អ្នកម៉ាល់ត៍ទទួលរាក់ទាក់1 ក្រោយពីរួចជីវិត ទើបយើងដឹងថាកោះនោះឈ្មោះម៉ាល់ត៍។ 2 អ្នកស្រុកនោះបានបង្ហាញចិត្តសប្បុរសមិនធម្មតាដល់យើង។ ដោយសារធ្លាក់ភ្លៀង និងរងាផង ពួកគេក៏បង្កាត់ភ្លើងទទួលយើងទាំងអស់គ្នា។ 3 នៅពេលប៉ូលប្រមូលមែកគុម្ពោតមួយកង ហើយដាក់លើភ្នក់ភ្លើង មានពស់វែកមួយចេញមកដោយសារតែកម្ដៅ ចឹកដៃគាត់ជាប់។ 4 កាលអ្នកស្រុកនោះឃើញពស់កំពុងសំយុងចុះពីដៃរបស់គាត់ ពួកគេនិយាយគ្នាថា៖ “អ្នកនេះប្រាកដជាឃាតករមែនហើយ ទោះបីជាវាគេចរួចពីសមុទ្រក៏ដោយ ក៏ព្រះម៉ែនៃសេចក្ដីយុត្តិធម៌មិនទុកឲ្យវានៅរស់ដែរ”។ 5 ក៏ប៉ុន្តែប៉ូលរលាស់ពស់នោះទៅក្នុងភ្លើង ដោយមិនរងទុក្ខអន្តរាយអ្វីឡើយ។ 6 ពួកគេស្មានថាគាត់រៀបនឹងហើមឡើង ឬដួលស្លាប់ភ្លាម ប៉ុន្តែពេលពួកគេរង់ចាំយូរ ហើយឃើញថាគ្មានអ្វីប្លែកកើតឡើងដល់គាត់សោះ ពួកគេក៏ដូរគំនិត ហើយពោលថាគាត់ជាព្រះវិញ។ ព័ន្ធកិច្ចនៅម៉ាល់ត៍7 នៅជិតកន្លែងនោះ មានដីរបស់មេគ្រប់គ្រងកោះនោះឈ្មោះពូព្លាស។ លោកបានទទួលយើងឲ្យស្នាក់នៅយ៉ាងរាក់ទាក់រយៈពេលបីថ្ងៃ។ 8 ពេលនោះ ឪពុករបស់ពូព្លាសកំពុងដេក ទាំងរងទុក្ខដោយគ្រុន និងរាកមួល។ ប៉ូលចូលទៅជួបគាត់ ហើយប្រោសគាត់ឲ្យជា ដោយអធិស្ឋានដាក់ដៃលើគាត់។ 9 ក្រោយពីការនេះបានកើតឡើង អ្នកឯទៀតនៅកោះនោះដែលមានជំងឺក៏ចូលមកដែរ ហើយពួកគេក៏ត្រូវបានប្រោសឲ្យជា។ 10 ពួកគេគោរពយើងយ៉ាងខ្លាំង ហើយនៅពេលយើងចេញសំពៅ ពួកគេបានជួយឧបត្ថម្ភអ្វីៗដែលយើងត្រូវការ។ ទៅដល់រ៉ូម11 បីខែក្រោយមក យើងបានចេញដំណើរតាមសំពៅមួយពីអ័លេក្សានទ្រាដែលចាំឲ្យផុតរដូវរងានៅកោះនោះ។ សំពៅនោះមានរូបចម្លាក់ព្រះជាបងប្អូនភ្លោះ។ 12 ពេលចូលចតនៅស៊ីរ៉ាគូស យើងស្នាក់នៅទីនោះបីថ្ងៃ 13 ហើយចេញពីទីនោះវាងទៅដល់រេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ទិសខាងត្បូងបក់មក ហើយនៅថ្ងៃទីពីរ យើងមកដល់ពូទីយ៉ូលី។ 14 នៅទីនោះ យើងជួបពួកបងប្អូន ហើយពួកគេអញ្ជើញយើងឲ្យស្នាក់នៅជាមួយពួកគេប្រាំពីរថ្ងៃ។ គឺដូច្នោះឯង ដែលយើងទៅដល់រ៉ូម។ 15 នៅពេលឮដំណឹងអំពីយើង ពួកបងប្អូនក៏ចេញពីទីនោះមករហូតដល់ផ្សារអាប់ពីយូស និងផ្ទះសំណាក់បី ដើម្បីទទួលយើង។ កាលឃើញពួកគេ ប៉ូលក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តក្លាហានឡើង។ 16 ក្រោយពីយើងចូលទៅរ៉ូម គេបានអនុញ្ញាតឲ្យប៉ូលស្នាក់នៅម្នាក់ឯង ដោយមានទាហានម្នាក់យាមគាត់។ សម្ភាសប៉ូលលើកដំបូងដោយជនជាតិយូដានៅរ៉ូម17 បីថ្ងៃក្រោយមក ប៉ូលហៅពួកមេគ្រប់គ្រងរបស់ជនជាតិយូដាមកជុំគ្នា។ នៅពេលពួកគេមកជួបជុំគ្នា ប៉ូលក៏និយាយនឹងពួកគេថា៖ “បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងប្រជាជន ឬទំនៀមទម្លាប់របស់ដូនតាទេ ប៉ុន្តែនៅយេរូសាឡិមខ្ញុំត្រូវបានប្រគល់ជាអ្នកទោស ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។ 18 នៅពេលសួរចម្លើយខ្ញុំរួចហើយ ពួកគេចង់ដោះលែងខ្ញុំ ពីព្រោះខ្ញុំគ្មានទោសអ្វីដល់ស្លាប់ទេ។ 19 ប៉ុន្តែដោយសារពួកយូដាចេះតែប្រកែក ខ្ញុំត្រូវបង្ខំចិត្តប្ដឹងឧទ្ធរណ៍ទៅសេសារ។ នេះមិនមែនថាខ្ញុំមានអ្វីចោទប្រកាន់ជនរួមជាតិរបស់ខ្ញុំទេ។ 20 ហេតុនេះហើយបានជាខ្ញុំអញ្ជើញអ្នករាល់គ្នាឲ្យមកជួប និងសន្ទនា ដ្បិតខ្ញុំជាប់ច្រវាក់នេះដោយសារតែសេចក្ដីសង្ឃឹមនៃអ៊ីស្រាអែល”។ 21 ពួកគេក៏និយាយនឹងប៉ូលថា៖ “យើងមិនបានទទួលសំបុត្រពីយូឌា ស្ដីអំពីលោកឡើយ ហើយក៏គ្មានអ្នកណាក្នុងបងប្អូនរួមជាតិមករាយការណ៍ ឬនិយាយអ្វីអាក្រក់អំពីលោកដែរ។ 22 ប៉ុន្តែយើងគិតថាគួរស្ដាប់គំនិតរបស់លោកពីលោក ដ្បិតយើងដឹងច្បាស់ថា នៅគ្រប់ទីកន្លែង គេនិយាយប្រឆាំងនឹងនិកាយនេះមែន”។ ប្រតិកម្មនឹងការផ្សព្វផ្សាយរបស់ប៉ូល23 ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។ 24 មានអ្នកខ្លះទទួលជឿដោយសារអ្វីដែលគាត់និយាយ ប៉ុន្តែអ្នកខ្លះទៀតនៅតែមិនជឿ។ 25 នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ 26 ថា: ‘ចូរទៅរកជនជាតិនេះ ហើយនិយាយថា: អ្នករាល់គ្នានឹងស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែមិនយល់សោះឡើយ; អ្នករាល់គ្នានឹងមើលហើយមើលទៀត ប៉ុន្តែមិនចាប់ភ្លឹកសោះឡើយ; 27 ដ្បិតចិត្តរបស់ប្រជាជននេះបានស្ពឹក ត្រចៀកពួកគេធ្ងន់ពិបាកស្ដាប់ ហើយភ្នែកពួកគេបិទហើយ ក្រែងលោពួកគេបានឃើញនឹងភ្នែក ឮនឹងត្រចៀក យល់ដោយចិត្ត បែរមកវិញ ហើយក្រែងលោយើងនឹងប្រោសពួកគេឲ្យជា’។ 28 ដូច្នេះ ចូរឲ្យអ្នករាល់គ្នាដឹងច្បាស់ថា សេចក្ដីសង្គ្រោះនេះរបស់ព្រះ បានប្រទានដល់សាសន៍ដទៃវិញ ហើយពួកគេនឹងស្ដាប់!”។ 29 ពេលគាត់និយាយសេចក្ដីទាំងនេះហើយ ពួកជនជាតិយូដាក៏ចាកចេញទៅ ទាំងជជែកគ្នាយ៉ាងខ្លាំង។ ប៉ូលផ្សព្វផ្សាយដោយគ្មានការរារាំង30 រីឯប៉ូលបានស្នាក់នៅផ្ទះជួលរបស់គាត់ពេញពីរឆ្នាំ ហើយទទួលអស់អ្នកដែលមកជួបគាត់។ 31 គាត់ប្រកាសអាណាចក្ររបស់ព្រះ និងបង្រៀនសេចក្ដីដែលទាក់ទងនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយបើកចំហ គ្មានការហាមឃាត់ឡើយ៕៚ |