Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

បទ​ចម្រៀង​សាឡូម៉ូន 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ចម្រៀង​មួយ​ក្នុង​ចំណោម​ចម្រៀង​ទំនុក​របស់​ស្តេច​សាឡូម៉ូន។


ការសន្ទនា​រវាង​កូន​ក្រមុំ​នឹង​មិត្ត​សម្លាញ់

2 សូមឲ្យ​ប្តី​ថើប​ខ្ញុំ​ដោយស្និតស្នាល ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា ទំពាំង‌បាយ‌ជូរ​ទៅ​ទៀត

3 ប្រេង​អប់​របស់បង​ក្រអូប​ណាស់ ហើយ​ឈ្មោះ​របស់​បង ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្ម‌ចារី​សុទ្ធ​តែ​ស្រឡាញ់​បង

4 ខ្ញុំ​សូមដើរ​តាម​បង ហើយ​យើង​នឹង​រត់។ ស្ដេច​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ទ្រង់ យើង​នឹង​មាន​អំណរ ហើយ​រីក‌រាយ​ជា‌មួយ​ទ្រង់ យើង​នឹង​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង​ស្រា​ទំពាំង‌បាយ‌ជូរ គេ​ស្រឡាញ់​ទ្រង់ នោះ​ត្រឹមត្រូវ​ណាស់។

5 ៙ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​មាន​សម្បុរ​ខ្មៅ​មែន តែ​គួរឲ្យ​ស្រឡាញ់ ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ ក៏​ដូច​ជា​វាំង‌នន​របស់​ស្តេច​សាឡូម៉ូន

6 សូម​កុំ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ ដ្បិត​ខ្ញុំ​បាន​ហាល​ថ្ងៃ​ហើយ ពួក​បង‌ប្អូន​ប្រុស​របស់​ខ្ញុំ ខឹង​នឹង​ខ្ញុំ គេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯ​ចម្ការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។

7 ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ថា ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សម្រាក​ពេល​ថ្ងៃ​ត្រង់? តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី ដែល​ត្រូវបាំង​មុខ នៅ​ជា‌មួយ​ហ្វូង​សត្វ របស់​ពួក​មិត្ត​ភក្ដិ របស់​ព្រះ‌អង្គ​ដូច្នេះ។

8 ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ បើ​មិន​ដឹង​ទេ មាន​តែ​ចេញ​ទៅ​តាម​ដាន​ជើង របស់ហ្វូង​សត្វ​ទៅ ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង ក្បែរ​ត្រសាល​របស់​ពួកគង្វាល​ចុះ។


ពាក្យផ្ដោះផ្ដង​របស់​កូន​កំលោះ មិត្ត​សម្លាញ់ និង​កូ​នក្រមុំ

9 ឱ​មាស​សម្លាញ់​អើយ យើង​បាន​ប្រៀប​ឯង​ដូច​ជា​សេះ ទឹម​រាជ‌រថ​របស់​ផារ៉ោន

10 ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ

11 យើង​នឹង​ធ្វើ​ខ្សែកមាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។

12 ៙ កំពុង​ដែល​ស្ដេច​គង់​នៅ​តុ នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​សាយ​ក្លិន​ក្រអូប​ទៅ

13 ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅដើម​ទ្រូង​របស់​ខ្ញុំ

14 ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ ដែល​ដុះ​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយ‌ជូរ ស្រុក​អេន-កេឌី។

15 ៙ មើល៍ ឯង​ស្រស់‌បស់​ល្អ មាស​សម្លាញ់​អើយ មើល៍ ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។

16 មើល៍ ទ្រង់​ក៏​ល្អ ស្ងួន​សម្លាញ់​អើយ អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់

17 ដំណេក​របស់​យើង​ខៀវ​ខ្ចី រត​ផ្ទះ​របស់​យើង​ជា​ដើម​តា‌ត្រៅ ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម