ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 97 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 97

លើកតម្កើងព្រះដ៏ខ្ពស់បំផុត

1 ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ចូរឲ្យ​ផែនដី​ត្រេកអរ​! ចូរឲ្យ​កោះ​ជាច្រើន​អរសប្បាយ​!

2 ពពក និង​ភាពងងឹតដ៏ក្រាស់​នៅ​ជុំវិញ​ព្រះអង្គ សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់ព្រះអង្គ​។

3 ភ្លើង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​បញ្ឆេះ​បច្ចាមិត្ត​នៅ​ជុំវិញ​ព្រះអង្គ​។

4 ផ្លេកបន្ទោរ​របស់ព្រះអង្គ​បាន​បំភ្លឺ​ពិភពលោក ផែនដី​បាន​ឃើញ ក៏​ញ័ររន្ធត់​។

5 ភ្នំ​នានា​បាន​រលាយ​ដូច​ក្រមួន​នៅចំពោះ​ព្រះយេហូវ៉ា គឺ​នៅចំពោះ​ព្រះអម្ចាស់​នៃ​ផែនដី​ទាំងមូល​។

6 ផ្ទៃមេឃ​បាន​ប្រកាស​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ប្រជាជាតិ​ទាំងអស់​បាន​ឃើញ​សិរីរុងរឿង​របស់ព្រះអង្គ​។

7 សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!

8 ព្រះយេហូវ៉ា​អើយ ស៊ីយ៉ូន​បាន​ឮ ក៏​អរសប្បាយ កូនស្រី​យូដា​ក៏​ត្រេកអរ​ដែរ ដោយសារតែ​ការជំនុំជម្រះ​របស់ព្រះអង្គ​!

9 ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏ខ្ពស់បំផុត​លើ​ផែនដី​ទាំងមូល​; ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្ពស់​លើ​ព្រះ​ទាំងអស់​!

10 អ្នកដែល​ស្រឡាញ់​ព្រះយេហូវ៉ា​អើយ ចូរ​ស្អប់​ការ​អាក្រក់​! ព្រះអង្គ​ទ្រង់​រក្សា​ព្រលឹង​នៃ​វិសុទ្ធជន​របស់ព្រះអង្គ ព្រះអង្គ​នឹង​រំដោះ​ពួកគេ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​។

11 ពន្លឺ​ត្រូវបាន​សាបព្រោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​អំណរ​ត្រូវបាន​សាបព្រោះ​សម្រាប់​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។

12 មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative