ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 143 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 143

សុំព្រះឲ្យសង្គ្រោះ និងដឹកនាំ
បទតម្កើង​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូម​ផ្ទៀងព្រះកាណ៌​នឹង​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​! សូម​ឆ្លើយ​មក​ទូលបង្គំ ស្របតាម​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង​!

2 សូម​កុំ​នាំ​បាវបម្រើ​របស់ព្រះអង្គ​ទៅក្នុង​ការជំនុំជម្រះ​ឡើយ ដ្បិត​នៅចំពោះ​ព្រះអង្គ គ្មាន​មនុស្ស​រស់​ណាម្នាក់​សុចរិត​ឡើយ​។

3 សត្រូវ​តាមបៀតបៀន​ព្រលឹង​របស់ទូលបង្គំ គេ​បាន​ជាន់ឈ្លី​ជីវិត​របស់ទូលបង្គំ​ដល់​ដី គេ​បាន​ធ្វើឲ្យ​ទូលបង្គំ​រស់នៅ​ក្នុង​ទីងងឹត ដូចជា​មនុស្សដែល​ស្លាប់​ជាយូរមកហើយ​។

4 ដោយហេតុនេះ វិញ្ញាណ​របស់ទូលបង្គំ​ចុះខ្សោយ​នៅក្នុង​ទូលបង្គំ ចិត្ត​របស់ទូលបង្គំ​តក់ស្លុត​នៅក្នុង​ទូលបង្គំ​។

5 ទូលបង្គំ​នឹកចាំ​អំពី​សម័យ​បុរាណ ទូលបង្គំ​ជញ្ជឹងគិត​អំពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ ទូលបង្គំ​សញ្ជឹងគិត​អំពី​ស្នាព្រះហស្ត​របស់ព្រះអង្គ​។

6 ទូលបង្គំ​បាន​លាត​ដៃ​របស់ទូលបង្គំ​ទៅ​ព្រះអង្គ ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះអង្គ ដូចជា​ដី​ហួតហែង​។ សេឡា

7 ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​! សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។

8 សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។

9 ព្រះយេហូវ៉ា​អើយ សូម​រំដោះ​ទូលបង្គំ​ពី​សត្រូវ​របស់ទូលបង្គំ​ផង ទូលបង្គំ​បាន​រត់មកលាក់ខ្លួន​នៅក្នុង​ព្រះអង្គ​ហើយ​!

10 សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។

11 ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ​ផង សូម​នាំ​ព្រលឹង​របស់ទូលបង្គំ​ចេញ​ពី​ទុក្ខវេទនា ស្របតាម​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។

12 ដោយសារតែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ សូម​បំផ្លាញជីវិត​ពួក​សត្រូវ​របស់ទូលបង្គំ ហើយ​កម្ទេច​អស់ទាំង​បច្ចាមិត្ត​នៃ​ព្រលឹង​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative