Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 111 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​អស់​ពី​ចិត្ត នៅ​ក្នុង​ចំណោម​នៃ​មនុស្ស​ទៀង​ត្រង់ ហើយ​ក្នុង​ពួក​ជំនុំ​ជន

2 អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ធំ​វិសេស គួរ​ឲ្យ​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ការ​ទាំង​នោះ បាន​ស្វែង​រក​តាម

3 ឯ​ស្នាដៃ​នៃ​ទ្រង់ នោះ​ល្អ​ប្រពៃ ហើយ​រុងរឿង​ឧត្តម សេចក្ដី​សុចរិត​របស់​ទ្រង់ ក៏​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

4 ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​នឹក​ចាំ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​មេត្តា‌ករុណា នឹង​អាណិត‌អាសូរ

5 ទ្រង់​បាន​ប្រទាន​អាហារ​ដល់​អស់​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ក៏​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ទ្រង់​ជានិច្ច​ដែរ

6 ទ្រង់​បាន​សំដែង​ព្រះ‌ចេស្តា​នៃ​ការ​ទ្រង់ ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ ដោយ​ប្រទាន​ឲ្យ​គេ​គ្រង​បាន​មរដក​នៃ​អស់​ទាំង​សាសន៍

7 អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់​សុទ្ធ​តែ​ម៉ត់‌ចត់

8 ក៏​បាន​តាំង​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ហើយ​បាន​សំរេច​ដោយ​សេចក្ដី​ពិត នឹង​សេចក្ដី​ទៀង​ត្រង់

9 ទ្រង់​បាន​ចាត់​ប្រើ​សេចក្ដី​ប្រោស​លោះ​ដល់​រាស្ត្រ​ទ្រង់ ទ្រង់​បាន​សំរេច​សេចក្ដី​សញ្ញា​ទ្រង់ ឲ្យ​នៅ​ជា​ដរាប ព្រះ‌នាម​ទ្រង់​បរិសុទ្ធ ហើយ​គួរ​គោរព

10 ឯ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម នោះ​មាន​យោបល់​ល្អ សេចក្ដី​សរសើរ​នៃ​ទ្រង់​ជាប់​នៅ​អស់‌កល្ប‌ជានិច្ច។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម