ការចែកទាន1 “ចូរប្រយ័ត្នប្រយែង កុំប្រព្រឹត្តអំពើសុចរិត របស់ខ្លួននៅមុខមនុស្ស ដើម្បីឲ្យគេឃើញនោះឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នាគ្មានរង្វាន់ពីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ឡើយ។ 2 ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ 3 រីឯអ្នកវិញ កាលណាអ្នកចែកទាន កុំឲ្យដៃឆ្វេងរបស់អ្នកដឹងអ្វីដែលដៃស្ដាំកំពុងធ្វើនោះឡើយ 4 ដើម្បីឲ្យការចែកទានរបស់អ្នកនៅសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។ ការអធិស្ឋាន5 “កាលណាអ្នករាល់គ្នាអធិស្ឋាន កុំធ្វើដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ និងនៅតាមកែងផ្លូវ ដើម្បីឲ្យគេឃើញ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ 6 រីឯអ្នកវិញ កាលណាអ្នកអធិស្ឋាន ចូរចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន បិទទ្វារ ហើយអធិស្ឋានទៅព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។ 7 នៅពេលអ្នករាល់គ្នាអធិស្ឋាន កុំពោលប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃឡើយ ដ្បិតពួកគេគិតថា ពួកគេនឹងត្រូវបានសណ្ដាប់តាមរយៈពាក្យជាច្រើនរបស់ពួកគេ។ 8 ដូច្នេះ កុំធ្វើដូចពួកគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបហើយ នូវអ្វីដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។ គំរូនៃការអធិស្ឋាន9 “ដូច្នេះ ចូរអ្នករាល់គ្នាអធិស្ឋានដូចតទៅ: ព្រះបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមរបស់ព្រះអង្គត្រូវបានតម្កើងជាវិសុទ្ធ 10 សូមឲ្យអាណាចក្ររបស់ព្រះអង្គបានមកដល់។ សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ 11 សូមប្រទានអាហារ ប្រចាំថ្ងៃដល់យើងខ្ញុំនៅថ្ងៃនេះ។ 12 សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។ 13 សូមកុំនាំយើងខ្ញុំទៅក្នុងការល្បួងឡើយ ប៉ុន្តែសូមស្រោចស្រង់យើងខ្ញុំពីមេអាក្រក់ វិញ។ ដ្បិតព្រះរាជ្យ ព្រះចេស្ដា និងសិរីរុងរឿង ជារបស់ព្រះអង្គជារៀងរហូត! អាម៉ែន។ 14 “ជាការពិត ប្រសិនបើអ្នករាល់គ្នាលើកលែងទោសឲ្យមនុស្សចំពោះការបំពានរបស់ពួកគេ ព្រះបិតាសួគ៌របស់អ្នករាល់គ្នាក៏នឹងលើកលែងទោសឲ្យអ្នករាល់គ្នាដែរ។ 15 ប៉ុន្តែប្រសិនបើអ្នករាល់គ្នាមិនលើកលែងទោសឲ្យគេទេ នោះព្រះបិតារបស់អ្នករាល់គ្នាក៏មិនលើកលែងទោសចំពោះការបំពានរបស់អ្នករាល់គ្នាដែរ។ ការតមអាហារ16 “កាលណាអ្នករាល់គ្នាតមអាហារ កុំធ្វើទឹកមុខស្រងូតស្រងាត់ដូចពួកមនុស្សមានពុតឡើយ ដ្បិតពួកគេធ្វើមុខស្អុយ ដើម្បីឲ្យមនុស្សឃើញថាពួកគេកំពុងតមអាហារ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។ 17 រីឯអ្នកវិញ កាលណាអ្នកតមអាហារ ចូរលាបប្រេងលើក្បាល ហើយលុបមុខរបស់អ្នក 18 ដើម្បីកុំឲ្យគេឃើញថាអ្នករាល់គ្នាកំពុងតមអាហារ គឺឲ្យព្រះបិតារបស់អ្នកដែលគង់នៅទីសម្ងាត់ឃើញវិញ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។ ព្រះ និងទ្រព្យសម្បត្តិ19 “កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅលើផែនដី ជាកន្លែងដែលមានសត្វល្អិត និងច្រែះស៊ី ជាកន្លែងដែលចោរគាស់ចូល ហើយលួចនោះឡើយ; 20 ប៉ុន្តែចូរប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌វិញ ជាកន្លែងដែលគ្មានសត្វល្អិត ឬច្រែះស៊ី ជាកន្លែងដែលគ្មានចោរគាស់ចូល ហើយលួចនោះឡើយ។ 21 ជាការពិត ទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ។ 22 “ចង្កៀងរបស់រូបកាយគឺភ្នែក ដូច្នេះប្រសិនបើភ្នែករបស់អ្នកភ្លឺថ្លា រូបកាយអ្នកទាំងមូលក៏ពេញដោយពន្លឺ; 23 ប៉ុន្តែប្រសិនបើភ្នែករបស់អ្នកអាក្រក់ រូបកាយអ្នកទាំងមូលក៏ពេញដោយសេចក្ដីងងឹត។ ដូច្នេះ ប្រសិនបើពន្លឺក្នុងអ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនោះនឹងខ្លាំងយ៉ាងណាទៅ! 24 “គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតគេនឹងស្អប់ម្នាក់ ហើយស្រឡាញ់ម្នាក់ទៀត ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះផង បម្រើទ្រព្យសម្បត្តិ ផងបានឡើយ។ កុំបារម្ភ25 “ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំបារម្ភនឹងជីវិតរបស់អ្នកថា ត្រូវហូបអ្វី ឬផឹកអ្វីឡើយ; ហើយក៏កុំបារម្ភនឹងរូបកាយរបស់អ្នកថា ត្រូវស្លៀកពាក់អ្វីដែរ។ តើជីវិតមិនសំខាន់ជាងអាហារ ហើយរូបកាយមិនសំខាន់ជាងសម្លៀកបំពាក់ទេឬ? 26 ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ? 27 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណាអាចបន្ថែមមួយខណៈពេលលើអាយុជីវិតរបស់ខ្លួនដោយការបារម្ភបាន? 28 ហេតុអ្វីបានជាអ្នករាល់គ្នាបារម្ភអំពីសម្លៀកបំពាក់? ចូរសង្កេតរបៀបដែលផ្កាលីលីនៅទីវាលលូតលាស់ចុះ។ វាមិនធ្វើការនឿយហត់ ហើយក៏មិនត្បាញរវៃដែរ។ 29 ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែសាឡូម៉ូនដែលប្រកបដោយសិរីរុងរឿងដ៏ប្រសើរបំផុត ក៏មិនបានតែងកាយដូចផ្កាមួយទងក្នុងចំណោមផ្កាទាំងនេះផង។ 30 មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះទ្រង់តុបតែងស្មៅនៅតាមទីវាល ដែលមាននៅថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេបោះទៅក្នុងឡភ្លើងយ៉ាងដូច្នេះទៅហើយ តើព្រះអង្គមិនតុបតែងអ្នករាល់គ្នាឲ្យលើសជាងទេឬ? 31 ដូច្នេះ កុំបារម្ភដោយពោលថា: ‘យើងត្រូវហូបអ្វី? ត្រូវផឹកអ្វី? ត្រូវស្លៀកពាក់អ្វី?’ នោះឡើយ 32 ដ្បិតសាសន៍ដទៃតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងអស់នេះ។ 33 ផ្ទុយទៅវិញ ចូរស្វែងរកអាណាចក្ររបស់ព្រះនិងសេចក្ដីសុចរិតរបស់ព្រះអង្គជាមុនសិន ហើយរបស់ទាំងអស់នេះនឹងត្រូវបានបន្ថែមដល់អ្នករាល់គ្នា។ 34 ដូច្នេះ កុំបារម្ភអំពីថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងបារម្ភអំពីខ្លួនវា។ មួយថ្ងៃៗមានការលំបាកល្មមសម្រាប់ខ្លួនវាហើយ។ |