ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 57 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 57

ចិត្តនៅស្ថិតស្ថេរដោយជ្រកកោនក្នុងព្រះ
មីកតាំ ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេង​កុំ​បំផ្លាញ កាល​ដាវីឌ​រត់គេច​ពីមុខ​សូល​ទៅក្នុង​រអាងភ្នំ​។

1 សូម​មេត្តា​ដល់​ទូលបង្គំ​ផង ឱ​ព្រះ​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! ដ្បិត​ព្រលឹង​របស់ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​; ទូលបង្គំ​ជ្រកកោន​នៅក្រោម​ម្លប់​នៃ​ស្លាប​របស់ព្រះអង្គ រហូតដល់​ភយន្តរាយ​កន្លងផុតទៅ​។

2 ខ្ញុំ​ស្រែកហៅ​ព្រះ​ដ៏ខ្ពស់បំផុត គឺ​ព្រះ​ដែល​បំពេញឲ្យសម្រេច​ដល់​ខ្ញុំ​។

3 ព្រះអង្គ​នឹង​បញ្ជូន​ពី​ស្ថានសួគ៌​មក ហើយ​សង្គ្រោះ​ខ្ញុំ​; ព្រះអង្គ​បាន​ត្មះតិះដៀល​អ្នកដែល​ជាន់ឈ្លី​ខ្ញុំ​។ សេឡា ព្រះ​នឹង​បញ្ជូន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មក​។

4 ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។

5 ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!

6 ពួកគេ​បាន​រាយ​សំណាញ់​ដើម្បី​ទាក់​ជើង​របស់ខ្ញុំ ព្រលឹង​របស់ខ្ញុំ​ត្រូវបាន​បង្អោនចុះ​។ ពួកគេ​បាន​ជីក​រណ្ដៅ​នៅមុខ​ខ្ញុំ ក៏​ធ្លាក់​ទៅក្នុង​នោះ​វិញ​។ សេឡា

7 ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​! ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ផង​!

8 ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ភ្ញាក់ឡើង​! ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!

9 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​!

10 ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ធំធេង​ដល់​ផ្ទៃមេឃ ហើយ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ធំធេង​ដល់​ពពក​។

11 ឱ​ព្រះ​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ខ្ពស់ជាង​ផ្ទៃមេឃ សូមឲ្យ​សិរីរុងរឿង​របស់ព្រះអង្គ​បាន​ខ្ពស់ជាង​ផែនដី​ទាំងមូល​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative