ទំនុកតម្កើង 42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ប៉ែកទី២ ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង ជាសេចក្ដីបង្រៀន។ 1 ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក 2 ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់ 3 ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។ 4 ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ 5 ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។ 6 ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន នឹងភ្នំមីតសារ 7 ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ 8 ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ 9 ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ 10 ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ ចាក់ក្នុងឆ្អឹងទូលបង្គំ ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា 11 ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia