ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។
ទំនុកតម្កើង 105:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយថា កុំឲ្យប៉ះពាល់នឹងអ្នក ដែលអញបានចាក់ប្រេងតាំងឲ្យ ហើយកុំឲ្យប្រទូសរ៉ាយដល់ពួកហោរារបស់អញឡើយ ព្រះគម្ពីរខ្មែរសាកល “កុំប៉ះពាល់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង ហើយកុំធ្វើបាបពួកព្យាការីរបស់យើងឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កុំប៉ះពាល់អស់អ្នក ដែលយើងបានចាក់ប្រេងអភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។ អាល់គីតាប «កុំប៉ះពាល់អស់អ្នក ដែលយើងបានចាក់ប្រេងតែងតាំងនេះឡើយ កុំធ្វើបាបណាពីរបស់យើងឲ្យសោះ!»។ |
ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។
រួចអ័ប៊ីម៉្មាឡិចទ្រង់ហាមដល់រាស្ត្រទាំងអស់ថា អ្នកណាដែលពាល់មនុស្សនេះឬប្រពន្ធគាត់ នោះនឹងត្រូវសំឡាប់ជាពិត
ដាវីឌសួរទៀតថា ម្តេចក៏អ្នកមិនខ្លាចនឹងលូកដៃ ទៅសំឡាប់អ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យដូច្នោះ
កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន
ហើយត្រូវចាក់ប្រេង តាំងយេហ៊ូវ ជាកូននីមស៊ីឡើង ឲ្យធ្វើជាស្តេច សោយរាជ្យលើស្រុកអ៊ីស្រាអែលដែរ ឯអេលីសេ ជាកូនសាផាត ដែលនៅអេបិល-មហូឡា នោះត្រូវចាក់ប្រេងតាំងឲ្យធ្វើជាហោរាជំនួសឯង
លោកក៏រាប់រៀបប្រាប់ដល់សេរែស ជាប្រពន្ធ នឹងពួកមិត្រសំឡាញ់ទាំងប៉ុន្មានពីអស់ទាំងការដែលបានកើតមកដល់ខ្លួន ដូច្នោះ ពួកអ្នកប្រាជ្ញរបស់លោក នឹងសេរែស ជាប្រពន្ធ ក៏និយាយទៅលោកថា បើសិនជាម៉ាដេកាយនេះជាតិជាសាសន៍យូដា ដែលលោកបានចាប់តាំងដួលនៅចំពោះគាត់ហើយ នោះលោកនឹងឈ្នះគាត់មិនបានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាពិតប្រាកដ
រួចស្តេចទ្រង់បង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក នឹងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក នឹងហោរាយេរេមាមក តែព្រះយេហូវ៉ាទ្រង់បានលាក់លោកទុក។
ចូរយកយេរេមាទៅទំនុកបំរុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ
ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ
រីឯដំណើរដែលទ្រង់ចាក់លាបឲ្យ នោះក៏នៅជាប់នឹងអ្នករាល់គ្នាពិត ហើយអ្នករាល់គ្នាមិនត្រូវការ ឲ្យអ្នកណាបង្រៀនពីការអ្វីទេ ប៉ុន្តែ ដូចជាដំណើរចាក់លាបនោះ បានបង្រៀនពីគ្រប់ការទាំងអស់ ហើយមិនមែនជាសេចក្ដីកំភូតទេ គឺជាសេចក្ដីពិតវិញ នោះត្រូវឲ្យអ្នករាល់គ្នានៅជាប់ក្នុងទ្រង់ចុះ តាមដែលដំណើរនោះបានបង្រៀនមក