ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា នឹងអាណិតអាសូរ
បទចម្រៀងសាឡូម៉ូន 1:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទាញនាំខ្ញុំម្ចាស់ នោះយើងខ្ញុំនឹងរត់តាមទ្រង់។ (ស្តេចទ្រង់បាននាំខ្ញុំចូលទៅក្នុងបន្ទប់ទ្រង់) យើងខ្ញុំនឹងមានចិត្តអំណរ ហើយរីករាយក្នុងអង្គទ្រង់ យើងខ្ញុំនឹងនឹកចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ដល់ទ្រង់ នោះគួរណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមដើរតាមបង ហើយយើងនឹងរត់។ ស្ដេចបាននាំខ្ញុំចូលទៅក្នុងបន្ទប់របស់ទ្រង់ យើងនឹងមានអំណរ ហើយរីករាយជាមួយទ្រង់ យើងនឹងចាំពីសេចក្ដីស្រឡាញ់របស់ទ្រង់ ជាជាងស្រាទំពាំងបាយជូរ គេស្រឡាញ់ទ្រង់ នោះត្រឹមត្រូវណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។ អាល់គីតាប សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្តេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។ |
ទ្រង់បានធ្វើឲ្យមានសេចក្ដីនឹកចាំពីការអស្ចារ្យរបស់ទ្រង់ ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្តាករុណា នឹងអាណិតអាសូរ
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់ទ្រង់ ដ្បិតទ្រង់បានពង្រីកចិត្តទូលបង្គំឡើងហើយ។
ទូលបង្គំមិនបានបង្អែបង្អង់ឡើយ គឺបានប្រញាប់នឹងរក្សាអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់
គួរឲ្យពួកអ៊ីស្រាអែលរីករាយឡើងក្នុងព្រះដែលបង្កើតខ្លួន គួរឲ្យពួកកូនចៅនៃក្រុងស៊ីយ៉ូនបានត្រេកអរ ក្នុងមហាក្សត្ររបស់ខ្លួន
៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ
៙ ឱព្រះអង្គអើយ នៅកណ្តាលព្រះវិហារនៃទ្រង់ នោះយើងខ្ញុំបាននឹករំពឹងពីសេចក្ដីសប្បុរសរបស់ទ្រង់
នោះព្រលឹងទូលបង្គំនឹងបានឆ្អែត ដូចជាបានបរិភោគខួរឆ្អឹង ហើយនឹងខ្លាញ់ផង មាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
ខ្ញុំបានដើរហួសពីគេតែបន្តិចទេ ស្រាប់តែប្រទះនឹងព្រះអង្គដែលដួងចិត្តខ្ញុំស្រឡាញ់ ខ្ញុំបានចាប់អង្គទ្រង់ មិនព្រមឲ្យទ្រង់ឃ្លាតទៅឡើយ ទាល់តែខ្ញុំបាននាំចូលទៅក្នុងផ្ទះរបស់ម្តាយខ្ញុំ គឺក្នុងបន្ទប់របស់អ្នកដែលមានគភ៌បង្កើតខ្ញុំមក។
ឱប្អូន ជាប្រពន្ធអើយ សេចក្ដីស្រឡាញ់របស់នាង ល្អវិសេសណាស់ហ្ន៎ សេចក្ដីស្រឡាញ់របស់ឯងឆ្ងាញ់ជាងស្រាទំពាំងបាយជូរ ហើយក្លិនប្រេងអប់របស់ឯងក៏ក្រអូបជាងគ្រឿងក្រអូប ទាំងឡាយ
ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់ ហើយទ្រង់នឹងដកសេចក្ដីត្មះតិះដៀលចំពោះរាស្ត្រទ្រង់ពីផែនដីទាំងមូលចេញ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ។
ឯអស់ទាំងពូជពង្សនៃអ៊ីស្រាអែល នឹងបានសុចរិតក្នុងព្រះយេហូវ៉ា ហើយគេនឹងអួតសរសើរ។
នឹងចែកឲ្យដល់ពួកអ្នកដែលសោយសោក នៅក្រុងស៊ីយ៉ូនបានភួងលំអជំនួសផេះ ហើយប្រេងនៃសេចក្ដីអំណរជំនួសសេចក្ដីសោកសៅ ព្រមទាំងអាវពាក់នៃសេចក្ដីសរសើរ ជំនួសទុក្ខធ្ងន់ដែលគ្របសង្កត់ ដើម្បីឲ្យគេបានហៅថា ជាដើមឈើនៃសេចក្ដីសុចរិត គឺជាដើមដែលព្រះយេហូវ៉ាបានដាំ មានប្រយោជន៍ឲ្យទ្រង់បានថ្កើងឡើង។
ខ្ញុំនឹងថ្លែងប្រាប់ពីសេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា ហើយពីសេចក្ដីដែលគួរសរសើររបស់ទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បានប្រោសដល់យើងរាល់គ្នា នឹងសេចក្ដីសប្បុរសដ៏ជាធំ ដែលផ្តល់ដល់ពូជពង្សអ៊ីស្រាអែល ជាសេចក្ដីដែលទ្រង់បានប្រោសដល់គេតាមសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយតាមសេចក្ដីសប្បុរសដ៏ជាបរិបូររបស់ទ្រង់
ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស
អញបានទាញនាំគេដោយខ្សែជាសេចក្ដីទទូចរបស់មនុស្ស គឺដោយចំណងនៃសេចក្ដីស្រឡាញ់ អញបានធ្វើដល់គេ ដូចជាអ្នកដែលលើកបង្ហើបនឹម នៅកគោ ហើយដាក់ស្មៅនៅមុខវា។
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ
ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
តែកំពុងដែលនាងទាំងនោះទៅទិញ ប្ដីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ
តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា
រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ
ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ
គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញ នៅថ្ងៃចុងបំផុតដែរ
ហើយទ្រង់បានប្រោសឲ្យយើងរស់ឡើងវិញ ក៏ឲ្យយើងអង្គុយជាមួយនឹងព្រះគ្រីស្ទ នៅស្ថានដ៏ខ្ពស់ដែរ
សូមឲ្យព្រះគុណ បានសណ្ឋិតនៅជា១នឹងអស់អ្នកណា ដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាដោយស្មោះត្រង់។ អាម៉ែន។:៚
ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនិងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត
ដូច្នេះ ដែលមានស្មរបន្ទាល់១ហ្វូងធំម៉្លេះ នៅព័ទ្ធជុំវិញយើង នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
ដែលអ្នករាល់គ្នាមិនបានឃើញទ្រង់ទេ តែបានស្រឡាញ់ទ្រង់ ហើយទោះបើនៅជាន់ឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញទ្រង់ទៀត គង់តែមានចិត្តជឿដែរ ហើយក៏ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្ដីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន