ថ្វាយសិរីរុងរឿងដល់ព្រះតែមួយអង្គគត់1 មិនមែនដល់យើងខ្ញុំឡើយ ព្រះយេហូវ៉ាអើយ មិនមែនដល់យើងខ្ញុំឡើយ គឺដល់ព្រះនាមរបស់ព្រះអង្គវិញ ដែលត្រូវថ្វាយសិរីរុងរឿង ដោយព្រោះសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ! 2 ហេតុអ្វីបានជាប្រជាជាតិនានានិយាយថា៖ “ព្រះរបស់ពួកគេនៅឯណា” ដូច្នេះ? 3 ព្រះរបស់យើងគង់នៅស្ថានសួគ៌ ព្រះអង្គទ្រង់ធ្វើអ្វីៗទាំងអស់ដែលព្រះអង្គសព្វព្រះហឫទ័យ។ 4 រូបបដិមាកររបស់ប្រជាជាតិនានាជាប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ 5 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 6 មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនចេះដឹងក្លិន 7 មានដៃ តែមិនចេះកាន់ មានជើង តែដើរមិនរួច ហើយក៏មិនចេះបញ្ចេញសំឡេងតាមបំពង់កផង។ 8 ពួកអ្នកដែលធ្វើរូបទាំងនោះ និងអស់អ្នកដែលជឿទុកចិត្តលើរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។ 9 អ៊ីស្រាអែលអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។ 10 វង្សត្រកូលអើរ៉ុនអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។ 11 អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរជឿទុកចិត្តលើព្រះយេហូវ៉ា! ព្រះអង្គជាជំនួយ និងជាខែលរបស់ពួកគេ។ 12 ព្រះយេហូវ៉ាបាននឹកចាំយើង ហើយប្រទានពរយើង; ព្រះអង្គនឹងប្រទានពរវង្សត្រកូលអ៊ីស្រាអែល ហើយប្រទានពរវង្សត្រកូលអើរ៉ុន។ 13 ព្រះយេហូវ៉ានឹងប្រទានពរអ្នកដែលកោតខ្លាចព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ។ 14 សូមឲ្យព្រះយេហូវ៉ាបង្កើនចំនួនអ្នករាល់គ្នាឡើង គឺអ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា។ 15 សូមឲ្យមានព្រះពរដល់អ្នករាល់គ្នា ពីព្រះយេហូវ៉ាព្រះសូនបង្កើតនៃផ្ទៃមេឃ និងផែនដី! 16 បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។ 17 មនុស្សស្លាប់មិនសរសើរតម្កើងឡើយ ហើយអស់អ្នកដែលចុះទៅស្ថានស្ងាត់ឈឹងក៏មិនសរសើរតម្កើងព្រះយេហូវ៉ាដែរ។ 18 រីឯយើងវិញ យើងនឹងថ្វាយពរព្រះយេហូវ៉ា ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ហាលេលូយ៉ា!៕ |