កិច្ចការ 21 - ព្រះគម្ពីរខ្មែរសាកលឃាត់កុំឲ្យទៅយេរូសាឡិម 1 យើងបានចាកចេញពីពួកគេ ក៏ចុះសំពៅ ហើយទៅត្រង់រហូតដល់កូស។ នៅថ្ងៃបន្ទាប់ យើងទៅដល់រ៉ូដូស ហើយពីទីនោះយើងទៅដល់ប៉ាតារ៉ា។ 2 យើងឃើញសំពៅមួយដែលនឹងឆ្លងទៅហ្វេនីស៊ី ដូច្នេះយើងក៏ចុះសំពៅចេញដំណើរទៅ។ 3 យើងបន្តដំណើរទៅស៊ីរី ទាំងឃើញស៊ីពរ៍នៅខាងឆ្វេង ក៏បង្ហួសទៅ រួចចូលចតនៅទីរ៉ុស ពីព្រោះសំពៅត្រូវទម្លាក់ទំនិញនៅទីនោះ។ 4 យើងបានរកឃើញពួកសិស្ស ហើយស្នាក់នៅទីនោះប្រាំពីរថ្ងៃ។ ពួកគេប្រាប់ប៉ូលដោយព្រះវិញ្ញាណ មិនឲ្យឡើងទៅយេរូសាឡិមឡើយ។ 5 ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ 6 យើងក៏លាគ្នាទៅវិញទៅមក ហើយចុះសំពៅ រីឯអ្នកទាំងនោះបានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ 7 នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ 8 នៅថ្ងៃបន្ទាប់ យើងចេញដំណើរទៅដល់សេសារា។ យើងបានចូលទៅក្នុងផ្ទះរបស់ភីលីពអ្នកផ្សាយដំណឹងល្អ ជាម្នាក់ក្នុងអ្នកជំនួយប្រាំពីរនាក់ ហើយស្នាក់នៅជាមួយគាត់។ 9 គាត់មានកូនស្រីព្រហ្មចារីបួននាក់ដែលថ្លែងព្រះបន្ទូល។ 10 ខណៈដែលយើងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានព្យាការីម្នាក់ឈ្មោះអ័ក្កាបុសចុះមកពីយូឌា។ 11 គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។ 12 កាលបានឮពាក្យទាំងនេះ ទាំងយើង និងអ្នកស្រុកនោះក៏អង្វរប៉ូលកុំឲ្យឡើងទៅយេរូសាឡិម។ 13 ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។ 14 ដោយប៉ូលមិនយល់ព្រម យើងក៏ស្ងៀមទៅ ហើយនិយាយថា៖ “សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់បានសម្រេចចុះ”។ ប៉ូលនៅយេរូសាឡិម 15 ប៉ុន្មានថ្ងៃក្រោយមក យើងរៀបចំធ្វើដំណើរ ហើយឡើងទៅយេរូសាឡិម។ 16 មានសិស្សខ្លះពីសេសារាបានរួមដំណើរជាមួយយើងដែរ ទាំងនាំយើងទៅស្នាក់នៅជាមួយអ្នកស៊ីពរ៍ម្នាក់ឈ្មោះម្ន៉ាសុន ដែលជាសិស្សដំបូង។ 17 នៅពេលយើងទៅដល់យេរូសាឡិម បងប្អូនបានទទួលស្វាគមន៍យើងយ៉ាងរីករាយ។ 18 នៅថ្ងៃបន្ទាប់ ប៉ូលបានចូលទៅជួបយ៉ាកុបជាមួយយើង ហើយពួកចាស់ទុំទាំងអស់ក៏មកជួបជុំគ្នានៅទីនោះដែរ។ 19 ក្រោយពីជម្រាបសួរអ្នកទាំងនោះហើយ ប៉ូលក៏រៀបរាប់ប្រាប់ការនីមួយៗដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈការបម្រើរបស់គាត់។ 20 កាលបានឮអំពីការទាំងនេះ ពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ។ បន្ទាប់មក ពួកគេនិយាយនឹងគាត់ថា៖ “ប៉ូលជាបងប្អូនអើយ អ្នកឃើញហើយថា មានមនុស្សរាប់ម៉ឺននាក់ដែលបានជឿក្នុងចំណោមជនជាតិយូដា ហើយពួកគេសុទ្ធតែជាអ្នកស៊ប់ខាងក្រឹត្យវិន័យ។ 21 ប៉ុន្តែពួកគេបានឮអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលនៅក្នុងចំណោមសាសន៍ដទៃ ឲ្យបោះបង់ចោលម៉ូសេ ដោយប្រាប់ពួកគេមិនឲ្យធ្វើពិធីកាត់ស្បែកដល់កូនៗ ឬដើរតាមទំនៀមទម្លាប់ឡើយ។ 22 ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពួកគេមុខជាឮថា អ្នកបានមកដល់មិនខាន។ 23 ដោយហេតុនេះ ចូរអ្នកធ្វើការនេះដែលយើងប្រាប់ចុះ គឺយើងមានបុរសបួននាក់ដែលនៅជាប់បំណន់; 24 ចូរអ្នកយកអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ ព្រមទាំងចេញប្រាក់ឲ្យពួកគេដើម្បីកោរសក់ផង។ ធ្វើដូច្នេះ មនុស្សទាំងអស់នឹងដឹងថា អ្វីដែលពួកគេបានឮអំពីអ្នក នោះមិនពិតទេ ផ្ទុយទៅវិញ ខ្លួនអ្នកផ្ទាល់ក៏ដើរត្រឹមត្រូវ ដោយកាន់តាមក្រឹត្យវិន័យដែរ។ 25 ចំពោះសាសន៍ដទៃដែលបានជឿនោះ យើងបានផ្ញើសំបុត្រហើយ ដោយសម្រេចថា ពួកគេត្រូវចៀសវាងពីអាហារដែលសែនដល់រូបបដិមាករ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ”។ ចលាចលក្នុងបរិវេណព្រះវិហារ 26 ដូច្នេះ នៅថ្ងៃបន្ទាប់ ប៉ូលក៏យកអ្នកទាំងនោះទៅ ហើយធ្វើពិធីជម្រះកាយជាមួយពួកគេ រួចចូលទៅក្នុងព្រះវិហារ បញ្ជាក់ពេលបញ្ចប់នៃថ្ងៃជម្រះកាយ គឺរយៈពេលរហូតដល់ត្រូវថ្វាយតង្វាយ សម្រាប់ពួកគេម្នាក់ៗ។ 27 លុះជិតគ្រប់ប្រាំពីរថ្ងៃនោះ មានជនជាតិយូដាដែលមកពីអាស៊ីបានឃើញប៉ូលនៅក្នុងព្រះវិហារ ក៏ពន្យុះហ្វូងមនុស្សទាំងអស់ ហើយលូកដៃចាប់គាត់ 28 ទាំងស្រែកឡើងថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! មកជួយគ្នា! ជននេះហើយ ជាម្នាក់ដែលបង្រៀនទាស់នឹងប្រជាជន ក្រឹត្យវិន័យ និងកន្លែងនេះ ដល់មនុស្សទាំងអស់នៅគ្រប់ទីកន្លែង។ លើសពីនេះទៅទៀត វាបាននាំជនជាតិក្រិកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីវិសុទ្ធនេះសៅហ្មង”។ 29 តាមពិត ពួកគេបានឃើញទ្រភីមអ្នកអេភេសូរ នៅទីក្រុងជាមួយប៉ូល ដូច្នេះពួកគេស្មានថាប៉ូលបាននាំគាត់ចូលក្នុងព្រះវិហារ។ 30 ពេលនោះ ទីក្រុងទាំងមូលជ្រួលច្របល់ ហើយប្រជាជនក៏រត់មកចោមរោម ពួកគេចាប់ប៉ូលអូសចេញទៅខាងក្រៅព្រះវិហារ រួចទ្វារក៏បានបិទភ្លាម។ 31 ខណៈដែលពួកគេបម្រុងនឹងសម្លាប់ប៉ូល មានដំណឹងទៅដល់មេបញ្ជាការនៃកងទាហានថា យេរូសាឡិមទាំងមូលកំពុងច្របូកច្របល់។ 32 មេបញ្ជាការក៏យកពួកទាហាន និងពួកមេទាហានលើមួយរយនាក់ រត់ចុះទៅរកពួកគេភ្លាម។ នៅពេលឃើញមេបញ្ជាការ និងពួកទាហាន ពួកគេក៏ឈប់វាយប៉ូល។ 33 ពេលនោះ មេបញ្ជាការចូលទៅជិត ហើយចាប់ប៉ូល ព្រមទាំងបញ្ជាឲ្យចងគាត់ដោយច្រវាក់ពីរខ្សែ រួចសាកសួរថាប៉ូលជានរណា ហើយបានធ្វើអ្វី។ 34 ប៉ុន្តែក្នុងចំណោមហ្វូងមនុស្ស មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមិនអាចដឹងអ្វីច្បាស់លាស់បានព្រោះតែភាពវឹកវរ មេបញ្ជាការក៏បញ្ជាឲ្យនាំប៉ូលទៅក្នុងបន្ទាយ។ 35 លុះទៅដល់កាំជណ្ដើរ ប៉ូលត្រូវពួកទាហានលើកសែង ដោយសារតែអំពើហិង្សារបស់ហ្វូងមនុស្ស។ 36 ដ្បិតមានហ្វូងមនុស្សមកតាម ទាំងស្រែកថា៖ “កម្ចាត់វាទៅ!”។ ប៉ូលនិយាយការពារខ្លួននៅមុខប្រជាជន 37 ខណៈដែលពួកទាហានរៀបនឹងនាំប៉ូលចូលទៅក្នុងបន្ទាយ គាត់និយាយនឹងមេបញ្ជាការថា៖ “តើខ្ញុំអាចនិយាយរឿងមួយនឹងលោកបានឬទេ?”។ មេបញ្ជាការក៏តបថា៖ “អ្នកចេះភាសាក្រិកដែរឬ? 38 បើដូច្នេះ តើអ្នកមិនមែនជាជនជាតិអេហ្ស៊ីបដែលពីមុនបានធ្វើកុបកម្ម ហើយនាំអ្នកធ្វើឃាតបួនពាន់នាក់ចេញទៅទីរហោស្ថានទេឬ?”។ 39 ប៉ូលឆ្លើយថា៖ “ខ្ញុំជាជនជាតិយូដា ជាអ្នកតើសុសក្នុងគីលីគា មិនមែនជាពលរដ្ឋទីក្រុងតូចតាចទេ។ ខ្ញុំអង្វរលោក សូមអនុញ្ញាតឲ្យខ្ញុំនិយាយនឹងប្រជាជននេះផង”។ 40 មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖ |