ភាពស្មោះត្រង់របស់ព្រះ1 បើដូច្នេះ តើជនជាតិយូដាមានអ្វីពិសេសជាង? ឬការកាត់ស្បែកមានប្រយោជន៍អ្វី? 2 មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។ 3 ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ? 4 មិនមែនដូច្នោះជាដាច់ខាត! ទោះបីមនុស្សគ្រប់គ្នាជាអ្នកភូតភរក៏ដោយ ក៏ព្រះនៅតែពិតត្រង់ដែរ។ ដូចដែលមានសរសេរទុកមកថា: “ដើម្បីឲ្យព្រះអង្គត្រូវបានបញ្ជាក់ថាសុចរិត នៅពេលព្រះអង្គមានបន្ទូល ហើយមានជ័យជម្នះ នៅពេលគេជំនុំជម្រះព្រះអង្គ”។ 5 ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ? 6 មិនមែនដូច្នោះជាដាច់ខាត! បើព្រះអយុត្តិធម៌មែន តើព្រះនឹងជំនុំជម្រះពិភពលោកដូចម្ដេចកើត? 7 ប៉ុន្តែប្រសិនបើសេចក្ដីពិតរបស់ព្រះចម្រើនឡើងដើម្បីជាសិរីរុងរឿងដល់ព្រះអង្គ ដោយសារតែការភូតភររបស់ខ្ញុំ ចុះម្ដេចក៏ខ្ញុំនៅតែត្រូវបានផ្ដន្ទាទោសដូចជាមនុស្សបាប? 8 ដូច្នេះ ម្ដេចក៏មិននិយាយថា៖ “យើងនាំគ្នាប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យកើតមានការល្អ” ដូចដែលអ្នកខ្លះនិយាយមួលបង្កាច់យើង ថាយើងនិយាយដូច្នោះ? អ្នកទាំងនោះសមតែទទួលការផ្ដន្ទាទោស។ គ្មានមនុស្សសុចរិត9 ចុះម្ដេចទៅ? តើជនជាតិយូដាយើងល្អជាងឬ? មិនមែនទាល់តែសោះ! យើងបានបញ្ជាក់ហើយថា ទាំងជនជាតិយូដា និងសាសន៍ដទៃសុទ្ធតែស្ថិតនៅក្រោមបាប 10 ដូចដែលមានសរសេរទុកមកថា: “គ្មានមនុស្សសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 11 គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ។ 12 មនុស្សគ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ដូចៗគ្នា; គ្មានអ្នកណាសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 13 បំពង់កពួកគេជាផ្នូរដែលបើកចំហ ពួកគេតែងតែបោកបញ្ឆោតដោយអណ្ដាត បបូរមាត់ពួកគេបង្កប់ដោយពិសពស់វែក 14 មាត់ពួកគេពោរពេញទៅដោយពាក្យបណ្ដាសា និងជាតិល្វីង 15 ជើងពួកគេរហ័សនឹងបង្ហូរឈាម 16 ផ្លូវរបស់ពួកគេមានតែសេចក្ដីហិនវិនាស និងសេចក្ដីវេទនា; 17 ពួកគេមិនបានស្គាល់ផ្លូវនៃសន្តិភាព ឡើយ។ 18 គ្មានការកោតខ្លាចព្រះសោះ នៅចំពោះភ្នែកពួកគេ ”។ 19 យើងដឹងហើយថា អ្វីក៏ដោយដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងដល់ពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ដើម្បីបិទមាត់ទាំងអស់ ហើយឲ្យពិភពលោកទាំងមូលជាប់ទោសនៅក្រោមការជំនុំជម្រះរបស់ព្រះ។ 20 ដ្បិតគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះ ដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ មានតែការដឹងខ្លួននូវបាប តាមរយៈក្រឹត្យវិន័យប៉ុណ្ណោះ។ ត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ21 ប៉ុន្តែឥឡូវនេះ សេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងដោយឡែកពីក្រឹត្យវិន័យហើយ ព្រមទាំងត្រូវបានធ្វើបន្ទាល់ដោយក្រឹត្យវិន័យ និងគម្ពីរព្យាការីផង 22 គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ 23 ដ្បិតមនុស្សគ្រប់គ្នាបានប្រព្រឹត្តបាប ហើយខ្វះមិនដល់សិរីរុងរឿងរបស់ព្រះ 24 ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។ 25 ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក 26 ដោយសេចក្ដីអនុគ្រោះរបស់ព្រះអង្គ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់នៅគ្រានេះ និងដើម្បីសម្ដែងថាអង្គទ្រង់សុចរិតយុត្តិធម៌ ព្រមទាំងបញ្ជាក់ថាអ្នកដែលមានជំនឿលើព្រះយេស៊ូវ សុចរិតផងដែរ។ គ្មានការអួតអាង27 ដោយហេតុនេះ តើការអួតអាងនៅឯណា? វាត្រូវបានដកចេញហើយ។ តើដោយច្បាប់អ្វី? ដោយច្បាប់នៃការប្រព្រឹត្តឬ? ទេ! គឺដោយច្បាប់នៃជំនឿវិញ។ 28 ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។ 29 តើព្រះជាព្រះរបស់ជនជាតិយូដាតែប៉ុណ្ណោះឬ? តើមិនមែនជាព្រះរបស់សាសន៍ដទៃដែរទេឬ? ត្រូវហើយ ព្រះអង្គជាព្រះរបស់សាសន៍ដទៃដែរ 30 ពីព្រោះព្រះជាព្រះតែមួយអង្គគត់។ ព្រះអង្គនឹងរាប់អ្នកដែលទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿ ហើយក៏រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកជាសុចរិតដោយសារតែជំនឿដែរ។ 31 បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕ |