ចាត់សាវ័កដប់ពីរនាក់1 ព្រះយេស៊ូវទ្រង់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយប្រទានមហិទ្ធិឫទ្ធិ និងសិទ្ធិអំណាចលើអារក្សទាំងអស់ដល់ពួកគេ ដើម្បីប្រោសរោគាឲ្យជា។ 2 ព្រះអង្គបានចាត់ពួកគេឲ្យទៅ ដើម្បីប្រកាសអាណាចក្ររបស់ព្រះ និងដើម្បីប្រោសអ្នកជំងឺឲ្យជា។ 3 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរ កុំយកឈើច្រត់ ថង់យាម នំប៉័ង ឬកាក់ប្រាក់ឡើយ ហើយក៏កុំយកអាវម្នាក់ពីរៗដែរ។ 4 អ្នករាល់គ្នាចូលទៅក្នុងផ្ទះណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះ ហើយចេញពីទីនោះទៅទៀតចុះ។ 5 រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា នៅពេលចាកចេញពីទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។ 6 សាវ័កទាំងដប់ពីរនាក់ក៏ចេញទៅ ដើរចុះឡើងតាមភូមិនានា ទាំងផ្សាយដំណឹងល្អ និងប្រោសគេឲ្យជា នៅគ្រប់ទីកន្លែង។ ហេរ៉ូឌចង់ជួបព្រះយេស៊ូវ7 ស្ដេចត្រាញ់ហេរ៉ូឌបានឮអំពីការទាំងអស់ដែលបានកើតឡើង ក៏វល់ព្រះទ័យ ពីព្រោះមានអ្នកខ្លះនិយាយថា៖ “យ៉ូហានត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ”។ 8 អ្នកខ្លះថា៖ “អេលីយ៉ាបានលេចមក”។ អ្នកខ្លះទៀតថា៖ “ព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។ 9 រីឯហេរ៉ូឌមានរាជឱង្ការថា៖ “យើងបានកាត់ក្បាលយ៉ូហានហើយ ចុះអ្នកនេះដែលយើងឮហេតុការណ៍ទាំងនេះអំពីគាត់ ជានរណា?” ដូច្នេះ ហេរ៉ូឌក៏ចង់ជួបព្រះយេស៊ូវ។ នំប៉័ងប្រាំ និងត្រីពីរ10 នៅពេលពួកសាវ័កត្រឡប់មកវិញ ពួកគេរៀបរាប់ប្រាប់ព្រះយេស៊ូវអំពីអ្វីៗដែលពួកគេបានធ្វើ។ បន្ទាប់មក ព្រះយេស៊ូវក៏នាំពួកគេបណ្ដោះខ្លួនទៅទីក្រុងមួយដែលគេហៅថាបេតសៃដា តែក្រុមពួកគេ។ 11 ប៉ុន្តែនៅពេលប្រជាជនបានដឹង គេក៏ទៅតាមព្រះអង្គ។ ព្រះយេស៊ូវទ្រង់ទទួលស្វាគមន៍ពួកគេ ទាំងមានបន្ទូលនឹងពួកគេអំពីអាណាចក្ររបស់ព្រះ ហើយអ្នកដែលត្រូវការការប្រោសឲ្យជា ព្រះអង្គក៏ប្រោសគេឲ្យជា។ 12 លុះថ្ងៃជិតលិចហើយ សាវ័កទាំងដប់ពីរនាក់ក៏ចូលមកជិត ទូលព្រះអង្គថា៖ “សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមស្រុកភូមិនានានៅជុំវិញ រកកន្លែងស្នាក់នៅ និងស្បៀងអាហារ ពីព្រោះយើងនៅទីនេះក្នុងកន្លែងស្ងាត់ដាច់ពីគេ”។ 13 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ ពួកសិស្សទូលថា៖ “យើងខ្ញុំមានតែនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ លុះត្រាតែយើងខ្ញុំទៅទិញអាហារសម្រាប់ប្រជាជនទាំងអស់នេះ”។ 14 នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ចូរឲ្យគេអង្គុយជាក្រុមៗ មួយក្រុមៗមានគ្នាប្រមាណហាសិបនាក់ចុះ”។ 15 ពួកគេក៏ធ្វើដូច្នោះ គឺឲ្យទាំងអស់គ្នាអង្គុយចុះ។ 16 នៅពេលយកនំប៉័ងប្រាំ និងត្រីពីរនោះ ព្រះយេស៊ូវទ្រង់ងើយមើលទៅមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ដើម្បីឲ្យពួកគេចែកឲ្យហ្វូងមនុស្ស។ 17 ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រក។ ពេត្រុសទទួលស្គាល់ព្រះយេស៊ូវជាព្រះគ្រីស្ទ18 កាលមួយមានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវកំពុងអធិស្ឋានតែព្រះអង្គឯង ពួកសិស្សរបស់ព្រះអង្គក៏នៅជាមួយព្រះអង្គ ហើយព្រះអង្គមានបន្ទូលសួរពួកគេថា៖“តើហ្វូងមនុស្សនិយាយថាខ្ញុំជានរណា?”។ 19 ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។ 20 ព្រះអង្គទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។ ពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទរបស់ព្រះ!”។ ប្រាប់ជាមុនអំពីការសុគត និងការរស់ឡើងវិញ21 បន្ទាប់មក ព្រះយេស៊ូវក៏ហាមពួកគេ ដោយបង្គាប់មិនឲ្យប្រាប់ការនេះដល់អ្នកណាឡើយ។ 22 ព្រះអង្គមានបន្ទូលទៀតថា៖“កូនមនុស្សត្រូវតែរងទុក្ខជាច្រើន ហើយត្រូវពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យបដិសេធ រួចត្រូវគេសម្លាប់ ហើយនៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។ លីឈើឆ្កាងរបស់ខ្លួន23 ព្រះយេស៊ូវមានបន្ទូលនឹងគេទាំងអស់គ្នាថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួនជារៀងរាល់ថ្ងៃមកតាមខ្ញុំចុះ។ 24 ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរក្សាជីវិតវិញ។ 25 ជាការពិត ការដែលមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែបាត់បង់ឬអន្តរាយខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? 26 ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក សិរីរុងរឿងរបស់ព្រះបិតា និងសិរីរុងរឿងរបស់បណ្ដាទូតសួគ៌ដ៏វិសុទ្ធ។ 27 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញអាណាចក្ររបស់ព្រះ”។ ព្រះយេស៊ូវប្ដូររូបរាង28 ប្រមាណជាប្រាំបីថ្ងៃក្រោយពីថ្លែងព្រះបន្ទូលទាំងនេះ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបទៅជាមួយ ហើយយាងឡើងទៅលើភ្នំមួយ ដើម្បីអធិស្ឋាន។ 29 ខណៈដែលព្រះអង្គកំពុងអធិស្ឋាន សណ្ឋានព្រះភក្ត្ររបស់ព្រះអង្គក៏ផ្លាស់ប្រែ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏បញ្ចេញពន្លឺស។ 30 ពេលនោះ មើល៍! មានមនុស្សពីរនាក់កំពុងសន្ទនាជាមួយព្រះយេស៊ូវ គឺម៉ូសេ និងអេលីយ៉ា។ 31 លោកទាំងពីរបានលេចមកក្នុងរស្មីរុងរឿង ហើយនិយាយអំពីការចាកចេញរបស់ព្រះយេស៊ូវដែលរៀបនឹងសម្រេចនៅយេរូសាឡិម។ 32 ពេត្រុស និងពួកអ្នកដែលនៅជាមួយគាត់កំពុងដេកលង់លក់។ ប៉ុន្តែនៅពេលភ្ញាក់ឡើង ពួកគេក៏ឃើញរស្មីរុងរឿងរបស់ព្រះយេស៊ូវ និងមនុស្សពីរនាក់ដែលកំពុងឈរជាមួយព្រះអង្គ។ 33 នៅពេលលោកទាំងពីរនោះកំពុងតែចាកចេញពីព្រះយេស៊ូវ ពេត្រុសទូលព្រះអង្គថា៖ “លោកគ្រូ ជាការល្អណាស់ដែលពួកយើងនៅទីនេះ! សូមឲ្យយើងខ្ញុំសង់រោងបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា”។ គាត់មិនដឹងថាគាត់កំពុងនិយាយអ្វីទេ។ 34 ខណៈដែលគាត់កំពុងទូលសេចក្ដីទាំងនេះនៅឡើយ មានពពកគ្របពីលើពួកគេ។ នៅពេលចូលក្នុងពពកនោះ ពួកគេក៏ភ័យខ្លាច។ 35 ពេលនោះ មានសំឡេងមួយមកពីពពកនោះថា៖ “នេះជាបុត្ររបស់យើងដែលយើងបានជ្រើសរើស ចូរស្ដាប់តាមព្រះអង្គចុះ!”។ 36 បន្ទាប់ពីមានសំឡេងនោះ ពួកសិស្សឃើញតែព្រះយេស៊ូវប៉ុណ្ណោះ។ នៅគ្រានោះ ពួកគេនៅស្ងៀម មិនបានប្រាប់អ្វីដែលពួកគេឃើញដល់អ្នកណាឡើយ។ អំណាចនៃជំនឿ37 នៅថ្ងៃបន្ទាប់ ពេលពួកគេចុះមកពីភ្នំ មានហ្វូងមនុស្សមួយក្រុមធំមកជួបព្រះយេស៊ូវ។ 38 ពេលនោះ មើល៍! មានបុរសម្នាក់ក្នុងចំណោមហ្វូងមនុស្ស ស្រែកឡើងថា៖ “លោកគ្រូអើយ! ខ្ញុំសូមអង្វរលោកឲ្យប្រោសប្រណីដល់កូនប្រុសរបស់ខ្ញុំផង ពីព្រោះវាជាកូនប្រុសតែមួយរបស់ខ្ញុំ។ 39 ដ្បិត មើល៍! មានវិញ្ញាណអាក្រក់ធ្វើទុក្ខវា ហើយស្រាប់តែស្រែកឡើង រួចធ្វើឲ្យវាប្រកាច់ប្រកិនបែកពពុះមាត់។ វិញ្ញាណនោះធ្វើឲ្យកូនខ្ញុំជាំពេញខ្លួន ហើយមិនព្រមចេញពីខ្លួនវាឡើយ។ 40 ដូច្នេះ ខ្ញុំបានសុំពួកសិស្សរបស់លោកឲ្យដេញវិញ្ញាណនោះចេញ ប៉ុន្តែពួកគេធ្វើមិនបានទេ”។ 41 ព្រះយេស៊ូវមានបន្ទូលតបថា៖“ឱ ជំនាន់ឥតជំនឿ និងវៀចវេរអើយ! តើឲ្យខ្ញុំនៅជាមួយអ្នករាល់គ្នា និងទ្រាំនឹងអ្នករាល់គ្នាដល់ពេលណា? ចូរនាំកូនរបស់អ្នកមកទីនេះ!”។ 42 ខណៈដែលកូននោះកំពុងដើរចូលមកនៅឡើយ អារក្សបានផ្ដួលវា ហើយធ្វើឲ្យវាប្រកាច់ប្រកិន។ ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះ ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់វាឲ្យឪពុកវិញ។ 43 មនុស្សទាំងអស់ក៏ស្ងើចចំពោះអានុភាពរបស់ព្រះ។ នៅពេលពួកគេទាំងអស់គ្នាកំពុងភ្ញាក់ផ្អើលនឹងអស់ទាំងកិច្ចការដែលព្រះយេស៊ូវបានធ្វើ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖ ប្រាប់ជាមុនម្ដងទៀតអំពីការសុគត44 “ចូរអ្នករាល់គ្នាចងចាំពាក្យទាំងនេះទុកក្នុងត្រចៀករបស់អ្នករាល់គ្នាចុះ គឺកូនមនុស្សរៀបនឹងត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សហើយ”។ 45 ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។ អ្នកណាធំជាង46 មានការប្រកែកគ្នាកើតឡើងក្នុងចំណោមពួកសិស្សថា អ្នកណាធំជាងក្នុងពួកគេ។ 47 នៅពេលព្រះយេស៊ូវទ្រង់ជ្រាបគំនិតក្នុងចិត្តរបស់ពួកគេ ព្រះអង្គក៏យកក្មេងម្នាក់មក ឲ្យឈរនៅក្បែរអង្គទ្រង់ 48 ហើយមានបន្ទូលនឹងពួកគេថា៖“អ្នកណាក៏ដោយដែលទទួលក្មេងនេះក្នុងនាមរបស់ខ្ញុំ គឺទទួលខ្ញុំ រីឯអ្នកណាក៏ដោយដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក ដ្បិតអ្នកដែលតូចជាងក្នុងចំណោមអ្នកទាំងអស់គ្នា អ្នកនោះគឺអ្នកធំ”។ ក្នុងព្រះនាមព្រះយេស៊ូវ49 យ៉ូហានទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានឃើញម្នាក់កំពុងដេញអារក្សក្នុងនាមរបស់លោក យើងខ្ញុំក៏ព្យាយាមហាមឃាត់គាត់ ពីព្រោះគាត់មិនបានមកតាមលោកជាមួយយើងខ្ញុំទេ”។ 50 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“កុំឃាត់គាត់ឡើយ ដ្បិតអ្នកដែលមិនប្រឆាំងនឹងអ្នករាល់គ្នា គឺនៅខាងអ្នករាល់គ្នាហើយ”។ ការធ្វើដំណើរទៅយេរូសាឡិម51 លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។ 52 ព្រះអង្គទ្រង់ចាត់អ្នកនាំសារឲ្យទៅខាងមុខព្រះអង្គ ពួកគេក៏ចេញទៅ ហើយចូលទៅក្នុងភូមិមួយរបស់ជនជាតិសាម៉ារី ដើម្បីរៀបចំសម្រាប់ព្រះអង្គ 53 ប៉ុន្តែអ្នកភូមិនោះមិនទទួលព្រះអង្គទេ ពីព្រោះព្រះអង្គយាងតម្រង់ទៅយេរូសាឡិម។ 54 នៅពេលឃើញដូច្នេះ យ៉ាកុប និងយ៉ូហានដែលជាសិស្សក៏ទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គចង់ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញពួកគេចោលឬទេ?”។ 55 ប៉ុន្តែព្រះយេស៊ូវបានងាកមក ស្ដីបន្ទោសពួកគេ។ 56 បន្ទាប់មក ពួកគេក៏ចេញទៅភូមិផ្សេងទៀត។ ទៅតាមព្រះយេស៊ូវ57 ខណៈដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវ មានម្នាក់ទូលព្រះយេស៊ូវថា៖ “ទីណាក៏ដោយដែលព្រះអង្គយាងទៅ ទូលបង្គំនឹងទៅតាមព្រះអង្គ”។ 58 ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។ 59 ព្រះអង្គមានបន្ទូលនឹងម្នាក់ទៀតថា៖“ចូរមកតាមខ្ញុំ!”។ អ្នកនោះទូលថា៖ “ព្រះអម្ចាស់អើយ សូមអនុញ្ញាតឲ្យទូលបង្គំទៅបញ្ចុះសពឪពុករបស់ទូលបង្គំជាមុនសិន”។ 60 ប៉ុន្តែព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទុកឲ្យមនុស្សស្លាប់បញ្ចុះមនុស្សស្លាប់គ្នាគេទៅ រីឯអ្នកវិញ ចូរទៅប្រកាសអាណាចក្ររបស់ព្រះ”។ 61 មានម្នាក់ទៀតទូលថា៖ “ព្រះអម្ចាស់អើយ ទូលបង្គំនឹងទៅតាមព្រះអង្គ ប៉ុន្តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាអ្នកផ្ទះរបស់ទូលបង្គំជាមុនសិន”។ 62 ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“អ្នកណាដែលបានដាក់ដៃកាន់នង្គ័ល ហើយបែរទៅមើលអ្វីៗនៅខាងក្រោយ អ្នកនោះមិនស័ក្ដិសមនឹងអាណាចក្ររបស់ព្រះឡើយ”៕ |