ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ម៉ាថាយ 13 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ម៉ាថាយ 13

ពាក្យឧបមាអំពីអ្នកសាបព្រោះ

1 នៅ​ថ្ងៃ​ដដែល​នោះ ព្រះយេស៊ូវ​បាន​យាង​ចេញ​ពី​ផ្ទះ​ទៅ​គង់ចុះ​នៅ​មាត់បឹង​។

2 មាន​ហ្វូងមនុស្ស​ជាច្រើន​បាន​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ក៏​យាង​ទៅ​គង់ចុះ​ក្នុង​ទូក រីឯ​ហ្វូងមនុស្ស​ទាំងមូល​ឈរ​នៅតាម​មាត់បឹង​។

3 ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។

4 នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ហើយ​បក្សាបក្សី​ក៏​មក​ស៊ីអស់​។

5 គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​កន្លែងសម្បូរថ្ម ជា​កន្លែងដែល​មិនមាន​ដី​ច្រើន វា​ក៏​ដុះឡើង​ភ្លាម ដោយសារ​ដី​មិនជ្រៅ

6 ប៉ុន្តែ​នៅពេល​ថ្ងៃរះឡើង វា​ក៏​ស្លោក ហើយ​ដោយសារ​គ្មាន​ឫស វា​ក៏​ក្រៀមស្វិត​ទៅ​។

7 គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​ក្នុង​គុម្ពបន្លា មែកបន្លា​ក៏​លូតលាស់ ហើយ​រួបរឹត​វា​។

8 រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ហើយ​វា​បង្កើត​ផល គឺ​ខ្លះ​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប​។

9 អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ!”។

ហេតុដែលព្រះយេស៊ូវទ្រង់ប្រើពាក្យឧបមា

10 បន្ទាប់មក ពួក​សិស្ស​ក៏​ចូលមកជិត ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​លោក​និយាយ​នឹង​គេ​ជា​ពាក្យឧបមា​?”។

11 ព្រះអង្គ​មានបន្ទូល​ឆ្លើយ​នឹង​ពួកគេ​ថា​៖“ពីព្រោះ​អាថ៌កំបាំង​នៃ​អាណាចក្រស្ថានសួគ៌​បាន​ប្រទានឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នកទាំងនោះ​វិញ មិន​បាន​ប្រទានឲ្យ​យល់​ទេ​។

12 ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។

13 នេះជាហេតុដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ជា​ពាក្យឧបមា គឺ​ដោយសារ​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​ឮ ហើយក៏មិន​យល់​ដែរ​។

14 ដូច្នេះ ពាក្យព្យាករ​របស់​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច​នៅក្នុង​ពួកគេ ដែល​ថា​: ‘អ្នករាល់គ្នា​នឹង​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់​សោះឡើយ​; អ្នករាល់គ្នា​នឹង​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក​សោះឡើយ​;

15 ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។

16 ប៉ុន្តែ​ភ្នែក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​មើលឃើញ​; ត្រចៀក​របស់អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​បាន​ស្ដាប់ឮ​។

17 ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្យាការី និង​មនុស្ស​សុចរិត​ជាច្រើន​ប្រាថ្នាចង់​ឃើញ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ ប៉ុន្តែ​មិន​បាន​ឃើញ​ទេ ពួកគេ​ប្រាថ្នាចង់​ឮ​អ្វីដែល​អ្នករាល់គ្នា​កំពុងតែ​ឮ ប៉ុន្តែ​មិន​បាន​ឮ​ឡើយ​។

ការបកស្រាយពាក្យឧបមាអំពីអ្នកសាបព្រោះ

18 “ដូច្នេះ ចូរ​អ្នករាល់គ្នា​ស្ដាប់​ពាក្យឧបមា​អំពី​អ្នកសាបព្រោះ​ចុះ​។

19 អស់អ្នក​ដែល​ឮ​ព្រះបន្ទូល​នៃ​អាណាចក្រ​របស់ព្រះ ហើយ​មិន​យល់ មេអាក្រក់​ក៏​មក​កញ្ឆក់​យក​អ្វី​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​ចិត្ត​របស់​អ្នកនោះ​។ នេះ​ជា​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​នៅក្បែរ​ផ្លូវ។

20 គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​កន្លែងសម្បូរថ្ម គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​ទទួលយក​ភ្លាម​ដោយ​អំណរ

21 ប៉ុន្តែ​គ្មាន​ឫស​នៅក្នុង​ខ្លួន​ទេ ហើយ​នៅបានតែមួយរយៈ​ប៉ុណ្ណោះ​។ កាលណា​មាន​ទុក្ខវេទនា ឬ​ការបៀតបៀន​ដោយសារតែ​ព្រះបន្ទូល អ្នកនោះ​ក៏​ជំពប់ដួល​ភ្លាម​។

22 គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​ក្នុង​គុម្ពបន្លា គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ប៉ុន្តែ​កង្វល់​ខាង​លោកីយ៍ និង​ការទាក់ទាញ​របស់​ទ្រព្យសម្បត្តិ​រួបរឹត​ព្រះបន្ទូល ធ្វើឲ្យ​មិនបង្កើតផល​ឡើយ​។

23 រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប”។

ពាក្យឧបមាអំពីស្រូវសាលី និងស្រងែ

24 ព្រះយេស៊ូវ​បាន​លើក​ពាក្យឧបមា​មួយទៀត​ដល់​ពួកគេ ដោយ​មានបន្ទូលថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​មនុស្ស​ម្នាក់​ដែល​សាបព្រោះ​គ្រាប់ពូជ​ល្អ​ទៅក្នុង​ស្រែ​របស់​ខ្លួន​។

25 ប៉ុន្តែ​នៅពេល​គេ​ដេកលក់ សត្រូវ​របស់​លោក​បាន​មក ហើយ​សាបព្រោះ​ស្រងែ​ក្នុងចំណោម​ស្រូវសាលី រួច​ចេញបាត់ទៅ​។

26 នៅពេល​ស្រូវ​ដុះឡើង ហើយ​បង្កើត​ផល ស្រងែ​ក៏​បាន​លេចមក​ដែរ​។

27 ពួក​បាវបម្រើ​របស់​ម្ចាស់​ស្រែ​ក៏​ចូលមកជិត សួរ​លោក​ថា​: ‘លោកម្ចាស់​! តើ​លោក​មិន​បាន​សាបព្រោះ​គ្រាប់ពូជ​ល្អ​ក្នុង​ស្រែ​របស់លោក​ទេ​ឬ​? ចុះ​ស្រងែ​ទាំងនេះ​មក​ពីណា​?’។

28 “ម្ចាស់​ក៏​និយាយ​នឹង​ពួកគេ​ថា​: ‘គឺ​សត្រូវ​ទេតើ ដែល​ធ្វើ​ការនេះ’។ “ពួក​បាវបម្រើ​ក៏​សួរ​លោក​ថា​: ‘បើដូច្នេះ តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​ប្រមូល​ស្រងែទាំងនោះ​ឬទេ​?’។

29 “លោក​និយាយថា​: ‘កុំ​អី! ក្រែងលោ​ពេល​អ្នករាល់គ្នា​ប្រមូល​ស្រងែ អ្នករាល់គ្នា​ដក​ដោយទាំង​ស្រូវសាលី​ដែរ​។

30 ទុកឲ្យ​ទាំងពីរ​ដុះជាមួយគ្នា​រហូតដល់‍រដូវច្រូតកាត់​ចុះ​។ នៅ​រដូវ​ច្រូតកាត់ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នកច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជាមុនសិន ហើយ​ចង​ជា​បាច់​ៗ​ដើម្បី​ដុត រីឯ​ស្រូវសាលី​វិញ ឲ្យ​ប្រមូល​ទុក​ក្នុង​ជង្រុក​របស់ខ្ញុំ’”។

ពាក្យឧបមាអំពីគ្រាប់ពូជម៉ូតាត និងមេម្សៅ

31 ព្រះយេស៊ូវ​បាន​លើក​ពាក្យឧបមា​មួយទៀត​ដល់​ពួកគេ ដោយ​មានបន្ទូលថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​គ្រាប់ពូជ​ម៉ូតាត​មួយ ដែល​មនុស្ស​ម្នាក់​បាន​យកទៅ​ព្រោះ​ក្នុង​ចម្ការ​របស់​ខ្លួន​។

32 ថ្វីត្បិតតែ​គ្រាប់ពូជ​នោះ​ល្អិតជាង​គ្រាប់ពូជ​ទាំងអស់​ក៏ដោយ ប៉ុន្តែ​កាលណា​វា​ដុះឡើង វា​បាន​ធំជាង​ដំណាំបន្លែ​ផ្សេងៗ ហើយ​ទៅជា​ដើមឈើ​មួយ បណ្ដាលឲ្យ​បក្សាបក្សីនៅលើអាកាស​មក​ធ្វើសម្បុក​តាម​មែក​របស់​វា”។

33 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​មួយទៀត​ថា​៖“អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​មេម្សៅ​ដែល​ស្ត្រី​ម្នាក់​បាន​យកមក​លាយក្នុង​ម្សៅ​បី​រង្វាល់​រហូតដល់​ធ្វើឲ្យ​ម្សៅ​ទាំងមូល​ដោរឡើង”។

ការប្រើពាក្យឧបមា

34 ព្រះយេស៊ូវ​ទ្រង់​ថ្លែង​សេចក្ដី​ទាំងអស់​នេះ​ដល់​ហ្វូងមនុស្ស​ជា​ពាក្យឧបមា​។ ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ

35 ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “យើង​នឹង​បើក​មាត់​របស់យើង​ជា​ពាក្យឧបមា យើង​នឹង​ថ្លែង​សេចក្ដី​ដែល​ត្រូវបាន​លាក់បាំង​តាំងពី​កំណើត​នៃ​ពិភពលោក” ។

ការបកស្រាយពាក្យឧបមាអំពីស្រូវសាលី និងស្រងែ

36 បន្ទាប់មក ព្រះយេស៊ូវ​យាង​ចាកចេញ​ពី​ហ្វូងមនុស្ស ហើយ​ចូលទៅ​ក្នុង​ផ្ទះ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ព្រះអង្គ ទូលថា​៖ “សូម​ពន្យល់​ពាក្យឧបមា​អំពី​ស្រងែ​ក្នុង​ស្រែ​ដល់​យើងខ្ញុំ​ផង”។

37 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“អ្នក​ដែល​សាបព្រោះ​គ្រាប់ពូជ​ល្អ គឺ​កូនមនុស្ស​។

38 រីឯ​ស្រែ គឺ​ពិភពលោក ហើយ​គ្រាប់ពូជ​ល្អ គឺ​កូន​នៃ​អាណាចក្រ​ស្ថានសួគ៌ ចំណែកឯ​ស្រងែ​វិញ គឺ​កូន​នៃ​មេអាក្រក់

39 សត្រូវ​ដែល​សាបព្រោះ​ស្រងែ គឺ​មារ ការច្រូតកាត់ គឺ​ចុងបញ្ចប់​នៃពិភពលោក ហើយ​ពួក​អ្នកច្រូត គឺ​ទូតសួគ៌​។

40 ដូច្នេះ ដូចដែល​ស្រងែ​ត្រូវ​ប្រមូល ហើយ​ត្រូវ​ដុត​ក្នុង​ភ្លើង​យ៉ាងណា នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។

41 កូនមនុស្ស​នឹង​ចាត់​បណ្ដា​ទូតសួគ៌​របស់​លោក​ឲ្យទៅ​ប្រមូល​អស់ទាំង​សេចក្ដីបណ្ដាលឲ្យជំពប់ដួល និង​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើឥតច្បាប់ ចេញពី​អាណាចក្រ​របស់​លោក

42 ហើយ​បោះ​ពួកគេ​ទៅ​ក្នុង​ឡ​ភ្លើង​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ​។

43 ពេលនោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ត្រចះត្រចង់​ដូច​ព្រះអាទិត្យ ក្នុង​អាណាចក្រ​នៃ​ព្រះ​បិតា​របស់​ពួកគេ។ អ្នក​ដែល​មាន​ត្រចៀក​ចូរ​ស្ដាប់​ចុះ!

ពាក្យឧបមាអំពីកំណប់ និងគជ់ដ៏មានតម្លៃ

44 “អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​កំណប់​ដែល​លាក់ទុក​នៅក្នុង​ចម្ការ​។ មាន​បុរស​ម្នាក់​បាន​រក​វា​ឃើញ ក៏​លាក់ទុក​វិញ ហើយ​ដោយសារតែ​អំណរ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​ចម្ការ​នោះ។

45 “មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​ឈ្មួញ​ម្នាក់​ដែល​ស្វែងរក​គ្រាប់​គជ់​ដ៏ល្អប្រណិត​។

46 កាលណា​រកឃើញ​គជ់​មួយ​គ្រាប់​ដ៏មានតម្លៃ គាត់​ក៏​ទៅ​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន រួច​ទិញ​គជ់នោះ​។

ពាក្យឧបមាអំពីអួន

47 “មួយវិញទៀត អាណាចក្រស្ថានសួគ៌​ប្រៀបដូចជា​អួន​ដែល​គេ​ទម្លាក់​ទៅក្នុង​សមុទ្រ ហើយ​ជាប់បាន​ត្រី​គ្រប់ប្រភេទ​។

48 នៅពេល​អួន​ពេញ​ហើយ គេ​ក៏​អូស​វា​ឡើង​គោក ហើយ​អង្គុយ​ប្រមូល​អ្វី​ដែល​ល្អ​ដាក់​ក្នុង​កញ្ឆេ រីឯ​អ្វី​ដែល​មិនល្អ​វិញ គេ​បោះចោល​ទៅ​ខាងក្រៅ​។

49 នៅ​ចុងបញ្ចប់​នៃពិភពលោក​ក៏​នឹង​កើតមាន​យ៉ាងនោះដែរ​។ បណ្ដា​ទូតសួគ៌​នឹង​ចេញទៅ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញពី​ក្នុងចំណោម​មនុស្ស​សុចរិត

50 រួច​បោះ​ពួកគេ​ទៅ​ក្នុង​ឡ​ភ្លើង​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ”។

ឃ្លាំង​នៃ​សេចក្ដីពិត

51 ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖​“តើ​អ្នករាល់គ្នា​យល់​សេចក្ដី​ទាំងអស់​នេះ​ឬទេ​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “បាទ យល់​ហើយ”។

52 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុនេះហើយបានជា អស់ទាំង​គ្រូវិន័យ ដែល​ធ្វើជាសិស្ស​នៃ​អាណាចក្រស្ថានសួគ៌ ប្រៀបដូចជា​ម្ចាស់ផ្ទះ​ម្នាក់​ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន”។

53 នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ពាក្យឧបមា​ទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពីទីនោះ​។

ត្រូវគេបដិសេធនៅណាសារ៉ែត

54 បន្ទាប់មក ព្រះយេស៊ូវ​យាង​មកដល់​ស្រុកកំណើត​របស់​ព្រះអង្គ ហើយ​បង្រៀន​ប្រជាជន​នៅក្នុង​សាលាប្រជុំ​របស់​គេ ធ្វើឲ្យ​គេ​ស្ងើច​ទាំង​ពោលថា​៖ “តើ​អ្នកនេះ​បាន​ប្រាជ្ញា និង​ការអស្ចារ្យ​ទាំងនេះ​មកពីណា​?

55 តើ​អ្នកនេះ​មិនមែន​ជា​កូន​របស់​ជាងឈើ​ទេ​ឬ​? តើ​ម្ដាយ​របស់​គាត់​មិនមែន​ឈ្មោះ​ម៉ារា ហើយ​ប្អូនប្រុស​របស់​គាត់​មិនមែន​យ៉ាកុប យ៉ូសេ ស៊ីម៉ូន និង​យូដាស​ទេ​ឬ​?

56 ប្អូនស្រី​ទាំងអស់​របស់​គាត់​ក៏​មិនមែន​នៅ​ជាមួយ​យើង​ទេ​ឬ? ចុះ​អ្នកនេះ​បាន​សេចក្ដី​ទាំងអស់​នេះ​មកពីណា​?”។

57 ដូច្នេះ ពួកគេ​ក៏​ជំពប់ដួល​ដោយសារតែ​ព្រះអង្គ​។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្យាការី​គ្មាន​ការអាប់ឱនកិត្តិយស​ទេ លើកលែងតែ​នៅក្នុង​ស្រុកកំណើត និង​ក្នុង​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ”។

58 ដូច្នេះ ព្រះអង្គ​មិន​បាន​ធ្វើ​ការអស្ចារ្យ​ច្រើន​នៅ​ទីនោះ​ទេ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative