Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 116 - ព្រះគម្ពីរខ្មែរសាកល


ព្រះទ្រង់សង្គ្រោះពីសេចក្ដីស្លាប់

1 ខ្ញុំ​ស្រឡាញ់​ព្រះយេហូវ៉ា ដោយព្រោះ​ព្រះអង្គ​ទ្រង់​សណ្ដាប់​សំឡេង​របស់ខ្ញុំ និង​ពាក្យអង្វរករ​របស់ខ្ញុំ

2 និង​ដោយព្រោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ខ្ញុំ ដូច្នេះ នៅក្នុង​ថ្ងៃអាយុ​របស់ខ្ញុំ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះអង្គ​។

3 ចំណង​នៃ​សេចក្ដីស្លាប់​បាន​រុំព័ទ្ធ​ខ្ញុំ ហើយ​ការឈឺចាប់​នៃ​ស្ថានមនុស្សស្លាប់​បាន​ចាប់​ខ្ញុំ​; ខ្ញុំ​ជួប​ទុក្ខវេទនា និង​ទុក្ខព្រួយ​។

4 ពេលនោះ ខ្ញុំ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ថា​៖ “ឱ​ព្រះយេហូវ៉ា​អើយ! សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ផង​!”។

5 ព្រះយេហូវ៉ា​មានព្រះគុណ ហើយ​សុចរិតយុត្តិធម៌ ព្រះ​របស់យើង​មានសេចក្ដីអាណិតមេត្តា​។

6 ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​មនុស្សខ្វះចំណេះដឹង​; នៅពេល​ខ្ញុំ​ដុនដាប ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​។

7 ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​ទីសម្រាក​របស់អ្នក​វិញ​ចុះ ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រព្រឹត្តយ៉ាងសប្បុរស​ដល់​អ្នក​!

8 មែនហើយ ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ខ្ញុំ​ពី​សេចក្ដីស្លាប់ បាន​រំដោះ​ភ្នែក​របស់ខ្ញុំ​ពី​ទឹកភ្នែក ហើយ​បាន​រំដោះ​ជើង​របស់ខ្ញុំ​ពី​ការជំពប់​។

9 ខ្ញុំ​នឹង​ដើរ​នៅចំពោះ​ព្រះយេហូវ៉ា​ក្នុង​ស្ថានមនុស្សរស់​។

10 ខ្ញុំ​បាន​ជឿ ទោះបីជា​ខ្ញុំ​និយាយថា​៖ “ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង”

11 ទោះបីជា​ខ្ញុំ​បាន​និយាយ​ក្នុង​ការ​ភ័យស្លន់​របស់ខ្ញុំ​ថា​៖ “មនុស្ស​ទាំងអស់​សុទ្ធតែ​ភូតភរ” ក៏ដោយ​។

12 តើ​ខ្ញុំ​អាច​តបស្នង​ដល់​ព្រះយេហូវ៉ា សម្រាប់​អស់ទាំង​សេចក្ដីសប្បុរស​របស់ព្រះអង្គ​ចំពោះ​ខ្ញុំ​យ៉ាងដូចម្ដេច​?

13 ខ្ញុំ​នឹង​លើក​ពែង​នៃ​សេចក្ដីសង្គ្រោះ​ឡើង ហើយ​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។

14 ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ​។

15 នៅក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ការស្លាប់​របស់​វិសុទ្ធជន​របស់ព្រះអង្គ មានតម្លៃ​ណាស់​។

16 ឱ​ព្រះយេហូវ៉ា​អើយ! ទូលបង្គំ​ពិតជា​បាវបម្រើ​របស់ព្រះអង្គ​មែន​! ទូលបង្គំ​ជា​បាវបម្រើ​របស់ព្រះអង្គ ជា​កូន​នៃ​ស្រីបម្រើ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​ស្រាយ​ចំណង​ទូលបង្គំ​។

17 ទូលបង្គំ​នឹង​ថ្វាយ​យញ្ញបូជា​នៃ​ការអរព្រះគុណ​ដល់​ព្រះអង្គ ព្រមទាំង​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​ផង​។

18 ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ

19 នៅ​ទីធ្លា​ដំណាក់​របស់​ព្រះយេហូវ៉ា​—— យេរូសាឡិម​អើយ គឺ​នៅកណ្ដាលចំណោម​អ្នក​ហើយ​! ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម