ភាពក្រអឺតក្រទម និងភាពរាបទាប1 តើវិវាទក្នុងចំណោមអ្នករាល់គ្នាមកពីណា? តើជម្លោះមកពីណា? មិនមែនមកពីតណ្ហារបស់អ្នករាល់គ្នាដែលច្បាំងក្នុងអវយវៈរបស់អ្នករាល់គ្នាទេឬ? 2 អ្នករាល់គ្នាលោភចង់បាន ប៉ុន្តែមិនបានអ្វី ក៏សម្លាប់គេ។ អ្នករាល់គ្នាមានចិត្តច្រណែន ប៉ុន្តែមិនអាចទទួលបាន ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា។ អ្នករាល់គ្នាមិនបានអ្វី ពីព្រោះអ្នករាល់គ្នាមិនបានទូលសុំ។ 3 អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។ 4 ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ! 5 ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ? 6 យ៉ាងណាមិញ ព្រះអង្គបានប្រទានព្រះគុណដ៏ធំជាង ដូច្នេះមានចែងថា: “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។ 7 ដោយហេតុនេះ ចូរចុះចូលនឹងព្រះ ហើយតតាំងនឹងមារចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នា។ 8 ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ! 9 ចូរសោកសង្រេង កាន់ទុក្ខ ហើយយំសោកចុះ។ ចូរឲ្យសំណើចរបស់អ្នករាល់គ្នាទៅជាទុក្ខសោក ហើយឲ្យអំណរទៅជាទុក្ខព្រួយវិញ។ 10 ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នា។ 11 បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។ 12 ព្រះអង្គដែលជាអ្នកតាំងក្រឹត្យវិន័យ និងជាចៅក្រម ដែលអាចសង្គ្រោះ និងបំផ្លាញ មានតែមួយអង្គគត់។ រីឯអ្នកវិញ តើអ្នកជានរណា បានជាវិនិច្ឆ័យអ្នកជិតខាងរបស់ខ្លួន? កុំអួតអាង13 ឥឡូវនេះមក៍! ពួកអ្នកដែលនិយាយថា “ថ្ងៃនេះ ឬថ្ងៃស្អែក យើងនឹងធ្វើដំណើរទៅទីក្រុងនេះ ឬទីក្រុងនោះ ហើយស្នាក់នៅទីនោះមួយឆ្នាំ ទាំងរកស៊ីឲ្យបានចំណេញ” អើយ! 14 អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។ 15 អ្នករាល់គ្នាគួរតែនិយាយដូច្នេះវិញថា៖ “ប្រសិនបើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយធ្វើការនេះ ឬធ្វើការនោះ”។ 16 ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាអួតអាងក្នុងភាពក្រអឺតក្រទមរបស់ខ្លួន។ គ្រប់ទាំងការអួតអាងបែបនេះ សុទ្ធតែអាក្រក់។ 17 ដូច្នេះ អ្នកដែលដឹងថាត្រូវធ្វើល្អ ប៉ុន្តែមិនធ្វើ ចំពោះគាត់ ការនោះជាបាបហើយ៕ |