ​នៅ​ស្រុកនេះ​ចុះ ដ្បិត​មើល៍! ទឹកដី​នេះ​ធំល្មម​សម្រាប់​ពួកគេ​។ ពួកយើង​អាច​យក​កូនស្រី​របស់ពួកគេ​ធ្វើជា​ប្រពន្ធ ហើយ​ឲ្យ​កូនស្រី​របស់ពួកយើង​ទៅ​ពួកគេ​។

22 មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ទើប​អ្នក​ទាំងនោះ​នឹង​ព្រម​តាម​ពួកយើង​ដើម្បី​រស់នៅ​ជាមួយ​ពួកយើង ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកយើង​ត្រូវ​ទទួលពិធីកាត់ស្បែក ដូចដែល​ពួកគេ​បាន​ទទួលពិធីកាត់ស្បែក​ដែរ​។

23 តើ​ហ្វូងសត្វស្រុក និង​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​សត្វចិញ្ចឹម​គ្រប់ប្រភេទ​របស់ពួកគេ មិន​ត្រឡប់ជា​របស់ពួកយើង​ទេ​ឬ​? ឲ្យតែ​ពួកយើង​ព្រម​តាម​ពួកគេ នោះ​ពួកគេ​នឹង​រស់នៅ​ជាមួយ​ពួកយើង”។

24 អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​ក៏​ស្ដាប់តាម​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​។ បន្ទាប់មក មនុស្សប្រុស​ទាំងអស់​បាន​ទទួលពិធីកាត់ស្បែក គឺ​អស់អ្នក​ដែល​ចេញចូល​តាម​ខ្លោងទ្វារ​ទីក្រុង​។

25 លុះ​ដល់​ថ្ងៃ​ទីបី ពេល​ពួកគេ​កំពុង​ឈឺ កូនប្រុស​ពីរ​នាក់​របស់​យ៉ាកុប គឺ​ស៊ីម្មាន និង​លេវី ជា​បងប្រុស​របស់​ឌីណា ក៏​យក​ដាវ​រៀងៗខ្លួន ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ដែលនៅ​សុខសាន្ត រួច​សម្លាប់​មនុស្សប្រុស​ទាំងអស់​។

26 ពួកគេ​បាន​សម្លាប់​ហេម័រ និង​ស៊ីគែម​កូនប្រុស​របស់គាត់​ដោយ​មុខដាវ​ដែរ ហើយ​យក​ឌីណា​ចេញ​ពី​ផ្ទះ​របស់​ស៊ីគែម រួច​ចេញទៅ​។

27 ពួក​កូនប្រុស​ឯទៀត​របស់​យ៉ាកុប​ក៏​មកដល់​មនុស្ស​ដែលត្រូវគេសម្លាប់ ហើយ​ចាប់យក​ពី​ទីក្រុង​នោះ ពីព្រោះ​គេ​បាន​បង្ខូច​ប្អូនស្រី​របស់ពួកគេ​។

28 ពួកគេ​បាន​ឆក់យក​ហ្វូងចៀម ហ្វូងគោ ហ្វូង​លា ព្រមទាំង​អ្វីដែល​នៅក្នុង​ទីក្រុង និង​អ្វីដែល​នៅតាម​ស្រែចម្ការ

29 ក៏​រឹបអូសយក​ទ្រព្យសម្បត្តិ​ទាំងអស់ កូនក្មេង​ទាំងអស់ និង​ពួក​ស្រី​ៗ​របស់អ្នកទាំងនោះ ហើយក៏​ចាប់យក​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ផ្ទះ​ដែរ​។

30 ពេលនោះ យ៉ាកុប​ប្រាប់​ស៊ីម្មាន និង​លេវី​ថា​៖ “ពួកឯង​បាន​នាំទុក្ខ​មកលើ​យើង ដោយ​សម្អុយឈ្មោះ​យើង​ចំពោះ​អ្នកដែល​រស់នៅ​ស្រុក​នេះ គឺ​ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​។ យើង​មាន​គ្នាតិច​ផង បើសិន​ពួកគេ​ប្រមូលគ្នា​ទាស់នឹង​យើង ហើយ​វាយ​យើង នោះ​យើង និង​អ្នកផ្ទះ​របស់យើង​នឹង​ត្រូវគេ​បំផ្លាញ”។

31 ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative