អធិស្ឋានសុំព្រះឲ្យស្ដារប្រជារាស្ត្រឡើងវិញបទតម្កើងមួយ ជាសេចក្ដីបន្ទាល់របស់អេសាភ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងផ្កាលីលី។ 1 ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង! 2 សូមដាស់ព្រះចេស្ដារបស់ព្រះអង្គឡើង នៅចំពោះអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេផង; សូមយាងមកសង្គ្រោះយើងខ្ញុំផង! 3 ឱព្រះអើយ សូមបង្វែរយើងខ្ញុំមកវិញ; សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ! 4 ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើព្រះអង្គនឹងព្រះពិរោធទាស់នឹងសេចក្ដីអធិស្ឋានរបស់ ប្រជារាស្ត្រព្រះអង្គដល់ពេលណាទៀត? 5 ព្រះអង្គបានឲ្យពួកគេហូបនំប៉័ងនៃទឹកភ្នែក ហើយឲ្យពួកគេផឹកទឹកភ្នែកពេញរង្វាល់។ 6 ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាហេតុបង្កជម្លោះដល់អ្នកជិតខាងរបស់យើងខ្ញុំ ហើយពួកសត្រូវរបស់យើងខ្ញុំសើចចំអកឲ្យយើងខ្ញុំក្នុងចំណោមពួកគេ។ 7 ព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ! 8 ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។ 9 ព្រះអង្គបានរៀបចំកន្លែងនៅចំពោះវា ហើយឲ្យវាចាក់ឫស នោះវាក៏មានពេញលើផែនដី។ 10 ភ្នំនានាត្រូវបានគ្របដណ្ដប់ដោយម្លប់របស់វា ហើយមែករបស់វាក៏គ្របដណ្ដប់ដើមស៊ីដាដ៏ធំឧត្ដម។ 11 វាបោះមែកធាងរហូតដល់សមុទ្រ ហើយពន្លករបស់វាទៅរហូតដល់ទន្លេធំ។ 12 ហេតុអ្វីបានជាព្រះអង្គរំលំរបងរបស់វា ឲ្យអស់អ្នកដែលដើរកាត់ផ្លូវបានបេះផ្លែវាដូច្នេះ? 13 ជ្រូកព្រៃពីព្រៃបំផ្លិចបំផ្លាញវា ហើយសត្វព្រៃនៃទីវាលក៏ស៊ីវាដែរ។ 14 ព្រះនៃពលបរិវារអើយ សូមបែរមកវិញផង! សូមទតមើលពីស្ថានសួគ៌ ហើយគន់មើល ព្រមទាំងមើលថែដើមទំពាំងបាយជូរនេះផង 15 គឺដើមដែលព្រះហស្តស្ដាំរបស់ព្រះអង្គបានដាំ និងមែកដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់។ 16 ដើមទំពាំងបាយជូរនោះត្រូវបានដុតក្នុងភ្លើង ត្រូវបានកាប់ចោល ហើយវិនាសដោយសារតែការស្ដីបន្ទោសនៃព្រះភក្ត្ររបស់ព្រះអង្គ។ 17 សូមឲ្យព្រះហស្តរបស់ព្រះអង្គស្ថិតលើមនុស្សដែលនៅខាងស្ដាំព្រះអង្គ គឺលើកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់! 18 ធ្វើដូច្នេះ យើងខ្ញុំនឹងមិនបែរចេញពីព្រះអង្គឡើយ។ សូមរក្សាជីវិតយើងខ្ញុំផង នោះយើងខ្ញុំនឹងស្រែកហៅព្រះនាមរបស់ព្រះអង្គ។ 19 ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ សូមបង្វែរយើងខ្ញុំមកវិញ; សូមឲ្យព្រះភក្ត្ររបស់ព្រះអង្គបំភ្លឺមកផង ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ!៕ |