ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 148 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 148

ចូរឲ្យរបស់សព្វសារពើសរសើរតម្កើងព្រះយេហូវ៉ា

1 ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ស្ថានសួគ៌ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់​!

2 អស់ទាំង​ទូតសួគ៌​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! អស់ទាំង​ពលបរិវារ​របស់ព្រះអង្គ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!

3 ព្រះអាទិត្យ និង​ព្រះចន្ទ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​! ផ្កាយ​ទាំងអស់​ដែល​មាន​ពន្លឺ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!

4 ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!

5 ចូរឲ្យ​របស់ទាំងនោះ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​បង្គាប់ នោះ​វា​ក៏​ត្រូវបាន​និម្មិតបង្កើត​។

6 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​របស់ទាំងនោះ​ស្ថិតស្ថេរ​ជារៀងរហូតអស់កល្បជានិច្ច​; ព្រះអង្គ​បាន​ប្រទាន​បទបញ្ញត្តិ​ដែល​មិន​ផុតទៅ​ឡើយ​។

7 ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ផែនដី​ចុះ​! សត្វសមុទ្រធំសម្បើម និង​អស់ទាំង​ទីជម្រៅ​អើយ

8 ភ្លើង និង​ដុំទឹកកក​អើយ ព្រិល និង​អ័ព្ទ​អើយ ខ្យល់ព្យុះ​ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ

9 ភ្នំ​នានា និង​ទីទួល​ទាំងអស់​អើយ ដើមឈើ​មាន​ផ្លែ និង​ដើមស៊ីដា​ទាំងអស់​អើយ

10 សត្វព្រៃ និង​សត្វស្រុក​ទាំងអស់​អើយ សត្វលូនវារ និង​សត្វស្លាប​អើយ

11 បណ្ដា​ស្ដេច​នៃ​ផែនដី និង​ជាតិសាសន៍​ទាំងអស់​អើយ បណ្ដា​មេដឹកនាំ និង​អស់ទាំង​ចៅក្រម​នៃ​ផែនដី​អើយ

12 ទាំង​មនុស្សកំលោះ​ទាំង​ស្រីក្រមុំ ទាំង​ពួក​ចាស់ៗ​ទាំង​ពួក​ក្មេង​ៗ​អើយ

13 ចូរ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​! ដ្បិត​មានតែ​ព្រះនាម​របស់ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លើកតម្កើង​; អានុភាព​របស់ព្រះអង្គ​ខ្ពស់ជាង​ផែនដី និង​ផ្ទៃមេឃ​ទៅទៀត​។

14 ព្រះអង្គ​បាន​លើក​ស្នែង​មួយ​ឡើង​សម្រាប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដើម្បីឲ្យ​អស់ទាំង​វិសុទ្ធជន​របស់ព្រះអង្គ និង​កូនចៅ​អ៊ីស្រាអែល​ជា​ប្រជារាស្ត្រ​ដ៏ជិតស្និទ្ធ​របស់ព្រះអង្គ សរសើរតម្កើង​ព្រះអង្គ​។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative