ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ដានី‌យ៉ែល 7 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ដានី‌យ៉ែល 7

យល់សប្តិរបស់ដានីយ៉ែលអំពីសត្វតិរច្ឆាន

1 នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​បេលសាសារ​ស្ដេច​នៃ​បាប៊ីឡូន ដានីយ៉ែល​បាន​ឃើញ​យល់សប្តិ​មួយ ហើយ​មាន​និមិត្ត​ជាច្រើន​នៅក្នុង​ក្បាល​របស់គាត់​នៅលើ​គ្រែ​របស់គាត់​។ គាត់​ក៏​កត់​យល់សប្តិ​នោះ​ទុក ហើយ​បាន​តំណាលប្រាប់​ខ្លឹមសារ​នៃ​សេចក្ដី​ទាំងនោះ​។

2 ដានីយ៉ែល​និយាយ​ថា​៖ “ខ្ញុំ​កំពុងតែ​សង្កេតមើល​ក្នុង​និមិត្ត​របស់ខ្ញុំ​នៅ​ពេលយប់ នោះ​មើល៍! ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​បាន​កកូរ​មហាសមុទ្រ​!

3 មាន​សត្វធំសម្បើម​បួន​ក្បាល​ឡើង​ពី​សមុទ្រ​មក សត្វនីមួយៗ​ខុសពីគ្នា​។

4 “សត្វ​ទីមួយ​ដូច​សិង្ហ ហើយ​មាន​ស្លាប​របស់​ឥន្ទ្រី​។ ខណៈដែល​ខ្ញុំ​កំពុងតែ​សង្កេតមើល ស្លាប​របស់វា​ត្រូវបាន​ដកចេញ ហើយ​វា​ត្រូវបាន​លើក​ពី​ដី​ឲ្យ​ឈរ​ដោយ​ជើង​ពីរ​ដូចជា​មនុស្ស ហើយ​ចិត្ត​របស់​មនុស្ស​ក៏​ត្រូវបាន​ប្រគល់​ដល់​វា​។

5 “មើល៍! មាន​សត្វ​មួយទៀត​ជាសត្វ​ទីពីរ ដូច​ខ្លាឃ្មុំ​។ វា​ត្រូវបាន​ធ្វើឲ្យ​ឈរ​ដោយ​ចំហៀង​ខ្លួន​ម្ខាង ហើយ​មាន​ឆ្អឹងជំនីរ​បី​នៅក្នុង​មាត់​របស់វា នៅចន្លោះ​ធ្មេញ​របស់វា​។ មាន​បា្រប់​ដល់​វា​ដូច្នេះ​ថា​: ‘ចូរ​ក្រោកឡើង​ត្របាក់ស៊ី​សាច់​ច្រើន​ចុះ​!’។

6 “បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល នោះ​មើល៍! មាន​សត្វ​មួយទៀត​ដូច​ខ្លារខិន​! មាន​ស្លាប​បួន​របស់​បក្សាបក្សី​នៅលើ​ខ្នង​វា​; សត្វ​នោះ​មាន​ក្បាល​បួន ហើយ​អំណាចគ្រប់គ្រង​ត្រូវបាន​ប្រគល់​ដល់​វា​។

7 “បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​សត្វ​ទីបួន​ដែល​គួរឲ្យខ្លាច និង​គួរឲ្យភិតភ័យ ព្រមទាំង​ខ្លាំង​ក្រៃលែង​! វា​មាន​ធ្មេញ​ដែក​ធំ​ៗ ក៏​ត្របាក់ស៊ី និង​បំបាក់បំបែក ហើយ​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា​។ វា​ខុស​ពី​អស់ទាំង​សត្វ​ដែល​នៅមុន​វា ហើយ​វា​មាន​ស្នែង​ដប់​។

8 “ខ្ញុំ​កំពុងតែ​ពិចារណា​អំពី​ស្នែង​ទាំងនោះ នោះ​មើល៍! មាន​ស្នែង​តូច​មួយទៀត​ដុះឡើង​នៅចន្លោះ​ស្នែងទាំងនោះ ហើយ​ស្នែង​បី​ក្នុងចំណោម​ស្នែង​ដំបូង ត្រូវបាន​ដកចេញទាំងឫស នៅចំពោះ​ស្នែងតូចនោះ​។ នោះ​មើល៍! មាន​ភ្នែក​ដូចជា​ភ្នែក​មនុស្ស​លើ​ស្នែង​នោះ ព្រមទាំង​មាន​មាត់​ដែល​និយាយ​ព្រហើន​ផង”។

ព្រះដែលគង់នៅតាំងពីគ្រាបុរាណ និងកូនមនុស្ស

9 “ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល មាន​បល្ល័ង្ក​ទាំងឡាយ​ត្រូវបាន​តាំងឡើង ហើយ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ក៏​បាន​គង់ចុះ​។ ព្រះពស្ត្រ​របស់ព្រះអង្គ​ស​ដូច​ហិមៈ ព្រះកេសា​នៃ​ព្រះសិរ​របស់ព្រះអង្គ​បរិសុទ្ធ​ដូច​រោមចៀម បល្ល័ង្ក​របស់ព្រះអង្គ​មាន​អណ្ដាតភ្លើង កង់​នៃ​បល្ល័ង្កនោះ​ជា​ភ្លើង​ដែល​កំពុង​ឆេះ​។

10 ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។

11 “ពេលនោះ ខ្ញុំ​កំពុងតែ​សង្កេតមើល ដោយព្រោះ​សំឡេង​នៃ​ពាក្យ​ព្រហើន​ដែល​ស្នែង​នោះ​បាន​ពោល​។ ខណៈដែល​ខ្ញុំ​បន្ត​សង្កេតមើល សត្វ​នោះ​ត្រូវបាន​សម្លាប់ ហើយ​សាកសព​វា​ត្រូវបាន​បំផ្លាញ ក៏​ត្រូវបាន​ប្រគល់​ទៅ​ភ្លើងសន្ធោសន្ធៅ​។

12 រីឯ​សត្វ​ឯទៀត​ទាំងនោះ អំណាចគ្រប់គ្រង​របស់ពួកវា​ត្រូវបាន​ដកចេញ យ៉ាងណាមិញ អាយុជីវិត​របស់ពួកវា​ត្រូវបាន​ពន្យារ​រហូតដល់​ពេលកំណត់ និង​គ្រា​មួយ​។

13 ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!

14 អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។

សេចក្ដីកាត់ស្រាយអំពីយល់សប្តិ

15 “រីឯ​ខ្ញុំ ដានីយ៉ែល វិញ្ញាណ​របស់ខ្ញុំ​កើតទុក្ខ​នៅក្នុង​រូបកាយ ហើយ​និមិត្ត​ជាច្រើន​ក្នុង​ក្បាល​របស់ខ្ញុំ​ក៏​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​។

16 ខ្ញុំ​បាន​ចូលទៅជិត​ម្នាក់​ក្នុងចំណោម​ពួកអ្នកដែល​កំពុង​ឈរ ហើយ​សួរ​អ្នកនោះ​អំពី​ការពិត​ទាក់ទងនឹង​ការទាំងអស់​នេះ​។ គាត់​ក៏​ប្រាប់​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ដឹង​ការកាត់ស្រាយ​នៃ​សេចក្ដី​ទាំងនេះ គឺ​:

17 ‘សត្វធំសម្បើម​ទាំង​បួន​នោះ ជា​ស្ដេច​បួន​អង្គ​ដែល​នឹង​ក្រោកឡើង​នៅលើ​ផែនដី​។

18 ប៉ុន្តែ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​ទទួល​រាជ្យ​នោះ ហើយ​កាន់កាប់​រាជ្យ​នោះ​ជារៀងរហូត គឺ​ជារៀងរហូតអស់កល្បជានិច្ច’។

19 “ពេលនោះ ខ្ញុំ​ចង់​ដឹងការពិត​អំពី​សត្វ​ទីបួន​ដែល​ខុស​ពី​សត្វឯទៀត​ទាំងអស់ គឺ​វា​គួរឲ្យខ្លាច​ក្រៃលែង ធ្មេញ​របស់វា​ជា​ដែក ហើយ​ក្រចក​របស់វា​ជា​លង្ហិន ក៏​ត្របាក់ស៊ី បំបាក់បំបែក ព្រមទាំង​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា

20 ហើយ​ខ្ញុំ​ក៏​ចង់ដឹង​អំពី​ស្នែង​ដប់​ដែល​នៅលើ​ក្បាល​របស់វា និង​ស្នែង​មួយទៀត​ដែល​បាន​ដុះឡើង ព្រមទាំង​ស្នែង​បី​ដែល​ជ្រុះ​មុន​ស្នែងនេះ គឺ​ស្នែង​មួយ​ដែល​មាន​ភ្នែក និង​មាត់​ដែល​និយាយ​ព្រហើន ក៏​មាន​សណ្ឋាន​ធំ​ជាង​ស្នែង​គ្នា​វា​។

21 ខ្ញុំ​បាន​បន្ត​សង្កេតមើល ហើយ​ស្នែង​នោះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​វិសុទ្ធជន ក៏​ឈ្នះ​ពួកគេ

22 រហូតដល់​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ​បាន​យាង​មក​ដល់ ហើយ​សេចក្ដីយុត្តិធម៌​ត្រូវបាន​ប្រទាន​ដល់​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត រួច​ពេលវេលា​ដែល​ពួក​វិសុទ្ធជន​បាន​កាន់កាប់​រាជ្យ​នោះ​ក៏​មកដល់​។

23 “ម្នាក់ដែលកំពុងឈរនោះ​បាន​ប្រាប់​ដូច្នេះ​ថា​: ‘សត្វ​ទីបួន​នោះ គឺ​អាណាចក្រ​ទីបួន​នៅលើ​ផែនដី ដែល​ខុស​ពី​អាណាចក្រ​ឯទៀត​ទាំងអស់ ហើយ​វា​នឹង​ត្របាក់ស៊ី​ផែនដី​ទាំងមូល ក៏​ជាន់ឈ្លី ព្រមទាំង​បំបាក់បំបែក​ផែនដី​ផង​។

24 រីឯ​ស្នែង​ទាំង​ដប់​នោះ គឺ​ស្ដេច​ដប់​អង្គ​ដែល​នឹង​ក្រោកឡើង​ពី​អាណាចក្រ​នោះ​។ ក្រោយពី​ស្ដេចទាំងនោះ នឹង​មាន​ស្ដេច​មួយអង្គទៀត​ក្រោកឡើង ទ្រង់​ខុស​ពី​ស្ដេច​មុន​ៗ ក៏​នឹង​បង្ក្រាប​ស្ដេច​បី​អង្គ​នោះ​។

25 ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។

26 ប៉ុន្តែ​ការជំនុំជម្រះ​នឹង​ចាប់ផ្ដើម ហើយ​អំណាចគ្រងរាជ្យ​របស់ទ្រង់​នឹង​ត្រូវបាន​ដកចេញ ដើម្បី​ឲ្យ​ត្រូវបាន​បំផ្លាញ និង​កម្ទេច​រហូតដល់​ទីបំផុត​។

27 នោះ​រាជ្យ និង​អំណាចគ្រប់គ្រង ព្រមទាំង​អានុភាព​នៃ​អាណាចក្រ​ទាំងឡាយ​នៅក្រោម​មេឃ​ទាំងមូល នឹង​ត្រូវបាន​ប្រគល់​ទៅ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​។ អាណាចក្រ​របស់ព្រះអង្គ​ជា​អាណាចក្រ​ដ៏អស់កល្ប ហើយ​គ្រប់ទាំង​អំណាចគ្រប់គ្រង​នឹង​គោរពបម្រើ ព្រមទាំង​ស្ដាប់បង្គាប់​ព្រះអង្គ​ផង’។

28 “ដំណើររឿង​នេះ ចប់​ត្រឹមប៉ុណ្ណេះ​។ រីឯ​ខ្ញុំ ដានីយ៉ែល គំនិត​របស់ខ្ញុំ​បាន​ធ្វើឲ្យ​ខ្ញុំ​តក់ស្លុត​យ៉ាងខ្លាំង ហើយ​ទឹកមុខ​របស់ខ្ញុំ​ក៏​ផ្លាស់ប្ដូរ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​ដំណើររឿង​នេះ​នៅ​តែ​ក្នុង​ចិត្ត​ខ្ញុំ”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative