ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 106 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 106

ភាពមិនស្មោះត្រង់របស់អ៊ីស្រាអែលចំពោះព្រះ

1 ហាលេលូយ៉ា​! ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

2 តើ​នរណា​អាច​ថ្លែង​កិច្ចការដ៏មានព្រះចេស្ដា​របស់​ព្រះយេហូវ៉ា​បាន​? តើ​នរណា​អាច​ប្រកាស​សព្វគ្រប់​នូវ​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​បាន​?

3 មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីយុត្តិធម៌ ដែល​អនុវត្ត​សេចក្ដីសុចរិត​គ្រប់ពេល​!

4 ព្រះយេហូវ៉ា​អើយ កាលណា​ព្រះអង្គមាន​សេចក្ដីសន្ដោស​ចំពោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ សូម​នឹកចាំ​ទូលបង្គំ​ផង សូម​មើលថែ​ទូលបង្គំ​ដោយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ផង

5 ដើម្បីឲ្យ​ទូលបង្គំ​ឃើញ​ភាពមានពរ​របស់​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​អរសប្បាយ​ក្នុង​អំណរ​នៃ​ប្រជាជាតិ​របស់ព្រះអង្គ និង​ដើម្បីឲ្យ​ទូលបង្គំ​អួត​ជាមួយ​មរតក​របស់ព្រះអង្គ​!

6 យើងខ្ញុំ​បាន​ប្រព្រឹត្តបាប ដូច​ដូនតា​របស់យើងខ្ញុំ យើងខ្ញុំ​បាន​ប្រព្រឹត្តអំពើទុច្ចរិត ហើយ​ប្រព្រឹត្តអាក្រក់​។

7 ដូនតា​របស់យើងខ្ញុំ​មិន​បាន​ចាប់ភ្លឹក​នឹង​កិច្ចការដ៏អស្ចារ្យ​ទាំងឡាយ​របស់ព្រះអង្គ កាលនៅ​អេហ្ស៊ីប​; ពួកគាត់​មិន​បាន​នឹកចាំ​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ឡើយ ផ្ទុយទៅវិញ ពួកគាត់​បាន​បះបោរ​នៅក្បែរ​សមុទ្រ គឺ​ត្រង់​សមុទ្រ​ក្រហម​។

8 យ៉ាងណាមិញ ព្រះអង្គ​បាន​សង្គ្រោះ​ពួកគាត់​ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ ដើម្បី​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​។

9 ដូច្នេះ ព្រះអង្គ​បាន​ស្ដីបន្ទោស​សមុទ្រ​ក្រហម នោះ​វា​ក៏​រីងទៅ ហើយ​ព្រះអង្គ​បាន​នាំ​ពួកគាត់​ដើរ​កាត់​ទីជម្រៅ ដូច​ដើរ​កាត់​ទីរហោស្ថាន​។

10 ព្រះអង្គ​បាន​សង្គ្រោះ​ពួកគាត់​ពី​កណ្ដាប់ដៃ​របស់​អ្នកដែល​ស្អប់​ពួកគាត់ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគាត់​ពី​កណ្ដាប់ដៃ​របស់​ខ្មាំងសត្រូវ​។

11 ទឹក​ដ៏ច្រើន​បាន​គ្របលើ​បច្ចាមិត្ត​របស់ពួកគាត់ គឺ​គ្មាន​សល់​អ្នកណាម្នាក់​ពីចំណោម​ពួកគេ​ឡើយ​។

12 នោះ​ពួកគាត់​ក៏​ជឿ​លើ​ព្រះបន្ទូល​របស់ព្រះអង្គ ហើយ​ច្រៀង​សរសើរតម្កើង​ព្រះអង្គ​។

13 ប៉ុន្តែ​ពួកគាត់​ឆាប់​ភ្លេច​កិច្ចការ​របស់ព្រះអង្គ ហើយ​មិន​បាន​រង់ចាំ​ដំបូន្មាន​របស់ព្រះអង្គ​ឡើយ​។

14 ពួកគាត់​ចេះតែលោភចង់បាន នៅ​ទីរហោស្ថាន ហើយ​ល្បងល​ព្រះ នៅ​ទីហួតហែង​។

15 ដូច្នេះ ព្រះអង្គ​បាន​ប្រទាន​តាម​សំណូម​របស់ពួកគាត់ ប៉ុន្តែ​ព្រះអង្គ​បាន​បញ្ជូន​សេចក្ដីស្គមស្គាំង​ទៅក្នុង​ព្រលឹង​របស់ពួកគាត់​ដែរ​។

16 នៅក្នុង​ជំរំ ពួកគាត់​ច្រណែន​ម៉ូសេ និង​អើរ៉ុន​ជា​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា

17 នោះ​ដី​ក៏​បើកចំហ ហើយ​លេប​ដាថាន ព្រមទាំង​គ្រប​លើ​បក្សពួក​របស់​អ័ប៊ីរ៉ាម​។

18 ភ្លើង​ឆេះឡើង​ក្នុង​បក្សពួក​របស់ពួកគេ អណ្ដាតភ្លើង​ក៏​បញ្ឆេះ​ពួកមនុស្ស​អាក្រក់​។

19 ពួកគាត់​ធ្វើ​កូនគោ​មួយ​នៅ​ភ្នំហោរែប ពួកគាត់​ថ្វាយបង្គំ​រូបសិត​មួយ

20 គឺ​ពួកគាត់​ប្ដូរ​ព្រះនៃ​សិរីរុងរឿង​របស់ពួកគាត់ នឹង​រូប​គោបា​ដែល​ស៊ី​ស្មៅ​។

21 ពួកគាត់​បាន​ភ្លេច​ព្រះ​ដែលជា​ព្រះសង្គ្រោះ​របស់ពួកគាត់ ដែល​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​នៅ​អេហ្ស៊ីប

22 គឺ​កិច្ចការដ៏អស្ចារ្យ​ដែលធ្វើ​នៅ​ដែនដី​របស់​ហាំ និង​កិច្ចការដែល​គួរឲ្យស្ញែងខ្លាច​នៅ​សមុទ្រ​ក្រហម​។

23 ដូច្នេះ ព្រះអង្គ​មានបន្ទូលថា​នឹង​បំផ្លាញ​ពួកគាត់​; ប្រសិនបើ​ម៉ូសេ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ មិន​បាន​ឈរ​នៅ​ចន្លោះបាក់បែក​នៅចំពោះ​ព្រះអង្គ ដើម្បី​បង្វែរ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​ទេ ម្ល៉េះសម​ព្រះអង្គ​បាន​បំផ្លាញ​ពួកគាត់ហើយ​!

24 ពួកគាត់​បាន​បដិសេធ​ទឹកដី​ដ៏ល្អវិសេស ហើយ​មិន​បាន​ជឿ​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។

25 ពួកគាត់​បាន​រអ៊ូរទាំ​នៅក្នុង​រោង​របស់ខ្លួន ហើយ​មិន​ស្ដាប់តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ឡើយ​។

26 ដូច្នេះ ព្រះអង្គ​បាន​លើកព្រះហស្ត​របស់ព្រះអង្គ​ឡើងស្បថ​ទាស់នឹង​ពួកគាត់ ដើម្បី​ធ្វើឲ្យ​ពួកគាត់​ដួល​នៅ​ទីរហោស្ថាន

27 និង​ដើម្បី​ធ្វើឲ្យ​ពូជពង្ស​របស់ពួកគាត់​ដួល​ក្នុងចំណោម​ប្រជាជាតិ​នានា ព្រមទាំង​ដើម្បី​កម្ចាត់កម្ចាយ​ពួកគាត់​ទៅក្នុង​ទឹកដី​នានា​ផង​។

28 ក្រោយមក ពួកគាត់​បាន​ភ្ជាប់ខ្លួន​នឹង​ព្រះ​បាល-ពេអរ ពួកគាត់​បាន​ហូប​យញ្ញបូជា​របស់​ព្រះដែល​គ្មានជីវិត

29 ពួកគាត់​ធ្វើឲ្យ​ព្រះយេហូវ៉ា​ក្រេវក្រោធ​ដោយ​ទង្វើ​របស់ពួកគាត់ នោះ​ជំងឺឧត្បាត​ក៏​ផ្ទុះឡើង​ក្នុងចំណោម​ពួកគាត់​។

30 ពេលនោះ ភីនេហាស​ឈរឡើង ហើយ​ធ្វើអន្តរាគមន៍ នោះ​ជំងឺឧត្បាត​ក៏​ឈប់​។

31 ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់ ពីជំនាន់មួយទៅជំនាន់មួយ​ជារៀងរហូត​។

32 ពួកគាត់​ក៏​ធ្វើឲ្យ​ព្រះ​ទ្រង់​ព្រះពិរោធ​នៅត្រង់​ទឹក​មេរីបា រហូតដល់​នាំឲ្យមានរឿងអាក្រក់​ដល់​ម៉ូសេ ដោយសារតែ​ពួកគាត់​;

33 ដ្បិត​ពួកគាត់​ធ្វើឲ្យ​វិញ្ញាណ​របស់លោក​ល្វីងជូរចត់ នោះ​លោក​ក៏​និយាយឥតបើគិត​ដោយ​បបូរមាត់​របស់លោក​។

34 ពួកគាត់​មិន​បាន​បំផ្លាញ​សាសន៍​ទាំងឡាយ ដូចដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​ពួកគាត់​ឡើយ

35 ផ្ទុយទៅវិញ ពួកគាត់​បាន​ភប់ប្រសព្វ​ជាមួយ​ប្រជាជាតិ​នានា ហើយ​រៀនចេះ​ការប្រព្រឹត្ត​របស់គេ​។

36 ពួកគាត់​បម្រើ​រូបបដិមាករ​របស់គេ នោះ​វា​ក៏​ទៅជា​អន្ទាក់​ដល់​ពួកគាត់​។

37 ពួកគាត់​ថ្វាយ​កូនប្រុស​កូនស្រី​របស់ខ្លួន​ជាយញ្ញបូជា​ដល់​អារក្ស​;

38 ពួកគាត់​បង្ហូរឈាម​មនុស្ស​ឥតទោស គឺ​ឈាម​របស់​កូនប្រុស​កូនស្រី​របស់ខ្លួន ដែល​ពួកគាត់​បាន​ថ្វាយជាយញ្ញបូជា​ដល់​រូបបដិមាករ​របស់​ពួក​កាណាន ទឹកដី​នោះ​ក៏​សៅហ្មង​ដោយ​ឈាម​។

39 ដូច្នេះ ពួកគាត់​ទៅជាសៅហ្មង​ដោយ​ការប្រព្រឹត្ត​របស់ខ្លួន ហើយ​ប្រព្រឹត្តអំពើផិតក្បត់​ដោយ​ទង្វើ​របស់ខ្លួន​។

40 បន្ទាប់មក ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ​; ព្រះអង្គ​ក៏​ស្អប់ខ្ពើម​មរតក​របស់ព្រះអង្គ

41 ហើយ​ប្រគល់​ពួកគាត់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ប្រជាជាតិ​នានា ព្រមទាំង​ឲ្យ​អ្នកដែល​ស្អប់​ពួកគាត់ គ្រប់គ្រង​លើ​ពួកគាត់​ផង​។

42 សត្រូវ​របស់ពួកគាត់​បាន​សង្កត់សង្កិន​ពួកគាត់ ពួកគាត់​ក៏​ត្រូវបាន​បង្ក្រាប​នៅក្រោម​កណ្ដាប់ដៃ​របស់សត្រូវទាំងនោះ​។

43 ព្រះអង្គ​បាន​រំដោះ​ពួកគាត់​ជាច្រើនដង ប៉ុន្តែ​ពួកគាត់​បាន​បះបោរ​តាម​បំណង​របស់ខ្លួន ហើយ​ធ្លាក់ទៅ​ក្នុង​អំពើទុច្ចរិត​របស់ខ្លួនពួកគាត់​។

44 យ៉ាងណាមិញ កាលណា​ព្រះអង្គ​ទ្រង់​ឮ​សម្រែក​របស់ពួកគាត់ ព្រះអង្គ​ក៏​យកចិត្តទុកដាក់​នឹង​ទុក្ខវេទនា​របស់​ពួកគាត់

45 ហើយ​ដោយយល់ដល់​ពួកគាត់ ព្រះអង្គ​ទ្រង់​នឹកចាំ​សម្ពន្ធមេត្រី​របស់ព្រះអង្គ ក៏​ប្ដូរព្រះហឫទ័យ​ស្របតាម​ភាពបរិបូរ​នៃ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ

46 ព្រមទាំង​ធ្វើឲ្យ​ពួកគាត់​ទទួលបាន​សេចក្ដីមេត្តា នៅចំពោះ​អស់អ្នក​ដែល​ចាប់​ពួកគាត់​ជាឈ្លើយសឹក​ផង​។

47 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ​អើយ សូម​សង្គ្រោះ​យើងខ្ញុំ​ផង សូម​ប្រមូល​យើងខ្ញុំ​ពីចំណោម​ប្រជាជាតិ​នានា ដើម្បីឲ្យ​យើងខ្ញុំ​បាន​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ហើយ​អបអរ​ក្នុង​ការសរសើរតម្កើង​ព្រះអង្គ​ផង​!

48 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប រហូតដល់​អស់កល្ប​។ សូមឲ្យ​ប្រជាជន​ទាំងអស់​និយាយថា​៖ “អាម៉ែន​!”។ ហាលេលូយ៉ា​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative