ពាក្យសន្យារបស់ស្ដេចបទតម្កើងរបស់ដាវីឌ។ 1 ទូលបង្គំនឹងច្រៀងអំពីសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីយុត្តិធម៌។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! 2 ទូលបង្គំនឹងយកចិត្តទុកដាក់ចំពោះផ្លូវគ្រប់លក្ខណ៍។ តើពេលណាព្រះអង្គនឹងយាងមករកទូលបង្គំ? ទូលបង្គំនឹងដើរនៅក្នុងផ្ទះរបស់ទូលបង្គំដោយសេចក្ដីគ្រប់លក្ខណ៍នៃចិត្តរបស់ទូលបង្គំ។ 3 ទូលបង្គំនឹងមិនដាក់សេចក្ដីចង្រៃអ្វីមួយនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។ ទូលបង្គំស្អប់ទង្វើរបស់អ្នកដែលបែរចេញ; ទង្វើទាំងនោះមិននៅជាប់នឹងទូលបង្គំឡើយ។ 4 ចិត្តវៀចវេរនឹងថយចេញពីទូលបង្គំ ទូលបង្គំនឹងមិនព្រមស្គាល់ការអាក្រក់ឡើយ។ 5 អ្នកដែលមួលបង្កាច់អ្នកជិតខាងរបស់ខ្លួនដោយសម្ងាត់ ទូលបង្គំនឹងបំផ្លាញចេញ; អ្នកដែលមានភ្នែកឆ្មើងឆ្មៃ និងចិត្តអំនួត ទូលបង្គំនឹងមិនទ្រាំឡើយ។ 6 ភ្នែករបស់ទូលបង្គំនៅលើអ្នកដែលស្មោះត្រង់ក្នុងស្រុក ដើម្បីឲ្យគេបានរស់នៅជាមួយទូលបង្គំ; អ្នកដែលដើរក្នុងផ្លូវគ្រប់លក្ខណ៍ អ្នកនោះនឹងបម្រើទូលបង្គំ។ 7 អ្នកដែលប្រព្រឹត្តល្បិចកលនឹងមិនស្នាក់នៅក្នុងផ្ទះរបស់ទូលបង្គំទេ អ្នកដែលនិយាយមុសានឹងមិនឈរនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។ 8 រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញពួកមនុស្សអាក្រក់ទាំងអស់ក្នុងស្រុក ដើម្បីកាត់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចេញពីទីក្រុងរបស់ព្រះយេហូវ៉ា៕ |