1 “អស់លោកជាបងប្អូន និងជាឪពុកអើយ ឥឡូវនេះសូមស្ដាប់ពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំទៅកាន់អ្នករាល់គ្នាសិន!”។ 2 នៅពេលប្រជាជនបានឮប៉ូលនិយាយជាភាសាហេព្រើរ ពួកគេរឹតតែស្ងៀមស្ងាត់ថែមទៀត។ នោះប៉ូលនិយាយបន្តថា៖ 3 “ខ្ញុំជាជនជាតិយូដា បានកើតនៅតើសុសក្នុងគីលីគា ប៉ុន្តែធំឡើងនៅទីក្រុងនេះ ហើយទទួលការអប់រំតាមក្រឹត្យវិន័យរបស់ដូនតាយ៉ាងតឹងរ៉ឹង ក្រោមការបង្រៀនរបស់កាម៉ាលាល។ ខ្ញុំជាអ្នកស៊ប់ចំពោះព្រះ ដូចអ្នកទាំងអស់គ្នានៅសព្វថ្ងៃនេះដែរ។ 4 ខ្ញុំបានបៀតបៀនមាគ៌ានេះ ដោយចងទាំងប្រុសទាំងស្រីដាក់គុក រហូតដល់ស្លាប់ 5 ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។ ទីបន្ទាល់របស់ប៉ូល6 “ខណៈដែលខ្ញុំកំពុងធ្វើដំណើរទៅជិតដល់ដាម៉ាស់ មានកើតឡើងដូច្នេះ: ប្រហែលជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃចាំងមកជុំវិញខ្ញុំ។ 7 ខ្ញុំក៏ដួលទៅលើដី ហើយឮសំឡេងមួយនិយាយនឹងខ្ញុំថា:‘សូល សូល! ហេតុអ្វីបានជាអ្នកបៀតបៀនយើង?’។ 8 “ខ្ញុំក៏តបថា: ‘ព្រះអម្ចាស់! តើព្រះអង្គជានរណា?’។ “ព្រះអង្គមានបន្ទូលនឹងខ្ញុំថា:‘យើងគឺយេស៊ូវអ្នកណាសារ៉ែត ដែលអ្នកកំពុងបៀតបៀន’។ 9 រីឯអ្នកដែលនៅជាមួយខ្ញុំបានឃើញពន្លឺនោះមែន ប៉ុន្តែមិនបានឮសំឡេងដែលនិយាយនឹងខ្ញុំនោះទេ។ 10 “ខ្ញុំនិយាយថា: ‘ព្រះអម្ចាស់ តើទូលបង្គំត្រូវធ្វើដូចម្ដេច?’។ “ព្រះអម្ចាស់មានបន្ទូលនឹងខ្ញុំថា:‘ចូរក្រោកឡើង ចូលទៅដាម៉ាស់ចុះ ហើយនៅទីនោះ គេនឹងប្រាប់អ្នកនូវអ្វីៗទាំងអស់ដែលបានកំណត់ឲ្យអ្នកធ្វើ’។ 11 “ដោយខ្ញុំមើលមិនឃើញព្រោះតែរស្មីរុងរឿងនៃពន្លឺនោះ ខ្ញុំក៏ត្រូវអ្នកដែលនៅជាមួយខ្ញុំ ដឹកដៃចូលទៅដាម៉ាស់។ 12 មានបុរសម្នាក់ឈ្មោះអាណានាស គាត់មានជំនឿស៊ប់ស្របតាមក្រឹត្យវិន័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមជនជាតិយូដាទាំងអស់ដែលរស់នៅទីនោះ។ 13 គាត់បានមករកខ្ញុំ ហើយឈរនៅក្បែរខ្ញុំ ទាំងនិយាយថា: ‘សូលជាបងប្អូនអើយ ចូរឲ្យអ្នកបានមើលឃើញវិញចុះ!’ នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់។ 14 គាត់និយាយទៀតថា: ‘ព្រះនៃដូនតារបស់យើងបានជ្រើសរើសអ្នកឲ្យស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គ និងឲ្យឃើញព្រះអង្គដ៏សុចរិតយុត្តិធម៌ ព្រមទាំងឲ្យឮព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះអង្គផង 15 ដ្បិតអ្នកនឹងបានជាសាក្សីរបស់ព្រះអង្គដល់មនុស្សទាំងអស់ អំពីអ្វីដែលអ្នកបានឃើញ និងបានឮ។ 16 ឥឡូវនេះ តើអ្នកបង្អែបង្អង់អីទៀត? ចូរក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយលាងសម្អាតបាបរបស់អ្នក ដោយហៅរកព្រះនាមរបស់ព្រះអង្គទៅ!’។ 17 “ក្រោយមក ខ្ញុំបានត្រឡប់មកយេរូសាឡិមវិញ ហើយខណៈដែលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មារតី 18 ឃើញព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា:‘ចូរប្រញាប់ចាកចេញពីយេរូសាឡិមភ្លាម ពីព្រោះគេនឹងមិនទទួលយកពាក្យបន្ទាល់របស់អ្នកអំពីយើងទេ’។ 19 “ខ្ញុំទូលថា: ‘ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងហើយថា ទូលបង្គំតែងតែចាប់អ្នកដែលជឿទុកចិត្តលើព្រះអង្គដាក់គុក ព្រមទាំងវាយពួកគេនៅតាមសាលាប្រជុំផង។ 20 កាលគេបានបង្ហូរឈាមស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ទូលបង្គំផ្ទាល់ក៏ឈរនៅទីនោះដែរ ដោយយល់ស្រប ថែមទាំងយាមអាវវែងរបស់ពួកអ្នកដែលសម្លាប់គាត់ទៀតផង’។ 21 “ព្រះអម្ចាស់ក៏មានបន្ទូលនឹងខ្ញុំថា:‘ចូរទៅចុះ! ដ្បិតយើងនឹងចាត់អ្នកឲ្យទៅឆ្ងាយ ទៅរកបណ្ដាសាសន៍ដទៃ’”។ សញ្ជាតិរ៉ូម៉ាំងរបស់ប៉ូល22 ពួកគេស្ដាប់ប៉ូលដល់ត្រឹមពាក្យនេះ ក៏ស្រែកឡើងថា៖ “កម្ចាត់មនុស្សបែបនេះចេញពីផែនដីទៅ! មិនគួរឲ្យវានៅរស់ទេ!”។ 23 ពួកគេស្រែកឡើង ទាំងគ្រវែងអាវវែងរបស់ខ្លួនចោល ហើយបាចធូលីទៅក្នុងខ្យល់។ 24 មេបញ្ជាការក៏បញ្ជាឲ្យនាំប៉ូលចូលទៅក្នុងបន្ទាយ ហើយប្រាប់ឲ្យសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងមូលហេតុដែលពួកគេស្រែកដាក់គាត់ដូច្នេះ។ 25 ប៉ុន្តែនៅពេលពួកគេបានចងសន្ធឹងប៉ូលនឹងខ្សែស្បែក គាត់ក៏និយាយនឹងមេទាហានលើមួយរយនាក់ ដែលឈរនៅទីនោះថា៖ “តើការដែលពួកលោកវាយមនុស្សដែលមានសញ្ជាតិរ៉ូម៉ាំងនឹងខ្សែតីដោយមិនបានកាត់ក្ដី ត្រូវច្បាប់ឬទេ?”។ 26 នៅពេលឮដូច្នេះ មេទាហានលើមួយរយនាក់ក៏ចូលទៅរាយការណ៍ដល់មេបញ្ជាការថា៖ “តើលោកបម្រុងនឹងធ្វើអ្វី? ដ្បិតអ្នកនេះមានសញ្ជាតិរ៉ូម៉ាំង!”។ 27 មេបញ្ជាការក៏ចូលមកជិត សួរប៉ូលថា៖ “ចូរប្រាប់ខ្ញុំមក៍! តើអ្នកមានសញ្ជាតិរ៉ូម៉ាំងឬ?”។ ប៉ូលឆ្លើយថា៖ “បាទ ខ្ញុំមាន”។ 28 មេបញ្ជាការនិយាយថា៖ “ខ្ញុំបានទិញសញ្ជាតិនេះដោយចំនួនប្រាក់ជាច្រើន”។ ប៉ូលនិយាយថា៖ “ខ្ញុំមានសញ្ជាតិនេះតាំងពីកំណើតមកម្ល៉េះ”។ 29 ពេលនោះ ពួកអ្នកដែលបម្រុងនឹងសួរចម្លើយគាត់ ក៏ដកខ្លួនចេញភ្លាម។ មេបញ្ជាការក៏ភ័យខ្លាច ដោយដឹងថាប៉ូលមានសញ្ជាតិរ៉ូម៉ាំង និងដឹងថាខ្លួនបានចាប់ចងគាត់។ ប៉ូលនៅមុខក្រុមប្រឹក្សា30 នៅថ្ងៃបន្ទាប់ ដោយមេបញ្ជាការចង់ដឹងយ៉ាងច្បាស់លាស់នូវមូលហេតុដែលប៉ូលត្រូវពួកជនជាតិយូដាចោទប្រកាន់ ដូច្នេះលោកក៏ស្រាយប៉ូល ហើយបញ្ជាឲ្យពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាទាំងមូលមកជួបជុំគ្នា រួចនាំប៉ូលមកឲ្យឈរនៅមុខពួកគេ។ |