១ របាក្សត្រ 12 - អាល់គីតាបនាយទាហានរបស់ណាពីទតនៅក្រុងស៊ីគឡាក់ 1 នៅគ្រាដែលស្តេចទតភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីស្តេចសូល ជាកូនរបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយស្តេចទតជានិច្ច។ 2 ពួកគេប្រដាប់ខ្លួនដោយធ្នូ ហើយស្ទាត់ជំនាញខាងបាញ់ព្រួញ ឬបាញ់ដង្ហក់ដោយប្រើដៃឆ្វេងក៏បាន ដៃស្តាំក៏បាន។ អ្នកទាំងនោះសុទ្ធតែជាសាច់ញាតិរបស់ស្តេចសូល ក្នុងកុលសម្ព័ន្ធពុនយ៉ាម៉ីន ដែលមានរាយនាមដូចតទៅ: 3 លោកមេទ័ពអហ៊ីយេស៊ើរ និងលោកមេទ័ពយ៉ូអាស់ ជាកូនរបស់លោកសេម៉ាអា អ្នកស្រុកគីបៀរ លោកយេស៊ាល និងលោកពេលេត ជាកូនរបស់លោកអាសម៉ាវែត លោកបេរ៉ាកា លោកយេហ៊ូជាអ្នកស្រុកអាណាថោត 4 លោកយីសម៉ាយ៉ាអ្នកស្រុកគីបៀន ជានាយទាហានដ៏អង់អាចក្នុងចំណោមក្រុមទាំងសាមសិប និងជាមេគេ លោកយេរេមី លោកយ៉ាហាសៀល លោកយ៉ូហាណាន លោកយ៉ូសាបាដ ជាអ្នកក្រុងកេដេរ៉ា 5 លោកអេលូសាយ លោកយេរីម៉ូត លោកបាលា លោកសេម៉ារីយ៉ា លោកសេផាធា ជាអ្នកក្រុងហារ៉ូប 6 លោកអែលកាណា លោកយីសយ៉ា លោកអសារាល លោកយ៉ូអេស៊ើរ និងលោកយ៉ាសុបៀម ជាពូជពង្សរបស់លោកកូរេ 7 លោកយ៉ូអេឡា និងលោកសេបាឌា ជាកូនរបស់លោកយេរ៉ូហាំ ជាអ្នកស្រុកកេដោរ។ 8 មានអ្នកខ្លះមកពីកុលសម្ព័ន្ធកាដ ចាកចេញពីស្រុកទៅរស់នៅជាមួយស្តេចទត ក្នុងជំរកមួយនៅវាលរហោស្ថាន។ ពួកគេជាយុទ្ធជនដ៏អង់អាចស្ទាត់ជំនាញក្នុងការធ្វើសឹកសង្គ្រាម ហើយប្រដាប់ខ្លួនដោយខែល និងលំពែង។ ពួកគេមានទឹកមុខគួរឲ្យស្ញែងខ្លាចដូចសត្វសិង្ហ ហើយរហ័សដូចសត្វប្រើសនៅលើភ្នំ។ 9 អ្នកទាំងនោះមានលោកអេស៊ើរ ជាមេលើពួកគេលោកអូបាឌាជាមេទីពីរ លោកអេលាបជាមេទីបី 10 លោកមីសម៉ាណាជាមេទីបួន លោកយេរេមី ជាមេទីប្រាំ 11 លោកអថាយជាមេទីប្រាំមួយ លោកអេលាលជាមេទីប្រាំពីរ 12 លោកយ៉ូហាណានជាមេទីប្រាំបី លោកអែលសាបាដជាមេទីប្រាំបួន 13 លោកយេរេមីជាមេទីដប់ និងលោកម៉ាបាណាយជាមេទីដប់មួយ។ 14 ពួកគេមកពីកុលសម្ព័ន្ធកាដ ហើយសុទ្ធតែជានាយទាហាន។ អ្នកអន់ខ្សោយក្នុងចំណោមពួកគេ ប្រៀបស្មើនឹងពលទាហានមួយរយនាក់ រីឯអ្នកខ្លាំងពូកែវិញ ប្រៀបស្មើនឹងពលទាហានមួយពាន់នាក់។ 15 ពួកគេបានឆ្លងទន្លេយ័រដាន់ នៅខែទីមួយ គឺនៅរដូវដែលទឹកទន្លេឡើង លិចមាត់ច្រាំងអស់ ហើយវាយអស់អ្នកដែលរស់នៅតាមជ្រលងភ្នំទាំងខាងកើត ទាំងខាងលិច ឲ្យបាក់ទ័ពទៀតផង។ 16 ក្នុងចំណោមកុលសម្ព័ន្ធពុនយ៉ាម៉ីន និងកុលសម្ព័ន្ធយូដា ក៏មានអ្នកខ្លះទៅតាមស្តេចទត រហូតដល់ជំរកនោះដែរ។ 17 ស្តេចទតចេញមកទទួលពួកគេ ហើយមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកណាមករកខ្ញុំដោយសន្តិភាព ដើម្បីជួយខ្ញុំនោះ ខ្ញុំសូមទទួលអ្នកនោះយ៉ាងស្មោះអស់ពីចិត្ត។ ប៉ុន្តែ ប្រសិនបើអ្នកណាមកបន្លំខ្លួន ធ្វើការឲ្យបច្ចាមិត្តរបស់ខ្ញុំ ទោះបីខ្ញុំមិនធ្វើបាបអ្នកនោះក្តី ក៏សូមអុលឡោះជាម្ចាស់នៃបុព្វបុរសរបស់ពួកយើងធ្វើជាសាក្សី ហើយដាក់ទោសអ្នកនោះចុះ!»។ 18 ពេលនោះ រសរបស់អុលឡោះក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់គាត់ពោលថា៖ «ស្តេចទត ជាកូនរបស់លោកអ៊ីសាយអើយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្តូរផ្តាច់នៅជាមួយ ស្តេចហើយ។ សូមឲ្យសេចក្តីសុខសាន្តកើតមានដល់ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច! ដ្បិតអុលឡោះជាម្ចាស់របស់ស្តេច បានជួយស្តេចហើយ!»។ ស្តេចទតក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់គាត់។ 19 ក្នុងកុលសម្ព័ន្ធម៉ាណាសេ មានទាហានមកសុំចុះចូលខាងស្តេចទត ក្នុងពេលដែលស្តេចលើកទ័ពចេញទៅជាមួយពួកភីលីស្ទីន ដើម្បីច្បាំងនឹងស្តេចសូល។ ប៉ុន្តែ ទ័ពរបស់ស្តេចទតពុំបានចូលរួមច្បាំងទេ ព្រោះពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីន បានពិគ្រោះគ្នាបញ្ជូនទ័ពរបស់ស្តេចទត ឲ្យវិលត្រឡប់ទៅវិញពួកគេគិតថា៖ «បើស្តេចទតចូលដៃជាមួយស្តេចសូលជាចៅហ្វាយរបស់គេ នោះពួកគេមុខជាបំផ្លាញយើងទាំងអស់គ្នាមិនខាន!»។ 20 នាយទាហានពីកុលសម្ព័ន្ធម៉ាណាសេ ដែលបានមកសុំចុះចូលខាងទត ក្នុងពេលដែលវិលត្រឡប់ទៅស៊ីគឡាក់វិញ មានលោកអ័ឌណា លោកយ៉ូសាបាដ លោកយេឌីអែល លោកមីកែល លោកយ៉ូសាបាដ លោកអេលីហ៊ូវ និងលោកស៊ីលតាយ។ អ្នកទាំងនោះសុទ្ធតែជាមេលើកងពលធំ ក្នុងកុលសម្ព័ន្ធម៉ាណាសេ។ 21 ពួកគេដឹកនាំកងពលជួយស្តេចទតក្នុងការច្បាំង ដ្បិតពួកគេសុទ្ធតែជាមនុស្សពូកែអង់អាច។ ក្រោយមក ពួកគេធ្វើជាមេបញ្ជាការកងពលរបស់ស្តេចទត។ 22 រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងស្តេចទត ដើម្បីជួយជាកម្លាំង ហេតុនេះកងទ័ពរបស់ស្តេចទត ក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់អុលឡោះដែរ។ នាយទាហានរបស់ណាពីទត មកពីក្រុងហេប្រូន 23 អស់អ្នកដែលបានមករួបរួមជាមួយស្តេចទត នៅក្រុងហេប្រូន ដើម្បីផ្ទេររាជសម្បត្តិរបស់ស្តេចសូល ជូនស្តេចទតស្របតាមបញ្ជារបស់អុលឡោះតាអាឡា គឺអ្នកដែលអាចបម្រើកងទ័ពបានមានចំនួនដូចតទៅ: 24 ក្នុងកុលសម្ព័ន្ធយូដា ទាហានដែលកាន់ខែល និងកាន់លំពែង ហើយប្រុងប្រៀបខ្លួនចេញទៅច្បាំងបានមាន ៦ ៨០០ នាក់។ 25 ក្នុងកុលសម្ព័ន្ធស៊ីម្មានមាន ៧ ១០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច។ 26 ក្នុងកុលសម្ព័ន្ធលេវីមានទាហាន ៤ ៦០០ នាក់ 27 ព្រមទាំងលោកយេហូយ៉ាដា ជាមេដឹកនាំនៃអំបូររបស់ណាពីហារូន និងទាហាន ៣ ៧០០ នាក់ ដែលនៅជាមួយគាត់។ 28 បន្ទាប់មកមានអ៊ីមុាំសាដុក ជាយុវជនពូកែអង់អាច និងមេបញ្ជាការម្ភៃពីររូបទៀត ក្នុងក្រុមគ្រួសាររបស់គាត់។ 29 ក្នុងកុលសម្ព័ន្ធពុនយ៉ាម៉ីន ដែលជាសាច់ញាតិរបស់ស្តេចសូល មានទាហាន ៣ ០០០ នាក់។ មកទល់ពេលនោះ ពួកគេមួយចំនួនធំនៅស្មោះត្រង់នឹងរាជវង្សរបស់ស្តេចសូល។ 30 ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមមាន ២០ ៨០០ នាក់ ដែលសុទ្ធតែជាវីរជនដ៏ពូកែអង់អាច ហើយមានឈ្មោះល្បីក្នុងក្រុមគ្រួសាររបស់ពួកគេផង។ 31 ក្នុងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល មានទាហាន ១៨ ០០០ នាក់ ជាអ្នកដែលគេចាត់ឲ្យទៅប្រកាសតែងតាំងទត ជាស្តេច។ 32 ក្នុងកុលសម្ព័ន្ធអ៊ីសាខារ មានមេបញ្ជាការ ២០០នាក់ និងពលទាហានដែលនៅក្រោមបង្គាប់របស់ពួកគេ។ អ្នកទាំងនោះសុទ្ធតែចេះសំគាល់មើលពេលវេលា ហើយដឹងថាតើជនជាតិអ៊ីស្រអែលត្រូវធ្វើដូចម្តេចខ្លះ។ 33 ក្នុងកុលសម្ព័ន្ធសាប់យូឡូនមាន ៥០ ០០០នាក់ ជាទាហានដែលបានហ្វឹកហាត់ សម្រាប់ចេញទៅច្បាំង។ ពួកគេប្រដាប់អាវុធគ្រប់ប្រភេទ ហើយមានចិត្តមោះមុតត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសឹកសង្គ្រាម។ 34 ក្នុងកុលសម្ព័ន្ធណែបថាលី មាននាយទាហាន ១០០០ នាក់ និងពលទាហាន ៣៧ ០០០ នាក់ ប្រដាប់ដោយខែល និងលំពែង។ 35 ក្នុងកុលសម្ព័ន្ធដាន់ មានទាហាន ២៨ ៦០០ នាក់ ត្រៀមចេញទៅច្បាំង។ 36 ក្នុងកុលសម្ព័ន្ធអេស៊ើរមានទាហាន ៤០ ០០០ នាក់ ដែលថ្នឹកក្នុងចំបាំង ហើយប្រុងប្រៀបខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ 37 នៅខាងកើតទន្លេយ័រដាន់ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត មានទាហានទាំងអស់ ១២០ ០០០ នាក់ ប្រដាប់ដោយអាវុធគ្រប់ប្រភេទ។ 38 អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចំបាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីតែងតាំងទតជាស្តេចលើជនជាតិអ៊ីស្រអែលទាំងមូល។ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងទតជាស្តេចដែរ។ 39 ពួកគេស្នាក់នៅក្រុងហេប្រូន ជាមួយស្តេចទតចំនួនបីថ្ងៃ ហើយបងប្អូនរបស់ពួកគេបានរៀបចំជប់លៀងទទួល។ 40 អស់អ្នកដែលស្ថិតនៅតំបន់ជិតខាងនោះ រហូតដល់ទឹកដីអ៊ីសាខារ សាប់យូឡូន និងណែបថាលី បានដឹកស្បៀងអាហារមកដោយផ្ទុកលើខ្នងលា អូដ្ឋ លាកាត់ និងគោ គឺមានម្សៅ ដំណាប់ឧទុម្ពរ ទំពាំងបាយជូរក្រៀម ស្រាទំពាំងបាយជូរ ប្រេង និងសាច់គោ សាច់ចៀមយ៉ាងច្រើនបរិបូរណ៍ ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលមានអំណរសប្បាយដ៏លើសលប់។ |
© 2014 United Bible Societies, UK.
United Bible Societies