ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ របា‌ក្សត្រ 13 - អាល់គីតាប អាល់គីតាប
១ របា‌ក្សត្រ 13

ការ​ដង្ហែ​ហិប​សម្ពន្ធ‌មេត្រី​ចូល​ក្រុង​យេរូ‌សាឡឹម

1 ស្តេច​ទត​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។

2 ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង​ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល និង​ជូន​ពួក​អ៊ីមុាំ​ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។

3 បន្ទាប់​មក​យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជ‌កាល​របស់​ស្តេច​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​មក​ទេ»។

4 អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។

5 ស្តេច​ទត​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​អុលឡោះ​ពី​គារយ៉ាត់‌យារីម។

6 ស្តេច​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់‌យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​អុលឡោះគឺអុលឡោះ‌តាអាឡា​ដែល​នៅ​កណ្តាល​ពួក​ម៉ាឡា‌អ៊ីកាត់មាន​ស្លាប ហើយ​ហិប​នោះ​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​ផ្ទាល់។

7 គេ​ដាក់​ហិប​របស់​អុលឡោះ​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​អ្នក​បរ​រទេះ​នោះ។

8 ស្តេច​ទត និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​សប្បាយ​រីក‌រាយ នៅ​ចំពោះ​អុលឡោះគេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។

9 កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​គីដុន លោក​អ៊ូសា លើក​ដៃ​ទៅ​ទប់​ហិប ព្រោះ​គោ​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។

10 ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​គាត់ ព្រោះ​គាត់​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​អុលឡោះ។

11 ស្តេច​ទត​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។

12 នៅ​ថ្ងៃ​នោះ​ស្តេច​ទត​ភ័យ​ខ្លាច​អុលឡោះហើយ​ប្រាប់​ថា៖ «យើង​យក​ហិប​របស់​អុលឡោះចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។

13 ស្តេច​ទត​មិន​បាន​យក​ហិប​របស់អុលឡោះ‌តាអាឡា ទៅ​ដំណាក់​នៅ​បុរី​ស្តេច​ទត​ទេ តែ​ស្តេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌ-អេដុម ជា​អ្នក​ស្រុក​កាថ។

14 ហិប​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដ-អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។

© 2014 United Bible Societies, UK.

United Bible Societies