ព្រះយេស៊ូវ និងស្ដ្រីសាម៉ារី1 នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន 2 (តាមពិត ព្រះយេស៊ូវផ្ទាល់មិនបានធ្វើពិធីជ្រមុជទឹកទេ គឺពួកសិស្សរបស់ព្រះអង្គវិញដែលធ្វើ) 3 ព្រះអង្គក៏យាងចេញពីយូឌា ហើយទៅកាលីឡេម្ដងទៀត។ 4 ប៉ុន្តែព្រះអង្គត្រូវយាងកាត់តាមសាម៉ារី 5 ដូច្នេះ ព្រះអង្គក៏យាងមកដល់ទីក្រុងមួយដែលគេហៅថាស៊ូខារ នៅសាម៉ារី។ ទីក្រុងនោះនៅជិតដីមួយកន្លែងដែលយ៉ាកុបបានឲ្យយ៉ូសែបកូនរបស់គាត់ 6 ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ព្រះយេស៊ូវទ្រង់អស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់ចុះនៅក្បែរអណ្ដូង។ ពេលនោះ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។ 7 មានស្ត្រីសាម៉ារីម្នាក់មកដងទឹក។ ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“សូមឲ្យខ្ញុំផឹកផង”។ 8 ពេលនោះ ពួកសិស្សរបស់ព្រះអង្គទៅទីក្រុងអស់ហើយ ដើម្បីទិញអាហារ។ 9 ស្ត្រីជនជាតិសាម៉ារីនោះទូលព្រះអង្គថា៖ “លោកជាជនជាតិយូដា ម្ដេចក៏សុំផឹកពីខ្ញុំដែលជាស្ត្រីជនជាតិសាម៉ារីដូច្នេះ?”។ ដ្បិតជនជាតិយូដាមិនសេពគប់ជាមួយជនជាតិសាម៉ារីទេ។ 10 ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ប្រសិនបើនាងបានស្គាល់អំណោយទានរបស់ព្រះ ហើយដឹងថាអ្នកដែលកំពុងនិយាយនឹងនាងថា: ‘សូមឲ្យខ្ញុំផឹកផង’ ជាអ្នកណា ម្ល៉េះសមនាងបានសុំពីគាត់វិញ ហើយគាត់ក៏ឲ្យទឹករស់ដល់នាង”។ 11 ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ លោកគ្មានយោងដងទឹកទេ ហើយអណ្ដូងនេះក៏ជ្រៅ ចុះលោកបានទឹករស់មកពីណា? 12 លោកមិនធំជាងយ៉ាកុបដូនតារបស់យើងខ្ញុំទេ មែនទេ? គាត់បានឲ្យអណ្ដូងនេះដល់យើងខ្ញុំ ហើយខ្លួនគាត់ និងកូនៗរបស់គាត់ ព្រមទាំងហ្វូងសត្វរបស់គាត់ក៏ផឹកពីអណ្ដូងនេះដែរ”។ 13 ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“អស់អ្នកដែលផឹកទឹកនេះ នឹងស្រេកទៀត 14 ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។ 15 ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក និងដើម្បីកុំឲ្យខ្ញុំមកដងនៅទីនេះឡើយ”។ 16 ព្រះអង្គមានបន្ទូលនឹងនាងថា៖“ចូរទៅហៅប្ដីរបស់នាងមកទីនេះ”។ 17 ស្ត្រីនោះទូលតបនឹងព្រះអង្គថា៖ “ខ្ញុំគ្មានប្ដីទេ”។ ព្រះយេស៊ូវមានបន្ទូលថា៖“ដែលនាងនិយាយថា: ‘គ្មានប្ដីទេ’ ត្រូវហើយ 18 ពីព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ហើយ រីឯម្នាក់ដែលនាងមានឥឡូវនេះ មិនមែនជាប្ដីរបស់នាងទេ។ រឿងនេះនាងនិយាយពិតហើយ”។ 19 ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ ខ្ញុំយល់ឃើញថា លោកជាព្យាការី! 20 ដូនតារបស់យើងខ្ញុំបានថ្វាយបង្គំនៅលើភ្នំនេះ ប៉ុន្តែពួកលោកនិយាយថា កន្លែងដែលត្រូវថ្វាយបង្គំ គឺនៅយេរូសាឡិមវិញ”។ 21 ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ចូរជឿខ្ញុំថា មានពេលវេលានឹងមក ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតាមិនមែននៅលើភ្នំនេះ ហើយក៏មិនមែននៅយេរូសាឡិមដែរ។ 22 អ្នករាល់គ្នាថ្វាយបង្គំអ្វីដែលអ្នករាល់គ្នាមិនស្គាល់ រីឯយើងវិញ យើងថ្វាយបង្គំអ្វីដែលយើងស្គាល់ ដ្បិតសេចក្ដីសង្គ្រោះមកពីជនជាតិយូដា។ 23 ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។ 24 ព្រះជាវិញ្ញាណ ហើយអ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំក្នុងវិញ្ញាណ និងសេចក្ដីពិត”។ 25 ស្ត្រីនោះទូលព្រះអង្គថា៖ “ខ្ញុំដឹងហើយថា ព្រះមែស៊ីដែលហៅថាព្រះគ្រីស្ទនឹងយាងមក។ នៅពេលព្រះអង្គយាងមក ព្រះអង្គនឹងថ្លែងការទាំងអស់ដល់យើងខ្ញុំ”។ 26 ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ ដែលកំពុងនិយាយនឹងនាង”។ ស្រូវទុំល្មមហើយ27 នៅពេលនោះ ពួកសិស្សរបស់ព្រះអង្គមកដល់ ហើយពួកគេក៏ភ្ញាក់ផ្អើលដែលព្រះអង្គកំពុងមានបន្ទូលជាមួយស្ត្រីម្នាក់ ប៉ុន្តែគ្មានអ្នកណាទូលសួរថា: “លោកគ្រូត្រូវការអ្វី?” ឬ “ហេតុអ្វីបានជាលោកគ្រូនិយាយជាមួយនាង?” ឡើយ។ 28 ស្ត្រីនោះក៏ទុកក្អមរបស់នាងចោល ហើយចូលទៅក្នុងទីក្រុង ប្រាប់គេថា៖ 29 “មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។ 30 ពួកគេក៏ចេញពីទីក្រុង ហើយមករកព្រះអង្គ។ 31 ខណៈពេលនោះ ពួកសិស្សទូលព្រះអង្គថា៖ “រ៉ាប៊ី សូមអញ្ជើញពិសា”។ 32 ប៉ុន្តែព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ខ្ញុំមានអាហារហូបហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”។ 33 ពួកសិស្សក៏និយាយគ្នាថា៖ “គ្មានអ្នកណាយកអ្វីមកឲ្យលោកពិសាទេ មែនទេ?”។ 34 ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“អាហាររបស់ខ្ញុំ គឺការដែលខ្ញុំប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក និងបង្ហើយការងាររបស់ព្រះអង្គ។ 35 តើអ្នករាល់គ្នាមិននិយាយថា: ‘នៅបួនខែទៀត បានដល់រដូវច្រូតកាត់’ ទេឬ? មើល៍! ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរងើបភ្នែកឡើងមើលទៅវាលស្រែ ដែលក្រហមល្មមសម្រាប់ការច្រូតកាត់ហើយ។ 36 អ្នកដែលច្រូតទទួលឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកដែលសាបព្រោះ និងអ្នកដែលច្រូតអរសប្បាយជាមួយគ្នា។ 37 ដូច្នេះ ពាក្យទំនៀមនេះពិតណាស់ គឺ: ‘ម្នាក់សាបព្រោះ ម្នាក់ទៀតច្រូត’។ 38 ខ្ញុំបានចាត់អ្នករាល់គ្នាឲ្យទៅច្រូតអ្វីដែលអ្នករាល់គ្នាមិនបានធ្វើការនឿយហត់; អ្នកផ្សេងបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាបានចូលក្នុងការនឿយហត់របស់ពួកគេ”។ ព្រះសង្គ្រោះរបស់ពិភពលោក39 ជនជាតិសាម៉ារីជាច្រើននៅទីក្រុងនោះបានជឿលើព្រះអង្គ ដោយសារតែពាក្យដែលស្ត្រីនោះធ្វើបន្ទាល់ថា: “លោកប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ”។ 40 ដូច្នេះ នៅពេលពួកជនជាតិសាម៉ារីមករកព្រះអង្គ ពួកគេក៏សុំព្រះអង្គឲ្យស្នាក់នៅជាមួយពួកគេ នោះព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។ 41 ក្រោយមក មានមនុស្សច្រើនទៀតបានជឿ ដោយសារតែព្រះបន្ទូលរបស់ព្រះអង្គ។ 42 ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។ អ្នកកាលីឡេទទួលព្រះយេស៊ូវ43 ក្រោយពីពីរថ្ងៃនោះ ព្រះយេស៊ូវយាងចេញពីទីនោះទៅកាលីឡេ។ 44 តាមពិត ព្រះអង្គផ្ទាល់ធ្លាប់ធ្វើបន្ទាល់ថា ព្យាការីគ្មានកិត្តិយសនៅក្នុងស្រុកកំណើតរបស់ខ្លួនទេ។ 45 នៅពេលព្រះយេស៊ូវយាងមកដល់កាលីឡេ អ្នកកាលីឡេក៏ទទួលព្រះអង្គ ដោយសារឃើញការទាំងអស់ដែលព្រះអង្គបានធ្វើនៅយេរូសាឡិមក្នុងអំឡុងពេលពិធីបុណ្យ ពីព្រោះពួកគេបានទៅពិធីបុណ្យនោះដែរ។ ប្រោសកូនមន្ត្រីម្នាក់ឲ្យជា46 ព្រះយេស៊ូវយាងមកដល់កាណាក្នុងកាលីឡេម្ដងទៀត ជាកន្លែងដែលព្រះអង្គបានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ។ មានមន្ត្រីរាជការម្នាក់ ដែលកូនប្រុសរបស់គាត់មានជំងឺនៅកាពើណិម។ 47 នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។ 48 ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។ 49 មន្ត្រីរាជការនោះទូលព្រះអង្គថា៖ “លោកម្ចាស់អើយ សូមអញ្ជើញចុះទៅ មុននឹងកូនរបស់ខ្ញុំស្លាប់!”។ 50 ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អញ្ជើញទៅចុះ កូនរបស់លោកនៅរស់ទេ”។ អ្នកនោះបានជឿព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ ហើយចេញទៅ។ 51 ខណៈដែលគាត់កំពុងចុះទៅ ពួកបាវបម្រើរបស់គាត់មកជួបគាត់ ហើយប្រាប់ថាកូនប្រុសរបស់គាត់នៅរស់ទេ។ 52 គាត់ក៏សួរពួកគេអំពីម៉ោងដែលកូនគាត់បានធូរស្បើយ នោះពួកគេប្រាប់គាត់ថា៖ “ម៉ោងមួយរសៀលម្សិលមិញ គ្រុនបានចាកចេញពីកូនរបស់លោកហើយ”។ 53 ឪពុកបានដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា:“កូនរបស់លោកនៅរស់ទេ” ដូច្នេះ គាត់ក៏ជឿ ព្រមទាំងគ្រួសារទាំងមូលរបស់គាត់ផង។ 54 ព្រះយេស៊ូវបានធ្វើទីសម្គាល់ទីពីរនេះ នៅពេលព្រះអង្គយាងមកពីយូឌាទៅកាលីឡេ៕ |