១ របាក្សត្រ 14 - អាល់គីតាបណាពីទតនៅក្រុងយេរូសាឡឹម 1 ស្តេចហ៊ីរ៉ាមជាស្តេចក្រុងទីរ៉ុស បានចាត់អ្នកនាំសារឲ្យមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងដាប់ថ្ម និងជាងសំណង់ ដើម្បីសង់ដំណាក់មួយជូនស្តេចទត។ 2 ស្តេចទតឈ្វេងយល់ថា អុលឡោះតាអាឡាតែងតាំងគាត់ជាស្តេចលើស្រុកអ៊ីស្រអែល ហើយរាជសម្បត្តិរបស់គាត់ចំរុងចំរើន កាន់តែខ្លាំងឡើងៗ ដោយសារជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់គាត់។ 3 នៅក្រុងយេរូសាឡឹម ស្តេចទតបានយកប្រពន្ធផ្សេងៗទៀត ហើយបង្កើតបានបុត្រាបុត្រីជាច្រើន។ 4 បុត្ររបស់ស្តេច ដែលប្រសូតនៅក្រុងយេរូសាឡឹមមាននាមដូចតទៅ: សាំមួរ សូបាប់ ណាថាន ស៊ូឡៃម៉ាន 5 យីបហារ អេលីសួ អែលផាលេត 6 ណូកា នេផេក យ៉ាភា 7 អេលីសាម៉ា បេលីយ៉ាដា និងអេលីផាលេត។ ណាពីទតទទួលជ័យជំនះលើជនជាតិភីលីស្ទីន 8 កាលជនជាតិភីលីស្ទីនឮថា ស្តេចទតបានទទួលពិធីចាក់ប្រេងតែងតាំង ជាស្តេចលើស្រុកអ៊ីស្រអែល ពួកគេលើកគ្នាមកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចេញទៅតទល់នឹងពួកគេ។ 9 ជនជាតិភីលីស្ទីនមកដល់ ហើយទន្ទ្រាននៅជ្រលងភ្នំរេផែម។ 10 ស្តេចទតទូរអាសួរអុលឡោះថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ខ្ញុំឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក»។ 11 ពួកភីលីស្ទីនលើកទ័ពមកដល់បាលពេរ៉ាស៊ីម ហើយស្តេចទតក៏វាយប្រហារពួកគេនៅទីនោះ។ បន្ទាប់មកស្តេចមានប្រសាសន៍ថា៖ «អុលឡោះបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព ដោយថ្វីដៃខ្ញុំ ដូចជាទឹកបាក់ទំនប់ដែរ»។ ហេតុនេះហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “បាលពេរ៉ាស៊ីម”។ 12 កងទ័ពភីលីស្ទីនបោះបង់ចោលព្រះរបស់ពួកគេនៅទីនោះ ហើយស្តេចទតចេញបញ្ជាឲ្យគេដុតរូបព្រះទាំងនោះចោលទៅ។ 13 ជនជាតិភីលីស្ទីនបានមកទន្ទ្រាននៅជ្រលងភ្នំរេផែមសាជាថ្មី។ 14 ស្តេចទតទូរអាសួរអុលឡោះម្តងទៀត ទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។ 15 កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតអុលឡោះនាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។ 16 ស្តេចទតធ្វើតាមបញ្ជារបស់អុលឡោះស្តេចវាយឈ្នះកងទ័ពភីលីស្ទីន ហើយដេញតាមពួកគេតាំងពីក្រុងគីបៀន រហូតដល់ក្រុងកេស៊ើរ។ 17 កិត្តិនាមរបស់ស្តេចទត ក៏ល្បីខ្ចរខ្ចាយគ្រប់ស្រុក ហើយអុលឡោះតាអាឡាបានធ្វើឲ្យប្រជាជាតិទាំងអស់ស្ញែងខ្លាចស្តេចទត។ |
© 2014 United Bible Societies, UK.
United Bible Societies