ទំនុកតម្កើង 98 - ព្រះគម្ពីរខ្មែរសាកលច្រៀងសរសើរតម្កើងព្រះមហាក្សត្រ បទតម្កើងមួយ។ 1 ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។ 2 ព្រះយេហូវ៉ាបានសម្ដែងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ព្រះអង្គបានបើកបង្ហាញសេចក្ដីសុចរិតរបស់ព្រះអង្គ នៅចំពោះភ្នែករបស់ប្រជាជាតិនានា។ 3 ព្រះអង្គបាននឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គចំពោះវង្សត្រកូលអ៊ីស្រាអែល; អស់ទាំងចុងបំផុតនៃផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។ 4 ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរ ចូរច្រៀងសរសើរតម្កើង! 5 ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដោយពិណហាប គឺដោយពិណហាប និងសូរទំនុកភ្លេង។ 6 ចូរស្រែកហ៊ោសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះមហាក្សត្រ ដោយត្រែ និងសូរស្នែង! 7 ចូរឲ្យសមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ ព្រមទាំងពិភពលោក និងអ្នកដែលរស់នៅក្នុងវា គ្រហឹមឡើង! 8 ចូរឲ្យទន្លេនានាទះដៃ ចូរឲ្យភ្នំទាំងឡាយច្រៀងដោយអំណរជាមួយគ្នានៅចំពោះព្រះយេហូវ៉ា! 9 ដ្បិតព្រះអង្គនឹងយាងមកដើម្បីជំនុំជម្រះផែនដី ព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ ក៏នឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីទៀងត្រង់៕ |