អេសេគាល 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទម្លាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចម្បាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រាអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះអម្ចាស់ព្រះពិរោធ ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នាមិនបានឡើងទៅឯចន្លោះដែលគេបំបាក់ទំលាយកំផែងទេ ក៏មិនបានសង់កំផែងឡើងការពារពួកអ៊ីស្រាអែល ដើម្បីឲ្យគេអាចឈរនៅក្នុងគ្រាចំបាំង នៅថ្ងៃនៃព្រះយេហូវ៉ានោះដែរ អាល់គីតាប ណាពីក្លែងក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួសជុលកំពែងធ្លុះធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជពង្សអ៊ីស្រអែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃរបស់អុលឡោះតាអាឡា»ទេទេ។ |
ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។
គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច! កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន?
ចូរទ្រហោសោកពិលាបចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ថ្ងៃនេះនឹងមកដល់ទុកជាការបំផ្លាញ ដែលមកពីព្រះដ៏មានគ្រប់ព្រះចេស្តា
មើល៍ ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ និងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ។
ដ្បិតនឹងមានថ្ងៃមួយរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ មកលើមនុស្សឫកខ្ពស់ និងមនុស្សមានចិត្តឆ្មើងឆ្មៃ លើអស់អ្នកដែលត្រូវបានគេលើកតម្កើង ឲ្យបន្ទាបចុះវិញ
យើងមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាដុះនៅក្នុងនោះ យើងនឹងដើរជាន់លើវា ហើយនឹងដុតបំផ្លាញវាឲ្យអស់។
ដ្បិតព្រះយេហូវ៉ាមានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេជំនួសក្រុងស៊ីយ៉ូន។
ហើយពួកអ្នកដែលនឹងកើតពីអ្នកមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី អ្នកនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនតំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
ប្រសិនបើគេគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់យើង នោះគេនឹងប្រាប់ឲ្យប្រជារាស្ត្ររបស់យើង ស្តាប់ពាក្យរបស់យើងហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួន។
បើគេជាហោរាពិត ហើយបើព្រះបន្ទូលនៃព្រះយេហូវ៉ានៅជាមួយគេ នោះឲ្យគេទូលអង្វរ ដល់ព្រះយេហូវ៉ានៃពួកពលបរិវារឥឡូវនេះចុះ ដើម្បីសូមកុំឲ្យគ្រឿងប្រដាប់ដែលនៅសល់ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងដំណាក់ស្តេចយូដាដែលនៅក្រុងយេរូសាឡិម ត្រូវគេដឹកយកទៅក្រុងបាប៊ីឡូនទៀត។
យើងបានស្វែងរកមនុស្សម្នាក់ក្នុងពួកគេ ដែលនឹងសង់កំផែង ហើយឈរនៅចន្លោះបាក់បែកនៅមុខយើងជំនួសគេ ដើម្បីឲ្យយើងមិនបំផ្លាញស្រុកគេឡើយ ប៉ុន្តែ យើងរកមិនបានអ្នកណាមួយសោះ។
ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
គេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ ហើយមាសក៏គ្មានតម្លៃ ទាំងប្រាក់ ទាំងមាសរបស់គេនឹងជួយគេមិនបានឡើយ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ានោះ គេនឹងមិនស្កប់ចិត្ត ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ព្រោះរបស់នោះ ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន។
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ
ព្រះអាទិត្យនឹងប្រែទៅជាងងឹត ព្រះចន្ទនឹងទៅជាឈាម មុននឹងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់។
មានមនុស្សទាំងហ្វូង អើ មានទាំងហ្វូងនៅជ្រលងភ្នំនៃការសម្រេចទោស! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតដល់ហើយ នៅក្នុងច្រកភ្នំនៃការសម្រេចទោស!
ឥឡូវនេះ ចូរអ្នករាល់គ្នាទូលអង្វរដល់ព្រះ ដើម្បីសូមព្រះអង្គផ្តល់ព្រះគុណដល់យើង។ ការទាំងអស់នេះកើតឡើងដោយសារអ្នករាល់គ្នា ដូច្នេះ តើព្រះអង្គនឹងទទួលអ្នករាល់គ្នាដោយរាក់ទាក់ឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
មើល៍! មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់ យើងនឹងចាត់អេលីយ៉ាឲ្យមកជួបអ្នករាល់គ្នា
ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់។
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។
វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។
ដ្បិតថ្ងៃដ៏ធំនៃសេចក្ដីក្រោធរបស់ព្រះអង្គបានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?»។
មួយទៀត ចំណែកខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានសម្រាប់អ្នករាល់គ្នាឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ។