ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 7

អធិស្ឋានសុំសេចក្ដីយុត្តិធម៌
ទំនុក​ស៊ីកាអុន ​របស់​ដាវីឌ ដែល​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា​អំពី​រឿង​គូស​ជា​ពូជពង្ស​បេនយ៉ាមីន​។

1 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​! សូម​សង្គ្រោះ​ទូលបង្គំ​ពី​អស់អ្នក​ដែល​តាមបៀតបៀន​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង

2 ក្រែងលោ​គេ​ហែក​ព្រលឹង​របស់ទូលបង្គំ​ដូចជា​សិង្ហ គឺ​ហែកជាដុំៗ ហើយ​គ្មានអ្នកណា​រំដោះឲ្យរួច​ឡើយ​។

3 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ប្រសិនបើ​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ ប្រសិនបើ​មាន​អំពើទុច្ចរិត​នៅ​ដៃ​ទាំងពីរ​របស់ទូលបង្គំ

4 ប្រសិនបើ​ទូលបង្គំ​បាន​តបសង​ការ​អាក្រក់​ដល់​អ្នកដែល​នៅសុខសាន្ត​ជាមួយ​ទូលបង្គំ ឬ​ប្លន់​សត្រូវ​របស់ទូលបង្គំ​ដោយ​គ្មានហេតុផល

5 នោះ​សូមឲ្យ​ខ្មាំងសត្រូវ​ដេញតាម​ព្រលឹង​របស់ទូលបង្គំ ហើយ​ទាន់​ចុះ​! សូមឲ្យ​គេ​ជាន់ឈ្លី​ជីវិត​ទូលបង្គំ​នៅនឹង​ដី ហើយ​សូមឲ្យ​គេ​ចោល​សិរីរុងរឿង​របស់ទូលបង្គំ​ទៅក្នុង​ធូលីដី​ទៅ​! សេឡា

6 ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។

7 សូមឲ្យ​សហគមន៍​នៃ​ជាតិសាសន៍​នានា​ផ្ដុំគ្នានៅជុំវិញ​ព្រះអង្គ សូម​ព្រះអង្គ​យាង​ត្រឡប់ទៅ​ស្ថានដ៏ខ្ពស់​វិញ គឺ​ពីលើ​ពួកគេ​។

8 សូម​ព្រះយេហូវ៉ា​ជំនុំជម្រះ​បណ្ដាជន​ផង​; ព្រះយេហូវ៉ា​អើយ សូម​វិនិច្ឆ័យ​ទូលបង្គំ​តាម​សេចក្ដីសុចរិត​របស់ទូលបង្គំ និង​តាម​សេចក្ដីគ្រប់លក្ខណ៍​ដែលស្ថិត​នៅក្នុង​ទូលបង្គំ​ផង​!

9 សូម​ឲ្យ​ការ​អាក្រក់​របស់​មនុស្ស​អាក្រក់​បាន​បញ្ចប់​ទៅ ហើយ​សូម​ព្រះអង្គ​តាំង​មនុស្ស​សុចរិត​ឡើង​! ព្រះ​ដ៏សុចរិតយុត្តិធម៌​អើយ ព្រះអង្គ​ជា​អ្នកដែល​ពិសោធ​ចិត្ត និង​គំនិត​របស់មនុស្ស​។

10 ខែល​របស់ខ្ញុំ​នៅនឹង​ព្រះ​ដែល​សង្គ្រោះ​អ្នកដែល​មាន​ចិត្ត​ទៀងត្រង់​។

11 ព្រះ​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌ គឺជា​ព្រះ​ដែល​ព្រះពិរោធ​នឹងមនុស្សអាក្រក់​ជា​រៀងរាល់ថ្ងៃ​។

12 ប្រសិនបើ​អ្នកណា​មិន​បែរមកវិញ​ទេ ព្រះ​ក៏​សំលៀង​ដាវ​របស់ព្រះអង្គ ហើយ​យឹត​ធ្នូ​តម្រង់​ទៅ​។

13 ព្រះអង្គ​បាន​រៀបចំទុក​នូវ​អាវុធ​មរណៈ​សម្រាប់​អង្គទ្រង់ ព្រមទាំង​ធ្វើឲ្យ​ព្រួញ​របស់ព្រះអង្គ​ទៅជា​ព្រួញ​ភ្លើង​ផង​។

14 មើល៍! មនុស្សអាក្រក់​មានទម្ងន់​ជា​សេចក្ដីទុច្ចរិត គឺ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីកុហក​។

15 គេ​បាន​ជីក​រណ្ដៅ ហើយ​ចូក​ដី​ចេញ ប៉ុន្តែ​បាន​ធ្លាក់​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​ធ្វើ​នោះ​។

16 សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។

17 ខ្ញុំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា ដោយសារតែ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ ហើយ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​ដ៏ខ្ពស់បំផុត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative