ទំនុកតម្កើង 81 - ព្រះគម្ពីរខ្មែរសាកលស្ដាប់តាមដំបូន្មានរបស់ព្រះ បទតម្កើងរបស់អេសាភ សម្រាប់អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេងគីធីត ។ 1 ចូរច្រៀងដោយអំណរទៅកាន់ព្រះដ៏ជាកម្លាំងរបស់យើង ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះរបស់យ៉ាកុប! 2 ចូរបន្លឺចម្រៀងឡើង ចូរវាយក្រាប់ ហើយលេងពិណហាបដ៏ពីរោះ និងពិណបុរាណផង! 3 ចូរផ្លុំស្នែងនៅថ្ងៃចូលខែ គឺនៅថ្ងៃពេញបូណ៌មី នៅថ្ងៃនៃពិធីបុណ្យរបស់យើង! 4 ដ្បិតនេះជាបទបញ្ញត្តិសម្រាប់អ៊ីស្រាអែល ជាច្បាប់របស់ព្រះនៃយ៉ាកុប។ 5 ព្រះអង្គបានតាំងច្បាប់ទាំងនោះជាសេចក្ដីបន្ទាល់សម្រាប់យ៉ូសែប កាលព្រះអង្គបានយាងចេញទៅទាស់នឹងដែនដីអេហ្ស៊ីប។ ខ្ញុំឮភាសាដែលខ្ញុំមិនដែលស្គាល់ និយាយថា៖ 6 “យើងបានដកបន្ទុកចេញពីស្មារបស់គេ; ដៃរបស់គេបានរួចពីការលើកកញ្ឆេ។ 7 នៅក្នុងទុក្ខវេទនា អ្នកបានស្រែកហៅ ហើយយើងបានរំដោះអ្នក; យើងបានតបនឹងអ្នកពីទីលាក់កំបាំងនៃផ្គរលាន់ យើងបានពិសោធអ្នកនៅត្រង់ទឹកមេរីបា។ សេឡា 8 ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក! អ៊ីស្រាអែលអើយ ឱបើអ្នកស្ដាប់តាមយើងទៅអេះ! 9 កុំឲ្យមានព្រះដទៃនៅក្នុងចំណោមអ្នកឡើយ ហើយក៏កុំឲ្យថ្វាយបង្គំព្រះរបស់ជនបរទេសដែរ។ 10 យើងជាយេហូវ៉ា ព្រះរបស់អ្នក ដែលនាំអ្នកឡើងមកពីដែនដីអេហ្ស៊ីប។ ចូរហាមាត់អ្នកឲ្យធំ ហើយយើងនឹងបំពេញវា។ 11 ប៉ុន្តែប្រជារាស្ត្ររបស់យើងមិនបានស្ដាប់តាមសំឡេងរបស់យើងទេ អ៊ីស្រាអែលមិនព្រមនឹងយើងឡើយ។ 12 ដូច្នេះ យើងបានបណ្ដោយពួកគេតាមភាពរឹងរូសនៃចិត្តរបស់ខ្លួន ឲ្យពួកគេដើរតាមគម្រោងរបស់ខ្លួន។ 13 ឱបើប្រជារាស្ត្ររបស់យើងស្ដាប់តាមយើង ហើយអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើងទៅអេះ! 14 នោះយើងនឹងបង្ក្រាបសត្រូវរបស់ពួកគេក្នុងមួយរំពេច ហើយដៃរបស់យើងនឹងបែរមកទាស់នឹងបច្ចាមិត្តរបស់ពួកគេវិញ”។ 15 អ្នកដែលស្អប់ព្រះយេហូវ៉ានឹងខ្លាចរួញខ្លួននៅចំពោះព្រះអង្គ; សូមឲ្យពេលវេលានៃទោសរបស់ពួកគេមាននៅជារៀងរហូត។ 16 ប៉ុន្តែព្រះអង្គនឹងឲ្យអ៊ីស្រាអែលហូបស្រូវសាលីល្អបំផុត ទាំងមានបន្ទូលថា៖ “យើងនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា”៕ |