ពួកហោរាចារ្យសួរសុខទុក្ខស្ដេចថ្មី1 បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម 2 សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។ 3 នៅពេលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានអំពល់ ហើយអ្នកយេរូសាឡិមទាំងមូលក៏មានអំពល់ជាមួយទ្រង់ដែរ។ 4 ស្ដេចបានកោះប្រជុំអស់ទាំងនាយកបូជាចារ្យ និងគ្រូវិន័យរបស់ប្រជាជន ហើយសួរពួកគេអំពីកន្លែងដែលព្រះគ្រីស្ទប្រសូត។ 5 ពួកគេទូលស្ដេចថា៖ “នៅបេថ្លេហិមក្នុងយូឌា។ ដ្បិតមានសរសេរទុកមកតាមរយៈព្យាការីដូច្នេះថា: 6 ‘បេថ្លេហិមក្នុងដែនដីរបស់យូដាអើយ! អ្នកមិនតូចជាងគេក្នុងបណ្ដាចៅហ្វាយនៃយូដាសោះឡើយ ដ្បិតនឹងមានអ្នកដឹកនាំម្នាក់ចេញមកពីអ្នក លោកនឹងឃ្វាលអ៊ីស្រាអែលប្រជារាស្ត្ររបស់យើង’”។ 7 ពេលនោះ ហេរ៉ូឌបានហៅហោរាចារ្យទាំងនោះមកដោយសម្ងាត់ ហើយសាកសួរពួកគេអំពីពេលវេលាដែលផ្កាយនោះបានលេចមក។ 8 បន្ទាប់មក ស្ដេចចាត់ពួកគេឲ្យទៅបេថ្លេហិម ដោយមានរាជឱង្ការថា៖ “ចូរទៅសួរឲ្យច្បាស់អំពីព្រះកុមារនោះចុះ។ កាលណារកឃើញហើយ ចូររាយការណ៍មកយើង ដើម្បីឲ្យយើងទៅថ្វាយបង្គំដែរ”។ 9 ក្រោយពីទទួលរាជឱង្ការពីស្ដេចហើយ ពួកគេក៏ចាកចេញទៅ។ ពេលនោះ មើល៍! ផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនោះនាំមុខពួកគេ រហូតមកឈប់នៅលើកន្លែងដែលព្រះកុមារគង់នៅ។ 10 នៅពេលឃើញផ្កាយនោះ ពួកគេក៏មានអំណរអរសប្បាយយ៉ាងខ្លាំងក្រៃលែង។ 11 ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។ 12 បន្ទាប់មក ពួកគេត្រូវព្រះដាស់តឿនក្នុងយល់សប្តិ មិនឲ្យត្រឡប់ទៅរកហេរ៉ូឌវិញឡើយ ពួកគេក៏ចាកចេញទៅស្រុករបស់ខ្លួនតាមផ្លូវមួយផ្សេងទៀត។ រត់គេចទៅអេហ្ស៊ីប13 ក្រោយពីហោរាចារ្យទាំងនោះបានចាកចេញទៅហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិ ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ រត់គេចទៅអេហ្ស៊ីបទៅ ហើយចូរនៅទីនោះរហូតដល់យើងប្រាប់អ្នក ពីព្រោះហេរ៉ូឌរៀបនឹងរកបំផ្លាញជីវិតព្រះកុមារហើយ”។ 14 យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គ ចាកចេញទៅអេហ្ស៊ីបទាំងយប់ 15 ហើយរស់នៅទីនោះរហូតដល់ហេរ៉ូឌសោយទិវង្គត ដើម្បីឲ្យសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា:“យើងបានហៅបុត្ររបស់យើងចេញពីអេហ្ស៊ីបមក”។ សម្លាប់រង្គាលក្មេងតូច16 នៅពេលហេរ៉ូឌឃើញថាខ្លួនចាញ់បោកហោរាចារ្យទាំងនោះ ទ្រង់ក៏ខ្ញាល់យ៉ាងខ្លាំង ហើយចាត់គេឲ្យទៅ សម្លាប់ក្មេងប្រុសទាំងអស់ដែលនៅបេថ្លេហិម និងតំបន់ទាំងអស់ជុំវិញបេថ្លេហិម ចាប់ពីអាយុពីរឆ្នាំចុះក្រោម យោងតាមពេលវេលាដែលទ្រង់បានសាកសួរពីពួកហោរាចារ្យ។ 17 ពេលនោះ សេចក្ដីដែលបានថ្លែងមកតាមរយៈព្យាការីយេរេមាត្រូវបានបំពេញឲ្យសម្រេច ដែលថា: 18 “មានឮសំឡេងពីរ៉ាម៉ា ជាសំឡេងទំនួញ និងសំឡេងទុក្ខព្រួយយ៉ាងខ្លាំង។ រ៉ាជែលកំពុងយំសោកនឹងកូនៗរបស់នាង នាងមិនព្រមទទួលការសម្រាលទុក្ខឡើយ ដ្បិតពួកគេមិននៅទៀតទេ” ។ តាំងទីលំនៅនៅណាសារ៉ែត19 ក្រោយពីហេរ៉ូឌសោយទិវង្គតហើយ មើល៍! មានទូតសួគ៌របស់ព្រះអម្ចាស់លេចមកដល់យ៉ូសែបក្នុងយល់សប្តិនៅអេហ្ស៊ីប 20 ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គទៅដែនដីអ៊ីស្រាអែលវិញចុះ ដ្បិតពួកអ្នកដែលចង់យកជីវិតព្រះកុមារ បានស្លាប់អស់ហើយ”។ 21 យ៉ូសែបក៏ក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គចូលទៅដែនដីអ៊ីស្រាអែលវិញ។ 22 ប៉ុន្តែនៅពេលឮថាអើខេឡោសសោយរាជ្យនៅយូឌាជំនួសហេរ៉ូឌបិតារបស់ទ្រង់ យ៉ូសែបមិនហ៊ានទៅទីនោះទេ។ ពេលត្រូវព្រះដាស់តឿនក្នុងយល់សប្តិ គាត់ក៏ចាកចេញទៅតំបន់កាលីឡេវិញ 23 គឺទៅដល់ទីក្រុងមួយដែលគេហៅថាណាសារ៉ែត ហើយរស់នៅទីនោះ ដើម្បីឲ្យសេចក្ដីដែលបានថ្លែងមកតាមរយៈបណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច ដែលថា: “ព្រះអង្គនឹងត្រូវគេហៅថា អ្នកណាសារ៉ែត”៕ |